អានតួអត្ថបទ
ភូមា-ជប៉ុន

រដ្ឋមន្រ្តីការបរទេស​ជប៉ុន ថា ជប៉ុន​នឹងអាច​ផ្អាកជំនួយ​អភិវឌ្ឍ​ទាំងអស់សម្រាប់​ភូមា

ប្រទេស​ជប៉ុន តាមរយៈ រដ្ឋមន្រ្តីការបរទេស លោក Toshimitsu Motegi បាន​ព្រមានថា ជប៉ុន​នឹង​ផ្អាក​ជំនួយទាំងអស់​សម្រាប់​ភូមា បើសិន ជា​ស្ថានការណ៍ នៅភូមា មិន​ល្អប្រសើរ​ទេនោះ។ នៅក្នុង​សន្និសីទកាសែត នៅថ្ងៃ​សុក្រនេះដែរ អ្នកកាសែត ជប៉ុន ដែល​ទើប​ត្រូវ​របបសឹក​ដោះលែង និង​ត្រលប់​ទៅជប៉ុនវិញ កាលពី សប្តាហ៍មុន បាន​អំពាវនាវសុំ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ចាត់វិធានការ​ជាក់ស្តែង សម្រាប់​ប្រជាជនភូមា។

ផ្ទាំងរូបភាពបង្ហាញ​គម្រោងអភិវឌ្ឍន៍​តំបន់សេដ្ឋកិច្ច​ពិសេស​ដោយមានជំនួយ​គាំទ្រ​ពីរដ្ឋាភិបាល​ជប៉ុន នៅជាយក្រុង​រ៉ង់ហ្គូន នៅឆ្នាំ ២០១៤
ផ្ទាំងរូបភាពបង្ហាញ​គម្រោងអភិវឌ្ឍន៍​តំបន់សេដ្ឋកិច្ច​ពិសេស​ដោយមានជំនួយ​គាំទ្រ​ពីរដ្ឋាភិបាល​ជប៉ុន នៅជាយក្រុង​រ៉ង់ហ្គូន នៅឆ្នាំ ២០១៤ AP - Khin Maung Win
ផ្សាយពាណិជ្ជកម្ម

ជប៉ុន ដែល​ជា​ប្រទេស​ផ្តល់ជំនួយ​សំខាន់​មួយ សម្រាប់ភូមា បាន​ព្រមាន​ផ្អាក​ជំនួយទាំងអស់​បើសិន ជា​ស្ថានការណ៍​នៅភូមា សព្វថ្ងៃ​នៅតែបន្ត។ នៅក្នុង​បទសម្ភាសន៍ជាមួយ​កាសែតសេដ្ឋកិច្ចជប៉ុន Nikkei ដែលចេញផ្សាយ នៅថ្ងៃ​សុក្រនេះ រដ្ឋមន្រ្តីការបរទេស​ជប៉ុន បាន​អះអាង​ថា បើសិន​គ្មានជម្រើស ជប៉ុន​នឹង​ផ្អាក​រាល់ជំនួយអភិវឌ្ឍ​សម្រាប់ភូមា ចំណែកក្រុមហ៊ុន​ឯកជន​ជប៉ុន ក៏​នឹងអាច​ពិបាក ​បោះទុន​វិនិយោគ ទៅ​ថ្ងៃមុខ នៅ​ភូមា នោះ​បើទោះបីជា​គេចង់​ក៏ដោយ។

“ជប៉ុន​មិនចង់​ឲ្យ​មានថ្ងៃនោះទេ ប៉ុន្តែ ជប៉ុន​ចង់បញ្ជាក់​ដោយ​ម៉ឺងម៉ាត់ថា វាលំបាក ដែល​គេ​ត្រូវ​បន្ត​ផ្តល់ជំនួយ ក្នុង​កាលៈទេសៈ សព្វថ្ងៃនេះ” នេះជា​ប្រសាសន៍​របស់​រដ្ឋមន្រ្តីការបរទេស​ជប៉ុន លោក Toshimitsu Motegi។ ក្នុងនាមខ្លួន​ជា​ប្រទេស​មិត្ត​របស់​ភូមា និងជាអ្នកគាំទ្រ ដំណើរការ​លទ្ធិប្រជាធិបតេយ្យ នៅភូមា រហូតមក  ជប៉ុន ត្រូវ​តំណាង​សហគមន៍​អន្តរជាតិ និង​នាំយកសារ​មួយនេះ ទៅ​ប្រាប់​យោធាភូមា។

ជប៉ុន​ជាប្រទេស​ផ្តល់ជំនួយ​សំខាន់ សម្រាប់​ការអភិវឌ្ឍន៍នៅភូមា ដោយ​បាន​ផ្តល់​ជំនួយ​ទៅ​ឲ្យប្រទេស​នេះ ប្រមាណ ១ពាន់ ៤រយលាន​អឺរ៉ូ ក្នុង​មួយឆ្នាំ (ពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២០)។

ប្រតិកម្ម​ទៅនឹង​រដ្ឋប្រហារ​របស់​មេដឹកនាំ​យោធា​ភូមា កាលពី​ថ្ងៃទី ១ខែ​កុម្ភៈ​កន្លងទៅ ជប៉ុន​ធ្លាប់​បាន​ប្រកាស​ផ្អាក​គម្រោងការ​ផ្តល់ជំនួយ​ថ្មី ប៉ុន្តែ មិនបាន​ចាត់វិធានការ ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​លក្ខណៈ​បុគ្គល​ទៅលើ​មេក្រុមដឹកនាំ​យោធា​ភូមា ដូច​ដែល​អាមេរិក សហភាពអឺរ៉ុប​និង​អង់គ្លេស ​បានធ្វើ​នោះទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ