អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ភេរវកម្មអត្តឃាតប្រឆាំងវិហារកាតូលិកបានបណ្តាលឲ្យរបួសយ៉ាងតិច ១៤នាក់

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី អំពើភេរវកម្ម​អត្តឃាត​ប្រឆាំង​នឹង​វិហារ​សាសនា​កាតូលិក​មួយ​ស្ថិត​ក្នុង​ស្រុក​ម៉ាកាសា​នៃ​ខេត្ត​ស៊ូឡាវ៉េស៊ី​នា​ប៉ែក​ខាង​កើត​ប្រទេស​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​យ៉ាង​តិច ១៤នាក់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី២៨ មីនា។ តាម​ប៉ូលិស មាន​ភេរវជន​ចំនួន ២នាក់​បាន​ជិះ​ម៉ូតូ​ដោយ​ទាញ​បំផ្ទុះ​គ្រាប់បែប​ជាប់​នឹង​ខ្លួន​គេ​នៅ​ពេល​ដែល​ក្រុម​គ្រិស្តបរិស័ទ​កំពុង​ដើរ​ចេញ​ពី​វិហារ។ គួរ​បញ្ជាក់​ថា ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដែល​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ច្រើន​ជាង​គេ​លើ​លោក ហើយ​កន្លង​មក វិហារកាតូលិក​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​ក្រុម​អ៊ីស្លាមនិយមជ្រុល។

នៅឥណ្ឌូណេស៊ី ភេរវកម្មអត្តឃាតប្រឆាំងវិហារកាតូលិកបានបណ្តាលឲ្យរបួសយ៉ាងតិច ១៤នាក់ក្នុង​ថ្ងៃទី២៨ មីនា ឆ្នាំ ២០២១។
នៅឥណ្ឌូណេស៊ី ភេរវកម្មអត្តឃាតប្រឆាំងវិហារកាតូលិកបានបណ្តាលឲ្យរបួសយ៉ាងតិច ១៤នាក់ក្នុង​ថ្ងៃទី២៨ មីនា ឆ្នាំ ២០២១។ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ពេល​ដែល​ក្រុម​គ្រិស្តបរិស័ទ​បាន​បញ្ចប់​ពិធី​សូត្រ​ធម៌ និង​កំពុង​ដើរ​ចេញ​ពី​វិហារ​ដែល​ក្រុម​ភេរវជន​បាន​ធ្វើ​សកម្មភាព។ តាម​អ្នកនាំពាក្យ​ប៉ូលិសជាតិ​ឥណ្ឌូណេស៊ី​លោក​អាហ្កូ យូវ៉ូណូ ភេរវជន​ចំនួន ២នាក់​ដែល​ជិះ​ម៉ូតូ​បាន​ព្យាយាម​បើក​ម៉ូតូ​ចូល​ក្នុង​បរិវេណ​វិហារ និង​បាន​ទាញ​បំផ្ទុះ​គ្រាប់បែក​ជាប់​នឹង​ខ្លួន​គេ។ លោក​យូវ៉ូណូ​បាន​បញ្ជាក់​ថា កម្លាំងផ្ទុះ​បាន​កម្ទេច​ម៉ូតូ​ខ្ទេចខ្ទីរ ហើយ​មាន​បំណែក​ខ្លួន​ភេរវជន​រាយប៉ាយ​នៅ​ពេញ​ដី។ អ្នក​នាំ​ពាក្យ​ប៉ូលិស​រូប​នេះ​ដដែល​បាន​បន្ថែម​ថា ប៉ូលិស​បាន​​ប្រមូល​យក​បំណែក​ខ្លួន​ភេរវជន​ទៅ​វិភាគ​ដើម្បី​រក​ភេទ​របស់​ភេរវជន​អត្តឃាត។ បើ​តាម​ប៉ូលិស​ខេត្ត​ស៊ូឡាវ៉េស៊ី មាន​ភេរវជន​ម្នាក់​យ៉ាង​តិច​បាន​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ តែ​លោក​យូវ៉ូណូ​មិន​បាន​បញ្ជាក់​លើ​ព័ត៌មាន​នេះ​ទេ។ ចំណែក​ចៅហ្វាយ​ស្រុក​ម៉ាកាសា​បាន​អះអាង​ថា មាន​បំណែក​ខ្លួន​មនុស្ស​ជា​ច្រើន​នៅ​រាយប៉ាយ​ក្បែរ​វិហារ និង​នៅ​តាម​ផ្លូវ​ក្បែរ​នោះ។

តើ​បំណែក​ខ្លួន​មនុស្ស​ទាំង​នោះ​សុទ្ធសឹង​ជា​បំណែក​ខ្លួន​ភេរវជន​អត្តឃាត ឬ?។ ប៉ូលិស​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទេ តែ​គ្រាន់​បញ្ជាក់​ថា មាន​គ្រិស្តបរិស័ទ​យ៉ាង​តិច ១៤នាក់​បាន​រងរបួស និង​មិន​បាន​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ពួក​គេ​នៅ​ឡើយ​ទេ។ តាម​អ្នក​ថតរូប​ម្នាក់​របស់ AFP កម្លាំង​ផ្ទុះ​ក៏​បាន​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​ចត​នៅ​ក្បែរ​វិហារ​នោះ។ គួរ​រម្លឹក​ថា​កន្លង​មក វិហារកាតូលិក​នៅ​ឥណ្ឌូណេស៊ី​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​ពី​ពួក​អ៊ីស្លាម​ជ្រុលនិយម។ ជាក់ស្តែង​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៨ ការ​វាយប្រហារ​បង្ក​ឡើង​ដោយ ៣គ្រួសារ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​សរុប ១៥នាក់ និង​មាន​ស្លាប់​ជនដៃដល់​ចំនួន ១៣នាក់។ គ្រួសារ​ទាំង ៣ នេះ​មាន​ចំណង​ទាក់ទង​ជាមួយ​ចលនា​ជ្រុលនិយម Jamaah Ansharut ដែល​គេ​ស្គាល់​ជា​ចលនា​គាំទ្រ​អង្គការ​រដ្ឋអ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ