អានតួអត្ថបទ
នូវែលសេឡង់

នូវែលសេឡង់​កំពុង​ប្រឈម​នឹង​សន្ទុះ​កំណើន​ករណី​ឆ្លង​មេរោគ​បំប្លែង​ខ្លួន​ដែលតា

នូវែលសឡង់​កំពុង​រង​ការ​គំរាម​កំហែង​ពី​ការ​ឆ្លង​រីក​រាលដាលកូវីដ​បង្កឡើង​ដោយ​មេរោគបំប្លែងខ្លួន​ដែលតា​។ ហេតុដូច្នោះហើយទើប​រដ្ឋាភិបាល​នូវែលសេឡង់​ទទួលស្គាល់​នៅថ្ងៃអាទិត្យ ២២ សីហានេះ​ថា​យុទ្ធសាស្ត្រ​ “ហ្សេរ៉ូកូវីដ​”របស់ខ្លួន​ទំនងជា​ពិបាក​នឹង​សម្រេចទៅ​បានណាស់​។

នូវែលសេឡង់ កំពុងប្រឈមនឹងសន្ទុះកំណើនករណីឆ្លងមេរោគបំប្លែងខ្លួនដែលតា។
នូវែលសេឡង់ កំពុងប្រឈមនឹងសន្ទុះកំណើនករណីឆ្លងមេរោគបំប្លែងខ្លួនដែលតា។ Mark MITCHELL POOL/AFP
ផ្សាយពាណិជ្ជកម្ម

នូវែលសេឡង់​ដែលជា​ប្រទេស​ទទួលបាន​ការ​កោត​សរសើរ​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការឆ្លើយតប​នឹងជំងឺកូវីដ​ ឥឡូវនេះ​កំពុងតែ​ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​មេរោគបំប្លែងខ្លួន​ដែលតា​។ រដ្ឋមន្រ្តី​នូវែលសេឡង់​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ​លោកគ្រីស​ ហ៊ីបគីន​ (Chris Hipkins) បាន​រាយការណ៍​ថា​មាន​ អ្នក​ឆ្លង​ ២១​ ករណី​បន្ថែមទៀត​ក្រោយ​ការ​ឆ្លងរាលដាលផ្ទុះឡើង​ នៅទីក្រុង​អូកឡិន Auckland កាលពី​សប្តាហ៍មុន​។

លោកហ៊ីបគីន​ បាន​មានប្រសាសន៍ថា​ មេរោគដែលតា​ដែល​ឆ្លងខ្លាំង​និង​លឿន​រហ័ស​បណ្តាលឲ្យ​អាជ្ញាធរ​មានការពិបាក​ក្នុងការ​សម្រេច​បាន​នូវ​មហិច្ឆតា​ធ្វើឲ្យ​ករណី​ឆ្លងកូវីដ​ធ្លាក់ដល់​កម្រិត​សូន្យ​។ ស្ថិត​ក្នុង​ករណី​នេះ​ រដ្ឋាភិបាល​នូវែលសេឡង់​កំពុង​ចោទជា​សួរ​ថា​តើ​យុទ្ធសាស្រ្ត​លុប​បំបាត់​កូវីដ​ឬ​ហ្សេរ៉ូកូវីដ​​អាច​សម្រេច​ទៅ​រួច​ឬក៏អត់​?

បើយោង​តាម​រដ្ឋ​អំណាច​នូវែលសេឡង់​ ទំហំ​នៃ​ការឆ្លង​និង​ល្បឿន​ដែល​មេរោគ​ដែលតាបាន​រីករាតត្បាត​បង្ហាញ​ថា​គេ​ពិបាក​នឹង​ទប់ស្កាត់​មេរោគ​បំប្លែងខ្លួន​ដែលតា​ណាស់​ ទោះបី​ជា​វិធាន​រឹតត្បិត​ផ្សេងៗ​ដូចជា​ការ​បិទខ្ទប់​ប្រទេសជាដើម​ត្រូវបាន​ដាក់ឲ្យ​អនុវត្ត​ហើយ​ក៏ដោយ​។

គួរគូស​បញ្ជាក់ថា​ មុនការ​ផ្ទុះករណី​ឆ្លង​មេរោគបំប្លែងខ្លួន​ដែលតា​កាលពីសប្តាហ៍មុន​ អស់រយៈពេល៦ ខែ​មកហើយ​ដែល​នូវែលសេឡង់​មិនដែល​ជួប​ករណីឆ្លងកូវីដ​ទាលតែសោះ​។ នូវែលសេឡង់​ជាប្រទេស​មាន​កំណត់ត្រាល្អ​ខាង​គ្រប់គ្រង​ជំងឺកូវីដ១៩ ​និង​មាន​អ្នក​ស្លាប់តែ​ ២៦ នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រជាជន​សរុបប្រមាណ​៥​លាន​នាក់​។

ដើម្បី​ទប់ស្កាត់​កូវីដ​ អាជ្ញាធរ​ពឹងផ្អែក​លើការ​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​ព្រំដែន​តឹងរ៉ឹង​ និងការ​បិទខ្ទប់​ប្រទេស​។ ដោយឡែក​ការផ្ទុះឡើងនៃ​ករណី​ឆ្លងកូវីដជាថ្មី​ បាន​បង្កឲ្យ​មាន​ការ​រិះគន់ ថា រដ្ឋាភិបាលនូវែលសេឡង់​ មានភាព​យឺតយ៉ាវ​ក្នុង​ដំណើរការ​ចាក់​វ៉ាក់សាំង​ និង​ជំរុញឲ្យមាន​ការ​ចោទប្រកាន់​ដែរថា​រដ្ឋាភិបាល​មាន​ភាព​ធូរ​រលុង​ បន្ទាប់ពី​ទទួលជោគជ័យ​ក្នុងការទប់ស្កាត់​កូវីដ​កាល​ពីគ្រាដំបូង​។

មាន​ប្រជាជន​នូវែលសេឡង់​ប្រមាណ​តែ​ ២០ %​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ថ្នាំវ៉ាក់សាំង​បង្ការកូវីដ​ដែលនេះ​ជា​អត្រា​ទាបបំផុត​មួយ​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ