អានតួអត្ថបទ
កីឡាអូឡាំពិក-រើងអើង​ពូជសាសន៍

អូឡាំពិក​តូក្យូដក​តំណែង​អ្នកគ្រប់គ្រង​កម្មវិធីសិល្បៈ នៅ​មួយថ្ងៃ​​មុន​ការ​បើកពិធីជា​ផ្លូវការ

មាន​ការ​ប្រឆាំង​ច្រើន​មិន​ឱ្យ​រៀប​ចំ​ហើយ អូឡាំពិកតូក្យូ​ ត្រូវប្រលាក់​ប្រលូស​ដោយ​​​​រឿង​អាស្រូវ​ថ្មី​មួយ បន្ថែម​ទៀត។ ​នៅ​មួយ​ថ្ងៃ​មុន​បើក​កម្មវិធី​កីឡាអូឡាំពិក​ក្រុង​តូក្យូ ប្រធាន​គ្រប់​គ្រង​​សិល្បៈ​សម្រាប់​ការ​បើក​កម្មវិធី​ លោក កេនតារ៉ូ កូបាយ៉ាស្ហ៊ី Kentaro Kobayashi ត្រូវ​បាន​គេដក​ចេញ​ពី​តួនាទី។ មូលហេតុ​គឺ បណ្តាល​មក​ពី​​ពាក្យ​កំប្លែង​បែប​រើសអើង​ពូជសាសន៍​ ដែល​លោក​ធ្លាប់​បាន​ប្រើ​កាលពី​២០​ឆ្នាំមុន។  

មួយ​ថ្ងៃមុន​បើក​កីឡាអូឡាំពិក ប្រធាន​គ្រប់គ្រង​សិល្បៈ​នៃ​ការ​បើក​កម្មវិធី ត្រូវ​ដក​ចេញ​ពី​តំណែង​
មួយ​ថ្ងៃមុន​បើក​កីឡាអូឡាំពិក ប្រធាន​គ្រប់គ្រង​សិល្បៈ​នៃ​ការ​បើក​កម្មវិធី ត្រូវ​ដក​ចេញ​ពី​តំណែង​ Charly TRIBALLEAU AFP
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកួត​កីឡាអូឡាំពិក​ក្រុង​តូក្យូ​ ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ក្នុងស្ថានភាព​អាប់អួរ​ខុសប្លែក​​ពី កម្មវិធី​មុនៗ​ ​ដោយ​ហេតុ​តែខ្លាច​​ជំងឺ​កូវីដ​១៩​រាតត្បាត​ខ្លាំង​ហើយ​ ត្រូវ​ប្រឈម​នឹង​រឿង​អាស្រូវ ដក​តំណែង​​ប្រធាន​គ្រប់​គ្រង​ ការ​បើក​កម្មវិធី​នៅ​ថ្ងៃ សុក្រ​ទី ២៣​កក្កដា​ស្អែក​ទៀត។

មាន​បន្ទុក​ជា​អ្នក​សម្របសម្រួល​ការ​សម្តែង​សិល្បៈ​ ក្នុង​ពិធី​បើក​ ការ​ប្រកួត​កីឡាអូឡាំពិក  លោក កេនតារ៉ូ កូបាយ៉ាស្ហ៊ី មាន​និន្នាការ​បែប​រើសអើង​ពូជសាសន៍ និង​ស្អប់​ខ្ពើម​ជនជាតិ​ជ្វីហ្វ។ ​​គណៈកម្មការអូឡាំពិក​អន្តរជាតិ​ ទើប​បាន​ទទួល​ដំណឹង​ថា លោក​ធ្លាប់​បាន​ប្រើ​ភាសា​សើច​ចំអក​ឱ្យប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ ហេតុ​ដូច្នេះ​ហើយបាន​គណៈកម្មការ​សម្រេច​បញ្ឈប់​លោក​ពី​តួនាទី។ នេះ​បើ​សេចក្តី​ប្រកាស​របស់​លោកស្រី សីកូ ហាស្ហ៊ីម៉ូតូ ប្រធាន​គណៈកម្មការ​អូឡាំពិក​តូក្យូ-២០២០ ដោយបញ្ជាក់​ថា​លោក​ស្រី​កំពុង​ពិចារណា​ ថា​ត្រូវ​ចាត់​ចែង​ការ​បើក​កម្មវិធី​យ៉ាងណា​នៅ​ថ្ងៃ​ស្អែក។

សូម​បញ្ជាក់​ថារឿង​ហេតុ​បាន​កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៨។ នៅ​ក្នុង​ឆាក​ឈុត​​វីដេអូនៃ​រឿង​កំប្លែងមួយ​ លោក កេនតារ៉ូ កូបាយ៉ាស្ហ៊ី​ និង​​ដៃ​គូ បាន​ប្រៀប​ប្រដូច​កូន​តុក្កតាថា​ជា​ល្បែង​លេង​ចុងក្រោយ​របស់​ជនជាតិ​ជ្វីហ្វ ហើយ​កំប្លែងបន្ត​​ថា​ម្ចាស់​ផលិត​កម្ម​នឹង​ខឹង​ព្រោះ​យក​ប្រវត្តិ​សាស្ត្រ​ជ្វីហ្វ​មក​សម្តែង​លេង។ ឆាកឈុត​​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទុះ​សំណើច​យ៉ាង​ខ្លាំង។ លោក កេនតារ៉ូ កូបាយ៉ាស្ហ៊ី ក៏​បាន​សុំ​ទោស​​ ថា​ពិត​ជា​បាន​ប្រើ​ពាក្យ​សំដី​ជ្រុល​ហួស​មែន។

ការ​ដក​តំណែង​ប្រធាន​គ្រប់​គ្រង​កម្មវិធី​សិល្បៈ​អូឡាំពិក​ មិនមែន​ជា​រឿង​អាស្រូវ​ឯកា​ទេ។ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ក៏​មាន​ការ​ដក​តំណែង​អ្នក​និពន្ធ​បទ​ភ្លេង​ម្នាក់​ដែរ គឺ​លោក គៃហ្កោ អូយ៉ាម៉ាដា ដោយ​ហេតុ​តែ​នៅ​ក្នុង​បទសម្ភាសន៍​កាលពី​ឆ្នាំ​១៩៩០​ លោក​បាន​រំលឹក​ថា​ធ្លាប់​បាន​ធ្វើ​ ​ទុក្ខ​បុកម្នេញ​​​ដល់​មិត្ត​រួម​ថ្នាក់​ជា​ជនពិការ​ កាលពី​លោក​នៅ​ក្មេង។ កាលពី​ខែ​មីនា អ្នក​ទទួល​ខុស​ត្រូវ​កម្មវិធី​សិល្បៈ​ពេល​បើក​និង​បិទ​កីឡាអូឡាំពិក​ បាន​សុំ​លា​លែង​ពី​តំណែង​បន្ទាប់​ពី​បាន​ស្នើ​ឱ្យ​តែង​ខ្លួន​សិល្បការិនី​ម្នាក់​ជា​ជ្រូក។ នៅ​មួយ​ខែ​មុន​នេះ​ទៀត ប្រធាន​គណៈកម្មការ​អូឡាំពិក​តូក្យូ​២០២០ ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ផង បាន​សម្រេច​ដើរ​ចេញ​ពី​តំណែង​បន្ទាប់​ពី​ប្រើ​ភាសា​បែប​រើសអើង​ភេទ។

​មិនបាន​ទទួល​ការ​​ស្វាគមន៍ពី​​​​ប្រជាពលរដ្ឋ​ជប៉ុនភាគ​ច្រើនដោយ​ខ្លាច​​កូវីដ​ស្រាប់​ផង​ រឿង​អាស្រូវ​​នេះ ​បាន​មកជាន់​បង្ខូច ​​រូប​ភាព​​នៃកីឡាអូឡាំពិកបន្ថែមមួយ​កំរិត​ទៀត និង​បាន​គ្រប​បាំង​បិទនូវ​ប្រធាន​បទ​ដ៏​សំខាន់​មួយទៀត គឺ​វិបត្តិកូវីដ។ កីឡាករ​​វិជ្ជមាន​កូវីដ​ ចាប់​​ប្រកាសបោះបង់​ការ​ប្រកួត​ជា​បន្ត​បន្ទាប់​ ដោយ​ហេតុ​មិន​អាច​ចូល​រួម​ការ​ប្រកួត​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ