អានតួអត្ថបទ
តុលាការឥណ្ឌូណេស៊ីប្រើវីដេអូZoom

តុលាការ​ឥណ្ឌូណេស៊ី​កាត់ទោស​ប្រហារជីវិត​អ្នកទោស ដោយប្រើ​ប្រព័ន្ធវីដេអូ Zoom

រក្សា​គម្លាតសង្គម កាត់បន្ថយ​ការជួបជុំគ្នា ដើម្បី​ទប់ស្កាត់​ការឆ្លងរីករាលដាល​ជំងឺកូវីដ​១៩។ វិធានការ​រក្សា​គម្លាត សង្គម ក្នុង​កាលៈទេសៈ កូវីដ ១៩​មិន​បាន​ធ្វើ​ឲ្យ​តុលាការ​ឥណ្ឌូណេស៊ី កាត់បន្ថយ ការងារ​របស់ខ្លួន​នោះទេ។ ទោះ​ជា​ត្រូវ​រក្សា​គម្លាតសង្គម ដើម្បី កុំ​ឲ្យ​ឆ្លងជំងឺកូវីដ តុលាការ​ឥណ្ឌូណេស៊ី នៅ​សម្រេច​បាន​ដាក់ទោស​ប្រហារជីវិត អ្នកទោស​ដល់​ទៅ ១០០នាក់ ដោយ​ប្រើប្រព័ន្ធ​វីដេអូ ដូចជា កម្មវិធី វីដេអូ Zoom ជាដើម។ ការណ៍នេះ បាន​ទាក់ទាញ​ឲ្យមាន​សំឡេងរិះគន់ តុលាការ​ឥណ្ឌូណេស៊ី ថា បាន​ចេញ​សេចក្តីថ្កោលទោស ដែល​គ្មាន​លក្ខណៈ​មនុស្សធម៌។

សន្តិសុខនៅ តុលាការ​ក្នុង​ក្រុង​ហ្សាកាតា​នៅពីក្រោយ​ទូរទស្សន៍ ដែល​បង្ហាញ សវនាការ​តាម​ប្រព័ន្ធវីដេអូ ហ្ស៊ូម កាត់ក្តី មន្រ្តីប៉ូលិស ឥណ្ឌូណេស៊ី ពីររូប គឺ លោក​Ronny Bugis និង Rahmat Kadir Mahulette ក្នុងបទវាយប្រហារ​ទៅលើ​មន្រ្តីស៊ើបអង្កេត​ប្រឆាំង​អំពុករលួយ កាលពី ឆ្នាំ ២០១៧
សន្តិសុខនៅ តុលាការ​ក្នុង​ក្រុង​ហ្សាកាតា​នៅពីក្រោយ​ទូរទស្សន៍ ដែល​បង្ហាញ សវនាការ​តាម​ប្រព័ន្ធវីដេអូ ហ្ស៊ូម កាត់ក្តី មន្រ្តីប៉ូលិស ឥណ្ឌូណេស៊ី ពីររូប គឺ លោក​Ronny Bugis និង Rahmat Kadir Mahulette ក្នុងបទវាយប្រហារ​ទៅលើ​មន្រ្តីស៊ើបអង្កេត​ប្រឆាំង​អំពុករលួយ កាលពី ឆ្នាំ ២០១៧ AP - Achmad Ibrahim
ផ្សាយពាណិជ្ជកម្ម

សម្រេច​ដាក់​ទោស ប្រហារជីវិត តាម​វីដេអូ ហ្ស៊ូម។ នៅ​ប្រទេស​ឥណ្ឌូណេស៊ី បើទោះបី​ជា​ប្រទេស​ត្រូវ​បិទខ្ទប់​ដោយ​កន្លែង និងត្រូវ​អនុវត្ត​វិធានការ រក្សាគម្លាត​សង្គម ដែល​ធ្វើ​ឲ្យ​ជនជាប់ចោទ​មិនអាច​បង្ហាញមុខ នៅ តុលាការក្តី ប៉ុន្តែ តុលាការ​នៅតែ​អាច​ដំណើរការ​កាត់ក្តី​ជា​ធម្មតា គ្មានរអាក់រអួល​នោះទេ។ នោះគេ​ត្រូវ​អរគុណ​ទៅ​ដល់​ប្រព័ន្ធ​វីដេអូ ដែលមាន​ដូចជា​កម្មវិធី​វីដេអូ​ហ្ស៊ូម Zoom ជាដើម។

ចាប់​តាំង​ពី​ដើម​ឆ្នាំមុន អ្នកទោស ប្រមាណ ១០០​នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ដាក់ទោស ប្រហារ​ជីវិត តាមរយៈ ប្រព័ន្ធ​វីដេអូ។ ដោយ​មិន​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​សវនាការ អ្នកទោស ដែល​ជាប់ចោទ​ពី បទ​មនុស្សឃាត ឬ ជួញដូរ​ថ្នាំញៀន បាន​ស្តាប់លឺ ចៅក្រម​ប្រកាស​ទោស​ប្រហារ​ជីវិត ​ពួកគេ តែ​តាមប្រព័ន្ធ​វីដេអូ​តែប៉ុណ្ណោះ។

នៅខែ នេះ តុលាការ​ក្រុង​ហ្សាកាតារ​បាន​ប្រើ​ប្រព័ន្ធ វីដេអូ​ផងដែរ ដើម្បី​ប្រកាស​ថា ក្រុមជួញដូរ​ថ្នាំញៀន ចំនួន ១៣នាក់​ដែលក្នុង​នោះ មាន ៣នាក់ ជាជនជាតិ​អ៊ីរ៉ង់ និង​១នាក់ ជា​ជនជាតិ​ប៉ាគីស្ថាន នឹង​ត្រូវ កាត់ទោស ប្រហារជីវិត ដោយ​គ្រាប់កាំភ្លើង ក្នុង​បទឧក្រិដ្ឋ​ជួញដូរ​ថ្នាំញៀន ៤០០​ក្រាម ចូល​ប្រទេស​ឥណ្ឌូណេស៊ី។ កាលពី​ថ្ងៃ​ពុធ​កន្លងទៅទៀត​សោត សកម្មជន​អ៊ីស្លាម ៦នាក់ ដែល​ជាប់ចោទ​ពីបទសម្លាប់ មន្រ្តី​ប្រឆាំង​ភេរវកម្ម ក្នុង​កុបកម្ម​ហែកគុក នៅ ឆ្នាំ ២០១៨ ក៏ត្រូវ​តុលាការ​ឥណ្ឌូណេស៊ី កាត់ទោស ប្រហារ​ជីវិត តាម​ប្រព័ន្ធ​វីដេអូដែរ។

សម្រាប់ ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International នៅ ឥណ្ឌូណេស៊ី ជាទី ដែល​តុលាការ សម្រេច​ដាក់ទោស ធ្ងន់ធ្ងរ គឺ​កាត់ទោស ប្រហារជីវិត សម្រាប់ អ្នកជួញដូរគ្រឿងញៀន​រួចហើយ​នោះ ការប្រើ​កម្មវិធី ហ្ស៊ូម ប្រព័ន្ធ​វីដេអូ ដើម្បី កាត់ទោស ពីចម្ងាយ រឹតតែ​បង្កើត ភាពអយុត្តិធម៌ និង​អមនុស្សធម៌​សម្រាប់​ជនជាប់ចោទ។

ជាក់ស្តែង ដោយសារ​តែ​បណ្តាញអ៊ីនធ័រនែត​ខ្សោយ​នៅ​តាម​មន្ទីរឃុំឃាំង មួយចំនួន ប្រព័ន្ធវីដេអូ​ត្រូវ​រអាក់រអួល ធ្វើ​ឲ្យ​អ្នកទោស ស្តាប់​មិនបានអស់​សេចក្តី ឬ​តាមមិនទាន់ ដំណើរការសវនាការ​នោះទេ។

នៅក្នុង​របាយការណ៍​ស្តីពីការកាត់ទោស​ប្រហារជីវិត​អ្នកទោស អង្គការ​កាត់បន្ថយ​គ្រោះថ្នាក់​អន្តរជាតិ Harm Reduction International វាយតម្លៃថា ការប្រើប្រព័ន្ធ​វីដេអូ សម្រាប់​សវនការ​កាត់ទោស ប្រហារជីវិត រំលោភធ្ងន់ធ្ងរ សិទ្ធិ​របស់​ជនសង្ស័យ ក្នុង​ការទទួល​បាន​ការជំនុំជម្រះ​ប្រកប​ដោយ​សុចរិត​យុត្តិធម៌ ហើយ​និង​ប៉ះពាល់​ផងដែរ ដល់​ការងារ​របស់​មេធាវី ការពារ​ជនជាប់ចោទ។

មេធាវី​ឥណ្ឌូណេស៊ី​ម្នាក់ ដែល​ចេញមុខ​ការពារ​ជនជួញដូរ​ថ្នាំញៀន បាន​តវ៉ា​ថា ដោយសារ​តែ​វិធានការ​រឹតបន្តឹង ការធ្វើដំណើរ ក្នុង​បរិបទ​កូវីដ គេ​មិន​បាន​អនុញ្ញាត​ឲ្យ​លោក​បានជួបកូនក្តី​របស់លោក​នោះទេ។ មេធាវី​ការពារ​ក្តី​មួយនេះ​អះអាងថា បើសិន កូនក្តី​របស់​លោក ចូលរួម ដោយផ្ទាល់ បង្ហាញ មុខ​នៅមុខ​ចៅក្រម នោះ​ការសម្រេច ដាក់ទោស នឹង​អាច​ស្រាលជាង ការកាត់ក្តី តាមរយៈប្រព័ន្ធវីដេអូ ដែលនៅក្នុងនោះ ចៅក្រម មិនបាន​ឃើញ ទឹកមុខច្បាស់ និង​អារម្មណ៍ សោកស្តាយ​របស់​ជនជាប់ចោទ​នោះទេ។

តាមទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP តុលាការ​កំពូល​ឥណ្ឌូណេស៊ី ដែល​ជា​សម្រេច​ឲ្យ​គេ​បន្ត​បើកសវនាការ​ក្នុង​កាលៈទេសៈ កូវីដ បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​អ្វីទាំងអស់។ ផ្ទុយទៅវិញ គណៈកម្មការ​យុត្តិធម៌​របស់រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​និយាយ​ថា គេ​បាន​ដាក់​ពាក្យ​សុំ​ឲ្យ​តុលាការ​កំពូល សម្រេចថា សវនាការ​សម្រាប់​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដែល​អាចឈាន​ទៅដល់​ការដាក់ទោស​ប្រហារជីវិត គួរ​តែ​ធ្វើ​ ដោយ​មានការចូលរួម​ផ្ទាល់ ពី​ជនជាប់ចោទ ប៉ុន្តែ មិនមែនធ្វើ​តាម​ប្រព័ន្ធ​វីដេអូ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ