អានតួអត្ថបទ
ជប៉ុន-កូវីដ-កីឡាអូឡាំពិក

ជប៉ុន​ប្រកាស​ភាព​អាសន្ន​កូវីដ​ នៅ​៣​ខែ​មុន​ព្រឹត្តិការណ៍​អូឡាំពិក

ប្រទេស​ជប៉ុនបាន​ប្រកាស​នៅថ្ងៃ​សុក្រ​ ទី២៣​ មេសា​ ដាក់​ទី​ក្រុងតូក្យូ​ និង​តំបន់​ចំនួន​បី​ផ្សេង​ទៀត​ក្នុង​ភាព​អាសន្ន​ជា​ថ្មី​ ដោយសារ​កំណើន​ករណី​ឆ្លង​កូវីដ​។​ នៅខណៈនេះ អាជ្ញាធរ​ជប៉ុន​កំពុង​តែ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្នុងការ​ប្រយុទ្ធ​ទល់​នឹង​ការ​ឆ្លង​រាតត្បាត​កូវីដ​ ជាពិសេស​នៅមុន​ព្រឹត្តិការណ៍កីឡា​អូឡាំពិកដែល​នឹង​ត្រូវ​បើក​ជា​ផ្លូវការហើយក្នុងរយៈពេល ៣ ខែទៀត​។

នាយករដ្ឋមន្រ្តីជប៉ុនលោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កាថ្លែងស្តីពីស្ថានភាពអាសន្នកូវីដសម្រាប់ទីក្រុងតូក្យូ និងតំបន់ ៣ ផ្សេងទៀតក្នុងពេលប្រជុំជាមួយក្រុមការងារពិសេស នៅការិយាល័យនាយករដ្ឋមន្ត្រី ក្នុងទីក្រុងតូក្យូ នៅថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២១ ។
នាយករដ្ឋមន្រ្តីជប៉ុនលោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កាថ្លែងស្តីពីស្ថានភាពអាសន្នកូវីដសម្រាប់ទីក្រុងតូក្យូ និងតំបន់ ៣ ផ្សេងទៀតក្នុងពេលប្រជុំជាមួយក្រុមការងារពិសេស នៅការិយាល័យនាយករដ្ឋមន្ត្រី ក្នុងទីក្រុងតូក្យូ នៅថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២១ ។ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

នេះ​គឺជា​ការ​ប្រកាស​ភាពអាសន្នកូវីដ​លើកទី៣ហើយ​សម្រាប់​ទីក្រុង​តូក្យូ និងតំបន់​​​បីផ្សេងទៀត​។ តាមពិតទៅ​ ករណី​ឆ្លង​រាលដាលកូវីដ​នៅក្នុង​ប្រទេស​ជប៉ុន​មាន​ចំនួន​តិច​ជាងឆ្ងាយ​ បើប្រៀប​ធៀប​នឹង​ប្រទេសជាច្រើន​ទៀត​។ ក៏ប៉ុន្តែ​ កំណើន​ករណី​ឆ្លង​ជាងមុន​ចុងក្រោយនេះ​ បានធ្វើឲ្យ​មន្រ្តី និង​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្រ្ត​ជប៉ុន​មានការ​ព្រួយ​បារម្ភ​ ព្រោះថាព្រឹត្តិការណ៍​ប្រកួត​កីឡាអូពិក​រដូវ​ក្តៅ​នៅតូក្យូ​ខិតកៀក​មក​ដល់ខ្លាំង​ហើយ​។​

"នៅថ្ងៃសុក្រនេះ​ យើង​បាន​សម្រេច​ប្រកាស​ពី​ភាពអាសន្នកូវីដ​នៅក្នុង​ទីក្រុងតូក្យូ​ ក្យូតុ​ អូសាកា​ និង​ហ៊ីយោហ្គូ​”។ នេះ​គឺជាប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ យ៉ូស្ហ៊ីហ៊ីដេ​ ស៊ូហ្កា​ ដោយបញ្ជាក់ថាវិធានការខាងលើ​នឹង​ចាប់​ផ្តើម​ចាប់​ពី​ថ្ងៃទី​ ២៥ មេសា​ ដល់ថ្ងៃទី​ ១១ ខែឧសភា​។

សេចក្តីប្រកាស​របស់​រដ្ឋាភិបាល​ជប៉ុននេះ​ ធ្វើឡើង​ក្នុង​គោលបំណង​ បញ្ឈប់​ពលរដ្ឋ​មិន​ឲ្យដើរហើរ​ និង​ចម្លង​មេរោគ​កូរ៉ូណាវីរុស​ ក្នុង​អំឡុង​ពេល​វិស្សមកាល​ "សប្តាហ៍​មាស" (Golden Week) របស់​ប្រទេស​ជប៉ុន​ ដែល​នឹង​ចាប់ពី​ចុងខែមេសា​ដល់សប្តាហ៍​ដំបូង​នៃ​ខែឧសភា​។

គួរជ្រាបថា​ ស្ថានភាពអាសន្នកូវីដ​នឹងបិទបញ្ចប់នៅថ្ងៃទី១១ ឧសភា ​ពោលគឺនៅ​មុន​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ​លោក Thomas Back ទៅកាន់​ប្រទេស​ជប៉ុន។ ការណ៍នេះ​បានធ្វើឲ្យ​មាន​មន្ទិលសង្ស័យថា​ រដ្ឋាភិបាល​របស់​លោក​ស៊ូហ្កា​ កំពុង​ផ្តល់អាទិភាពដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក​ ជាជាងសុខភាព​របស់​ប្រជាជន​។

ក្រុមអ្នកជំនាញបារម្ភ​ចំពោះកំណើនករណីឆ្លងកូវីដ​បណ្តាលមកពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ដែលបាន​រីករាលដាល​យ៉ាងឆាប់រហ័សនៅទូទាំងប្រទេសជប៉ុន​។ មេរោគប្រភេទថ្មីនេះ​មាន​ឥទ្ធិពល​និង​អាចចម្លងលឿនខ្លាំង​ជាងមេរោគបំប្លែងខ្លួន​ដែលរកឃើញនៅអង់គ្លេស​។

មន្ត្រីជប៉ុនខ្លះ​ចង់​ឲ្យ​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​តឹងរ៉ឹង​ជាងនេះ​ ពីព្រោះ​ម្យ៉ាង​ករណី​ឆ្លង​ថ្មី​មាន​ច្រើន​ ហើយនៅ​តាមមន្ទីរពេទ្យមួយចំនួន​ចេញហៀហូរ​ទៅដោយ​អ្នកជំងឺ​។ ម្យ៉ាងទៀត​ រដ្ឋាភិបាល​ ក៏មាន​ភាពយឺតយ៉ាវ​ដែរក្នុងការ​ចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​ជូនប្រជាជន​ មុន​ការ​ប្រកួត​កីឡា​អូឡាំពិក​ចាប់ផ្តើមនាថ្ងៃទី​ ២៣ ខែកក្កដា។

យ៉ាងណាក៏ដោយ មានបាន​អះអាងថា​ ស្ថានការណ៍​បច្ចុប្បន្ន​ នឹង​មិន​ប៉ះពាល់​ដល់​ការ​រៀប​ចំសម្រាប់ព្រឹត្តិការណ៍អូឡាំពិកនោះទេ​។ ប្រធាន​រៀបចំ​កីឡា​អូឡាំពិកតូក្យូ​ឆ្នាំ​ ២០២០​ អ្នក​ស្រី​សៃកូ​ ហាស្ហ៊ីម៉ូតុ​ (Seiko Hashimoto)  បានប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃសុក្រនេះថា គេ​មិនបាន​គិតទេ អំពី​ការ​លុបចោល​ព្រឹត្តិការណ៍​កូឡាំពិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ