អានតួអត្ថបទ
អូស្រ្តាលី-អាស៊ីអាគ្នេយ៍-គ្រឿងញៀន

មេក្លោង​ជួញដូរ​គ្រឿងញៀន​នៅ​អាស៊ី ត្រូវ​នគរបាល​ចាប់ខ្លួន​នៅ​អាំស្ទែរដាំ

បុរសម្នាក់ដែលគេសង្ស័យថា ជាមេក្លោងជួញដូរគ្រឿងញៀនដ៏ធំបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវ​បាន​នគរបាល​ហូឡង់ ចាប់ខ្លួន​នៅក្រុង​អាំស្ទែរដាំ កាលពី​ថ្ងៃសុក្រ​ទី​២២មករា។ អាជ្ញាធរអូស្រ្តាលី ដែលបានតាមចាប់ជននេះ ជាច្រើនឆ្នាំមកហើយ បាន​ជូនដំណឹងនៅថ្ងៃអាទិត្យ​នេះ​ថា គេបាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ហូឡង់ ប្រគល់ខ្លួន​ជននេះមកឲ្យ​អូស្ត្រាលី។

លិខិតឆ្លងដែនកាណាដា របស់ជនឈ្មោះ Tse Chi Lop ដែលជា​មេក្លោង​ជួញដូរគ្រឿងញៀននៅតំបន់អាស៊ី។
លិខិតឆ្លងដែនកាណាដា របស់ជនឈ្មោះ Tse Chi Lop ដែលជា​មេក្លោង​ជួញដូរគ្រឿងញៀននៅតំបន់អាស៊ី។ © REUTERS
ផ្សាយពាណិជ្ជកម្ម

ជនឈ្មោះ Tse Chi Lop អាយុ៥៧ឆ្នាំ មាន​ដើមកំណើតចិន កាន់លិខិតឆ្លងដែនកាណាដា ត្រូវ​បាននគរបាល​ហូឡង់ ចាប់ខ្លួននៅ​ព្រលាន​យន្តហោះ Schipol ក្រុងអាំស្ទែរដាំ កាលពីថ្ងៃទី​២២មករា។

ការិយាល័យ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៃអង្គការសហប្រជាជាតិ បានចាត់ទុកជននេះថា គឺជាមេក្លោង​នៃបណ្តាញ​ជួញដូរគ្រឿងញៀនដ៏ធំបំផុត នៅតំបន់អាស៊ីគ្នេយ៍។ បណ្តាញឧក្រិដ្ឋដ៏ធំនេះ ​ឈ្មោះថា « Sam Gor » ដែល​ធ្វើសកម្មភាព ជួញដូរចែកចាយថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន (Méthamphétamines) ហើយ​បន្ទាប់មកទៀត ធ្វើសកម្មភាពលាងលុយក្រខ្វក់ តាមរយៈ ការបង្កើត​កាស៊ីណូបនល្បែង ក្លឹបកំសាន្ត សណ្ឋាគារ និងក្រុមហ៊ុន​សំណង់​អចលនទ្រព្យនានា នៅតាមក្នុង​តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសតាម​ប្រទេសតំបន់​ដងទន្លេមេគង្គ។

ភាគច្រើនបំផុតនៃថ្នាំញៀនម៉េតំហ្វេតាមីន ជួញដូរដោយ​បណ្តាញនេះ គឺផលិត​នៅ​តំបន់ត្រីកោណមាស ព្រំដែន​រវាង​ភូមា ថៃ និងឡាវ។ មេតំហ្វេតាមីន គឺជាថ្នាំញៀនកែច្នៃ ស្ថិតក្នុងអំបូរសារធាតុញៀនអំហ្វេតាមីន តែមេតំហ្វេតាមីន មាន​ឥទ្ធិពល​ញៀនខ្លាំង និងយូរជាង។ មេតំហ្វេតាមីន អាចមានឈ្មោះហៅក្រៅ​ច្រើន​ផ្សេងទៀត ដូចជា Yama Yaba Crack ឬ ម៉ាទឹកកក ជាដើម។

អូស្ត្រាលី គឺជាប្រទេស​បានទទួលរងនូវការចាក់បញ្ចូលថ្នាំញៀនប្រភេទនេះ ច្រើនបំផុត។ នៅរវាងឆ្នាំ​២០១២-២០១៣ សមត្ថកិច្ចអូស្រ្តាលី បាន​បើកប្រតិបត្តិការ​បង្រ្កាប​ ហើយឈានទៅចាប់​ខ្លួន​មនុស្ស​ចំនួន​២៧នាក់ នៅទីក្រុងមែលបូន ដែលជាសមាជិកនៃបណ្តាញ « Sam Gor »។ ក្នុងប្រតិបត្តិការនេះ នគរបាល​អូស្ត្រាលី​បានរឹបអូសបាន អល្លង្ការ សម្ភារៈ កាបូបម៉ាក និងសាច់ប្រាក់សុទ្ធ មានតម្លៃសរុបប្រមាណ​៩លានដុល្លារអូស្ត្រាលី។

ការចាប់ខ្លួនជន​ឈ្មោះ Tse Chi Lop ដែលគេស្គាល់ថាជាមេក្លោងធំនាពេលនេះ គឺជាការបោះជំហានទៅមុខដ៏សំខាន់ នៅក្នុងយុទ្ធនាការ​កំទេចបណ្តាញ « Sam Gor »។ រដ្ឋាភិបាលអូស្ត្រាលី បានជូនដំណឹងនៅថ្ងៃអាទិត្យ​ទី​២៤មករានេះថា គេ​នឹងរៀបចំឯកសារ សុំឲ្យ​អាជ្ញាធរ​ហូឡង់ ប្រគល់ខ្លួនជន​ឈ្មោះ Tse Chi Lop ដើម្បី​យកទៅកាត់ទោស​នៅអូស្ត្រាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ