អានតួអត្ថបទ
ជប៉ុន-កូវីដ១៩

ជប៉ុន​គ្រោង​បន្តនិង​បន្ថែម​​ដាក់​តំបន់​មួយ​ចំនួន​ក្នុង​ភាព​អាសន្ន​រហូត​ដល់​ចុង​ខែ​ឧសភា

ប្រឈម​នឹង​វិបត្តិ​កូវីដ១៩ ដែល​តែ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​ដដែល​នោះ រដ្ឋាភិបាល​ជប៉ុន​ទំនង​ជា​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ទី ៧​ឧសភា​នេះ បន្ត​​ការ​ដាក់​តំបន់​​​មួយ​ចំនួនក្នុង​ភាព​អាសន្ន​រហូត​ដល់​ថ្ងៃទី ៣១​ឧសភា ២០២១។ ក្រុង​តូក្យូ​ដែល​ត្រូវ​ទទួល​រៀប​ចំ​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវ​ក្តៅ​ ឆ្នាំ​នេះ​ ក៏​ជាប់​ក្នុង​ភាព​អាសន្ន​នេះ​ដែរ។ វិធានការ​ថ្មី​នេះមានបញ្ចូល​ ​តំបន់ពីរ​​បន្ថែមទៀត។

នាយករដ្ឋមន្ត្រី​ជប៉ុន​ប្រកាស​បន្ត​​ដាក់​តំបន់​មួយ​ចំនួន​ក្នុង​ភាព​អាសន្ន​រហូត​ដល់​ចុង​ខែ​ឧសភា
នាយករដ្ឋមន្ត្រី​ជប៉ុន​ប្រកាស​បន្ត​​ដាក់​តំបន់​មួយ​ចំនួន​ក្នុង​ភាព​អាសន្ន​រហូត​ដល់​ចុង​ខែ​ឧសភា Philip FONG AFP
ផ្សាយពាណិជ្ជកម្ម

ត្រូវ​ផុត​ឱសានវាទនៅ​ថ្ងៃ​អង្គារ​ទី ១១​ឧសភា ការ​ដាក់​តំបន់​បួន មាន​​អាទិ៍​ក្រុង​តូក្យូ  អូសាកា ក្យូតូ និង​ហ៊ីអូហ្កូ ក្នុង​ភាព​អាសន្ន​តាំង​ពី​ថ្ងៃ​ទី ២៥​មេសា​មក នឹង​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃទី ៣១​ឧសភា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រី​​ទទួលបន្ទុក​គ្រប់គ្រង​វិបត្តិ​សុខាភិបាល លោក Yasutoshi Nishimura ទៅ​កាន់​សភា នា​ថ្ងៃ​សុក្រ​ទី ៧​ឧសភា។ ក្រៅ​ពី​ពន្យារ​ពេល​ ការ​ដាក់​តំបន់​ក្នុង​ភាព​អាសន្ន​ក៏​ត្រូវ​ពង្រីក​​បន្ថែម​​ទៀត ៖ តំបន់អៃឈី នៅ​​ភាគ​កណ្តាល​នៃប្រទេស​ និង តំបន់ហ្វូគូអូកា នៅ​ប៉ែក​នីរតី បាន​ក្លាយ​ជា​​តំបន់​ពីរ​ថ្មី​ដែល​​ត្រូវ​ជាប់​ក្នុងភាព​អាសន្ន​ ស្រប​តាម​​វិធានការ​ថ្មី​។

នេះ​ជា​លើក​ទីបី​ហើយ ក្នុង​រយៈ​ពេលតែ​​ជាងមួយ​ឆ្នាំ​បន្តិច​ ដែល​ជប៉ុន​បាន​សម្រេច​បើ​វិធានការ​​ដាក់​តំបន់​ក្នុង​ភាពអាសន្ន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​រាត​ត្បាត​កូវីដ​១៩។ ប៉ុន្តែ​ វិធានការ​ “ដាក់ក្នុងភាពអាសន្ន” ​របស់​ជប៉ុនមិនសូវ​តឹង​តែង​ខ្លាំង​ ដូច​កា​រចំណាត់ការ​បិទខ្ទប់​ប្រទេស​នៅ​តាម​​បណ្តាប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ទេ។

តាម​រយៈ​វិធានការ​នេះ បាររង្គសាល​​ត្រូវ​បិទ​ជាបណ្តោះអាសន្ន អាហារដ្ឋាន​មិន​អាច​លក់​គ្រឿង​ស្រវឹង​ដល់​ភ្ញៀវទេ។ បើ​ល្មើស​នឹង​ត្រូវ​បង់​ពិន័យ។ ហាង​ទំនិញខ្លះ ក៏​ត្រូវ​ស្នើ​ឱ្យ​បិទទ្វារដែរ។ ចំណែក​ព្រឹត្តិការណ៍​កីឡា អាច​ប្រព្រឹត្ត​ទៅ​បាន​ តែ​ដោយ​គ្មានអ្នក​ចូល​រួមទស្សនា។ ប៉ុន្តែ​បើ​តាម​ប្រភពសារព័ត៌មានក្នុង​ស្រុក រដ្ឋាភិបាល​ជប៉ុន​ត្រូវ​អនុម័ត​សម្រេច​នៅ​ថ្ងៃ​នេះ ថា​គួរ​ឱ្យ​ទស្សនិកជន​​ចូល​ស្តាត បាន​មួយ​ភាគ។

ជប៉ុន​រាប់​ឃើញ​មានករណី​ឆ្លង​ថ្មី​ ៥៣០០នាក់​ ជាមធ្យមក្នុង​មួយ​ថ្ងៃ។ មិន​ច្រើន​ខ្លាំង​ទេ ប្រសិន​បើ​ប្រៀប​ធៀប​ទៅ​ប្រទេស​ដទៃ ប៉ុន្តែ​ប្រព័ន្ធ​សុខាភិបាល​ជប៉ុន​សោះខ្យល់​ហើយ ហើយ​យុទ្ធនាការ​ចាក់ថ្នាំ​បង្ការ​អូស​ជើង​យ៉ាង​ខ្លាំង​។ សន្ទុះ​​កំណើន​អ្នក​ឆ្លង​ថ្មីនេះ កំពុង​គំរាមកំហែង​​​​យ៉ាង​ខ្លាំងពិធីប្រកួតកីឡាអូឡាំពិក​ ដែលបានលើក​ពេល​អស់​មួយ​ឆ្នាំ​ហើយ​ ត្រូវ​ប្រពឹត្ត​ទៅ​នៅ​ថ្ងៃទី២៣កក្កដា​ដល់​ថ្ងៃ​ទី​៨​សីហា២០២១នេះ។ រដ្ឋាភិបាល​ជប៉ុន អ្នក​រៀប​ចំ​ និង​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ ធានា​​ថា​កម្ម​​វិធី​នឹង​ប្រព្រឹត្តទៅ​ដោយ​សុវត្ថិភាព​ និង​ដោយ​គ្មាន​ទស្សនិកជន។ តែ​​ពលរដ្ឋជប៉ុន​នៅ​តែព្រួយ​បារម្ភ​ ចំពោះ​​វត្តមាននិងការ​មក​ដល់​នៃ​ក្រុម​កីឡាករ​​ដល់​ទៅ​ជាង​២០០​ប្រទេស​​ ទើប​នាំ​គ្នា​ធ្វើ​ញ្ញាត ទាមទារ​លុប​ចោល ការ​ប្រកួត​កីឡាអូឡាំពិក​ក្រុង​តូក្យូ​ តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ