អានតួអត្ថបទ
ជប៉ុន-សេដ្ឋកិច្ច

ជប៉ុន៖វិបត្តិកូវីដ១៩ បានធ្វើឲ្យផលិតផលសរុបក្នុងស្រុកដាំក្បាលចុះនៅត្រីមាសទី១ ឆ្នាំ ២០២១

នៅ​ក្នុង​ប្រទេស​ជប៉ុន ទិន្នន័យ​បឋម​ផ្លូវការ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អង្គារ ទី១៨ ឧសភា​ឲ្យ​ដឹង​ថា ៖វិបត្តិ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​ផលិតផល​សរុប​ក្នុង​ស្រុក​ដាំក្បាល​ចុះ​ចំនួន ១,៣% នៅ​ត្រីមាសទី១​ចន្លោះ​ខែ​មករា និង​មីនា​ឆ្នាំ ២០២១។ ការ​ធ្លាក់​ចុះ​នេះ​មាន​ចំនួន​ច្រើន​ជាង​ការ​ព្យាករ​របស់​ក្រុម​សេដ្ឋវិទូ Bloomberg ដែល​មាន​ត្រឹម ១,១%។ ការ​ធ្លាក់​ចុះ​នូវ​ចាយវាយ​របស់​ពលរដ្ឋ​ជា​មូលហេតុ​សំខាន់​នៃ​ការ​ដាំ​ក្បាល​ចុះ​នូវ​ផលិតផល​សរុប​ក្នុង​ស្រុក។ ភាព​គ្មាន​សុទិដ្ឋិនិយម​ក៏​មាន​សម្រាប់​ត្រីមាសទី២ ចន្លោះ​ខែ​មេសា និង​មិថុនា​ដែរ។ តែ​ជប៉ុន​អាច​នឹង​ស្គាល់​កំណើន​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ឆមាសទី២ ខាង​មុខ ប្រសិន​បើ​មាន​ការ​ពន្លឿន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង។

នាយករដ្ឋមន្រ្តីជប៉ុន​លោក Yoshihide Suga។
នាយករដ្ឋមន្រ្តីជប៉ុន​លោក Yoshihide Suga។ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ការ​ចាយវាយ​របស់​ពលរដ្ឋ​ជប៉ុន​នៅ​ត្រីមាស​ទី១ ឆ្នាំ ២០២១ បាន​ធ្លាក់​ចុះ ១,៤% ក្រោម​សូន្យ។ ចំណែក​ការ​ធ្លាក់​ចុះ​នៃ​ការ​ចាយវាយ​របស់​ពលរដ្ឋ​នេះ​បាន​ចេញ​ពី​ការ​ដាំ​ក្បាល​ចុះ​ជា​ថ្មី​នូវ​វិបត្តិ​កូវីដ១៩ ធ្ងន់ធ្ងរ និង​ការ​ប្រកាស​ដាក់​តំបន់​មួយ​ចំនួន​ក្នុង​ភាព​អាសន្ន​បិទខ្ទប់​កាល​ពី​ដើម​ខែ​មករា។ វិធានការ​អាសន្ន​មួយ​នេះ​ដែល​គ្រោង​លើក​ចេញ​វិញ​ចាប់​ពី​ខែ​កុម្ភៈ​ត្រូវ​បាន​រដ្ឋាភិបាល​បន្ត​រហូត​ខែ​មីនា​សម្រាប់​ទីក្រុង​តូក្យូ និង​តំបន់​ចំនួន ៣ នៅ​ជុំវិញ​ក្រុង​តូក្យូ។ បន្ទាប់​មក​ក្នុង​ខែ​មេសា និង​ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​កូវីដ១៩ ជា​ថ្មី រដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ភាព​អាសន្ន​ឡើង​វិញ​ជាមួយ​នឹង​វិធានការ​តឹងតែង​ជាង​មុន។ វិធានការ​អាសន្ន​ថ្មី​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃទី៣១ ឧសភា។

មាន​ការ​លើក​ឡើង​ថា ភាព​អូសជើង​របស់​ជប៉ុន​នៅ​ក្នុង​វិបត្តិ​កូវីដ១៩ បាន​កើត​ឡើង​ពី​ភាព​យឺតយ៉ាវ​នៅ​ក្នុង​យុទ្ធនាការ​ចាក់សវ៉ាក់សាំង។ បើ​ធៀប​នឹង​ប្រទេស​ឧស្សាហកម្ម​ផ្សេង​ទៀត មាន​ប្រជាជន​ជប៉ុន​តែ​ជាង ១% ប៉ុណ្ណោះ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ចំនួន​ពីរ​ដូស។ Pfizer ជា​វ៉ាក់សាំង​តែ​មួយ​គត់​ដែល​រដ្ឋអំណាច​សុខាភិបាល​ជប៉ុន​អនុញ្ញាត​ឲ្យ​ប្រើ។ ប្រឈម​នឹង​ការ​រិះគន់​ក្នុង​រឿង​ចាក់​វ៉ាក់សាំង​នេះ រដ្ឋាភិបាល​បាន​បង្កើត​ឡើង​នូវ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​នៅ​ក្រុង​តូក្យូ និង​អូសាកា ហើយ​បាន​ប្រើ​កម្លាំង​ស្វ័យកាពារ​ឲ្យ​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង។ កម្មវត្ថុ​របស់​រដ្ឋាភិបាល គឺ​ចាក់​លើ​មនុស្ស​អាយុ​ពី ៦៥ឆ្នាំ​ឡើង​ទៅ ពោល​មាន​ប្រមាណ​ជា ៣៦លាននាក់​នៅ​ដំណាច់​ខែ​កក្កដា។

ដោយឡែក ជប៉ុន​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡាអូឡាំពិក​ពី​ថ្ងៃទី២៣ កក្កដា​ដល់​ថ្ងៃទី៨ សីហា។ ព្រឹតិ្តការណ៍​កីឡា​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​សង្ឃឹម​ចូលរួម​ជួយ​ឲ្យ​មាន​ការ​ចាយវាយ។ តែ​បញ្ហា​នៅ​ត្រង់​ថា ប្រជាជន​ជប៉ុន​ភាគច្រើន​បាន​ទាមទារ​ឲ្យ​លុប​ចោល​ព្រឹត្តិការណ៍​កីឡា​នេះ​វិញ​ដោយ​បារម្ភ​ពី​ការ​ធ្លាក់​ដុនដាប​ថែម​ទៀត​នូវ​វិបត្តិ​កូវីដ១៩។ យ៉ាង​ណា​ក៏​ដោយ ក្រុម​សេដ្ឋវិទូ​បាន​ភ្ជាប់​ការ​មាន​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ឆមាស​ទី២ ឆ្នាំ ២០២១ ទៅ​នឹង​ការ​ពន្លឿន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករ​ថា ជប៉ុន​នឹង​មាន​កំណើន​សេដ្ឋកិច្ច ៣,៣% សម្រាប់​ឆ្នាំ ២០២១។ តែ​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បាន​ព្យាករ​ត្រឹម ២,៧%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ