អានតួអត្ថបទ
ឥណ្ឌូណេស៊ី

កូវីដ ៖ ឥណ្ឌូណេស៊ី បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ ប្រធានាធិបតី​ទទួល​ការ​ចាក់ថ្នាំ​មុន​គេ

​ឥណ្ឌូណេស៊ី បានផ្តើម​​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅថ្ងៃ​ពុធ​ទី ១៣​មករា២០២១។ ជា​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ដែល​ឥណ្ឌូណេស៊ីគ្រោង​ចាក់​ជូន​ពលរដ្ឋ​ប្រមាណ​ជាង​១៨២​លាន​នាក់ ក្នុង​ចំណោម​ប្រជាជនឥណ្ឌូណេស៊ី​សរុប​ជិត​២៧០​លាននាក់។ លោកប្រធានាធិបតី ចូកូ វីដូដូ បាន​ទទួល​ការ​​​ចាក់ថ្នាំ​បង្ការមុន​គេ និងបានអះអាង​​ថាថ្នាំ​វ៉ាក់សាំងជា​អាវុធ​កាត់​ផ្តាច់​ការ​ចម្លង​​ ​ជំងឺ​កូវីដ​១៩​ ដែល​កំពុង​ធ្វើ​ការ​​រាតត្បាតយ៉ាង​លឿន​ក្នុង​ប្រទេស។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី ទទួលការ​ចាក់​ថ្នាំ​​បង្ការ​ប្រឆាំង​នឹងកូវីដ១៩ ថ្ងៃទី ១៣​មករា ២០២១
ប្រធានាធិបតី​ឥណ្ឌូណេស៊ី ទទួលការ​ចាក់​ថ្នាំ​​បង្ការ​ប្រឆាំង​នឹងកូវីដ១៩ ថ្ងៃទី ១៣​មករា ២០២១ HANDOUT Indonesia's Presidential Palace/AFP
ផ្សាយពាណិជ្ជកម្ម

“ជាការ​ចាក់​ថ្នាំប​ង្ការ​ដ៏​សំខាន់​ដើម្បី​កាត់​ផ្តាច់​ខ្សែ​ចម្លង​របស់​មេរោគ​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩ និង​ ដើម្បី​ផ្តល់​ការ​ការពារ​សុខភាព និង​ផ្តល់​សុវត្ថិភាព​​ដល់​ពលរដ្ឋឥណ្ឌូណេស៊ី​​គ្រប់រូប” នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូកូ វីដូដូ ទៅ​កាន់​អ្នក​សារព័ត៌មាន នាឱកាស​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការជំងឺ​កូវីដ​​១៩​​ នៅ​វិមានប្រធានាធិបតី។  ​

ពិធី​ចាក់​ថ្នាំបង្ការ​​ជូន​ប្រធានាធិបតី ដែល​មាន​អាយុ​៥៩​ឆ្នាំ ព្រមទាំង​រដ្ឋមន្ត្រីក្រសួង​​សុខាភិបាល ​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​-សាសនា​ និង​មេដឹកនាំ​ក្រុមហ៊ុន ត្រូវ​បាន​ផ្សាយ​បន្តផ្ទាល់​តាមកញ្ចក់​ទូរទស្សន៍​ជាតិ​ទៀត​ផង។

បុគ្គលិក​សុខាភិបាល និងពលរដ្ឋ​ក្រុម​ប្រឈម​ មាន​អាទិភាព​ទទួល​ថ្នាំ​បង្ការ​មុន​គេ។ យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការដែល​មាន​រយៈ​ពេល​១៥​ខែ អាច​ចាប់​ផ្តើមបាន បន្ទាប់​ពី​ភ្នាក់ងារ​គ្រប់គ្រង​ឱសថ​ ​បាន​ផ្តល់ការយល់ព្រម​ឱ្យប្រើប្រាស់​ថ្នាំ​បង្ការ​ប្រឆាំងនឹង​កូវីដ​១៩​ របស់​ក្រុមហ៊ុន​ចិន Sinovac។

ប៉ុន្តែ​យុទ្ធនាការចាក់​ថ្នាំ​បង្ការ​ក្នុង​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ដ៏​ធំ​ជាងគេនៅ​លើ​ពិភពលោក កាន់តែ​ត្រូវ​បាន​​សម្រួល​ទៀត​ ដោយ​​កាលពី​សប្តាហ៍​មុន អាជ្ញាធរសាសនា​ដ៏​កំពូល​នៅ​ឥណ្ឌូណេស៊ី បាន​ប្រកាស​ថា​ថ្នាំ​បង្ការ​ប្រឆាំង​កូវីដ១៩ របស់​ក្រុមហ៊ុន​ចិន មាន​លក្ខណៈ​ Halal ពោល​ផលិត​ឡើង​តាម​ក្បួន​ខ្នាត​សាសនា​អ៊ីស្លាម​។ ថ្នាំ​បង្ការនេះ​ ​បាន​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​សាកល្បង​​ទាំង​បី​ដំណាក់​កាល​នៅ​ក្នុង​ប្រទេសឥណ្ឌូណេស៊ី តែមាន​ប្រសិទ្ធភាព​ត្រឹម​តែ​៦៥,៣%​ ប៉ុណ្ណោះ។

តាមគម្រោង​ ឥណ្ឌូណេស៊ី បាន​បញ្ជា​ទិញ​​ថ្នាំ​បង្ការ​កូវីដ១៩ ចំនួន ៣៣០​លានដូស ក្នុង​នោះ​១២៥​លាន​ដូស​ជា​ថ្នាំ​របស់​ក្រុមហ៊ុន​ចិន Sinovac។ ហ្សាការតា ក៏​បាន​ចុះ​ហត្ថលេខាសន្យា​ទិញ​ថ្នាំ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អង់គ្លេស  AstraZeneca, Pfizer/BioNTech និងSinopharm តែ​ក្នុង​បរិមាណ​តិច​តួច ហើយ​ទើប​ទទួល​បានប្រមាណ​មួយ-ពីរ​លាន​ដូស​ប៉ុណ្ណោះ​ នៅ​ពេលនេះ។

នៅ​ទ្វីបអាស៊ី ឥណ្ឌូណេស៊ី ជា​ប្រទេសរងគ្រោះកូវីដ​១៩​ខ្លាំង​ជាង​គេ​ទី​ពីរ បន្ទាប់​ពី​ឥណ្ឌា។ ជា​ផ្លូវការ​ឥណ្ឌូណេស៊ី​រាប់​មាន​ឃើញ​មាន​អ្នក​ស្លាប់​ចំនួន​ជិត២៥០០០នាក់ និង​ឆ្លងជាង​៨សែន​៥ម៉ឺននាក់។ ប៉ុន្តែស្ថិតិ​នេះ​​ទំនង​តិច​ជាង​ការ​ពិត​ឆ្ងាយ​ណាស់​ព្រោះ​ពុំ​សូវ​មាន​ការ​ធ្វើ​តេស្តទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ