អានតួអត្ថបទ
សិង្ហបុរី-អាកាសធាតុ-ថាមពល

សិង្ហបុរី​បើក​​សម្ភោធ មណ្ឌល​ផលិត​ចរន្ត​​អគ្គិសនី​​ដើរដោយ​​ផ្ទាំងសូឡា ដ៏ធំ​បំផុត​មួយ

ថ្ងៃពុធ ទី​១៤កក្កដា នៅសឹង្ហបុរីមានការសម្ភោធ បើកឲ្យ​ដំណើរការ មណ្ឌលផលិតចរន្ត​អគ្គិសនី​ដើរដោយ​​ផ្ទាំងសូឡា ដ៏ធំ​បំផុតមួយ ដែលគេសាងសង់​បណ្តែតពី​​លើ​ផ្ទៃទឹក​បឹង​សិប្បនិម្មិត។ នេះគឺជា​គម្រោង​ផលិត​ចរន្តអគ្គិសនីស្អាតស្អំ​ ដោយប្រើប្រាស់បច្ចេកវិទ្យា និង​ពន្លឺព្រះអាទិត្យ​ ដើម្បីឆ្លើយ​តបទៅនឹង ផែនការ​កាត់បន្ថយ ​ការបញ្ចេញ​​ឧស្ម័ន​​កាបូនិក​ទៅក្នុងបរិយាកាស របស់រដ្ឋាភិបាលសិង្ហបុរី។

បុគ្គលិកជំនាញ កំពុងសាងសង់​មណ្ឌលផលិតចរន្តអគ្គិសនី ដោយ​ផ្ទាំងសូឡា នៅលើផ្ទៃបឹងសិប្បនិម្មិត Tengeh ប្រទេសសិង្ហបុរី។ រូបថតថ្ងៃទី ៣ កុម្ភៈ ២០២១
បុគ្គលិកជំនាញ កំពុងសាងសង់​មណ្ឌលផលិតចរន្តអគ្គិសនី ដោយ​ផ្ទាំងសូឡា នៅលើផ្ទៃបឹងសិប្បនិម្មិត Tengeh ប្រទេសសិង្ហបុរី។ រូបថតថ្ងៃទី ៣ កុម្ភៈ ២០២១ AFP - ROSLAN RAHMAN
ផ្សាយពាណិជ្ជកម្ម

ផ្ទាំងសូឡាសរុបផ្ទៃក្រឡា ស្មើនឹង​ទីលាន​បាល់ទាត់៤៥ដង ត្រូវបាន​គេសាសង់ឡើង នៅ​លើ​ផ្ទៃបឹង​សិប្បនិម្មិត​មួយ​កន្លែង នៅប្រទេស​សិង្ហបុរី។ ជាមួយ​នឹង​​ផ្ទាំង​សូឡាសរុប ប្រមាណ​​១២២០០០​ផ្ទាំង វាគឺ​ជាមណ្ឌល​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ដ៏ធំមួយ ​ក្នុងពិភពលោក។

យោងតាម ក្រុមហ៊ុន Sembcorp Industries និងរដ្ឋករទឹក​សិង្ហបុរី ដែលជា​អ្នក​សហការគ្នា ​សម្រេច​គម្រោងនេះ គឺផ្ទាំង​សូឡាទាំង ១២២០០០ផ្ទាំងនេះ នឹង​​អាច​ផលិត​​ចរន្តអគ្គិសនី បានចំនួន​ ៦០ម៉េហ្កាវ៉ាត់ ដើម្បី​ផ្គត់ផ្គង់​រោងចក្រ​បន្សុទ្ធទឹក​ ចំនួន​៥ទីទាំង។ ការផលិតអគ្គិសនី​ដោយ​ប្រើពន្លឺ​ព្រះអាទិត្យនេះ នឹង​អនុញ្ញាតឲ្យ​គេអាច កាត់​បន្ថយ​​ការបញ្ចេញ​​ឧស្ម័ន​កាបូនិក ស្មើនឹងរថយន្ត​៧០០០គ្រឿង ជា​រឿងរាល់ឆ្នាំ។

គួរបញ្ជាក់ថា បើប្រៀបធៀបទៅនឹងចំនួន​ប្រជាជន សិង្ហបុរីគឺជា​ប្រទេសដែល​​បាន​បញ្ចេញ​ឧស្ម័នកាបូនិក ទៅ​ក្នុង​​បរិយាកាស ច្រើន​បំផុត។ តែយ៉ាងណា ប៉ុន្មាន​​ឆ្នាំ​​ចុងក្រោយ​​នេះ រដ្ឋាភិបាល​សិង្ហបុរី បាន​​ប្រកាស​អំពី​គម្រោង​ជាច្រើន ក្នុងការ​កាត់បន្ថយ​​ឧស្ម័ន​កាបូនិក។ ក៏ប៉ុន្តែ​ជាមួយ​នឹង ផ្ទៃដី​តូចចង្អៀត គឺវា​មិនមែន​ជារឿង​ងាយ​​ស្រួលទេ ក្នុង​​ការ​សាងសង់​ ទីតាំង​ផលិត​​ថាមពលស្អាតស្អំ។

កាលពី​ខែកុម្ភៈ រដ្ឋាភិបាលសិង្ហបុរី បាន​បង្ហាញ​នូវ « ​ផែន​ការបៃតង » របស់ខ្លួន ដែល​មាន​កំណត់នូវ ​ការ​​ដាំដើម​ឈើ ការ​កាត់បន្ថយ​​កាកសំណល់​សំរាម ព្រមទាំង​​ការ​សាងសង់​បន្ថែម នូវ​​បង្គោលសាកថ្ម​រថយន្ត​ដើរដោយ​​ប្រព័ន្ធអគ្គិសនី ជាដើម។ សិង្ហបុរី​មាន​បំណង​ផលិត​​​ចរន្តអគ្គិសនី បាន​​មកពី​ផ្ទាំង​សូឡា ឲ្យ​បាន​៣%  នៅរវាង​​ឆ្នាំ​២០៣០ ដែល​ស្មើនឹង​ចរន្តអគ្គិសនី​ប្រើប្រាស់​នៅតាម​ផ្ទះ ចំនួន​៣៥០០០០​ផ្ទះ ក្នុងមួយឆ្នាំ។​

ទោះជាយ៉ាងនេះក្តី ផែនការបៃតង របស់រដ្ឋាភិបាល​សិង្ហបុរី នៅតែ​ត្រូវបាន​​អ្នកជំនាញ​បរិស្ថាន ចាត់ទុក​ថាមិន​គ្រប់គ្រាន់ទេ ខណៈ​ដែល​​ប្រទេស​ដ៏តូចនេះ នៅតែ​រំពឹង​ចរន្តអគ្គិសនី​ចំនួន​៩៥% បានមកពី​ចំហេះ​​ឧស្ម័ន​ធម្មជាតិ និង​​ប្រេងឥន្ធនៈ។ ជាងនេះ​ទៀត វិស័យ​ឧស្ម័ន​ និង​​ប្រេងឥន្ធនៈ គឺជា​ដង្ហើម​សេដ្ឋកិច្ច​មួយ​ ដែល​មាន​ប្រហែសបាន សម្រាប់សិង្ហបុរី។

លោក Red Constantino នាយក​ Institute for Climate and Sustainable Cities បាន​លើកឡើងថា ត្រឹម​សាងសង់​មណ្ឌល​ផលិត​អគ្គិសនី​ដើរដោយ​​ផ្ទាំងសូឡា គឺវា​មិន​គ្រប់គ្រាន់ទេ។ ដើម្បីកាត់​បន្ថយ​​កម្រិត​​ឧស្ម័ន​កាបូនិក​ឲ្យ​បាន​១ភាគ២ នៅ​រវាង​ឆ្នាំ​២០៣០ សិង្ហបុរី​ត្រូវតែ​​មានវិធានការ និង​គម្រោងក្លាហាន រឹងមាំ​ជាងនេះ ដែល​ឈានទៅ​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ