អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-តាលីបង់-អាមេរិក

ប្រទេស​លោក​ខាងលិច សម្តែង​ការខកចិត្ត ក្រោយ​​​ក្រុម​​តាលីបង់​​បង្ហាញ​​សមាសភាព​​រដ្ឋាភិបាល

ក្រុមតាលីបង់ បានបង្ហាញ​សមាសភាព​មួយផ្នែក នៃរដ្ឋាភិបាល​បណ្តោះ​អាសន្ន​របស់ខ្លួន កាលពី​ថ្ងៃពុធ ទី៨កញ្ញា។ ក្នុងចំណោមសមាជិកនៃរដ្ឋាភិបាលនេះ មានមួយចំនួន​ធ្លាប់ជាប់ពាក់ព័ន្ធនឹងបណ្តាញ​ភេរវកម្ម​​អាល់កៃដា និងជាប់ក្នុងបញ្ជីរខ្មៅ​របស់​អង្គការសហប្រជាជាតិថែមទៀតផង។ សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប បានថ្លែងការខកចិត្ត និង​ការព្រួយ​បារម្ភ ដោយ​លើកឡើងថា រដ្ឋាភិបាល​ក្រុមតាលីបង់ ជារដ្ឋាភិបាល​ដែលគ្មាន​មនុស្ស​ស្រីចូលរួម និង​ជារដ្ឋាភិបាលដែល​គ្មាន​ការប្រមូលឯកភាព ជាមួយ​តំណាង​ភាគីផ្សេងៗទៀត របស់អាហ្វហ្កានីស្ថាន។

ទាហានក្រុមតាលីបង់ ដើរតាមផ្លូវ តម្រង់កាំភ្លើងទៅកាន់​ប្រជាជនអាហ្វហ្កានីស្ថាន ដែលធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ការ​លូកដៃរបស់​ប៉ាគីស្ថាន មកក្នុងកិច្ច​ការនយោបាយ​អាហ្វហ្កានីស្ថាន​។ ក្រុងកាប៊ុល ថ្ងៃទី ៧កញ្ញា ២០២១
ទាហានក្រុមតាលីបង់ ដើរតាមផ្លូវ តម្រង់កាំភ្លើងទៅកាន់​ប្រជាជនអាហ្វហ្កានីស្ថាន ដែលធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ការ​លូកដៃរបស់​ប៉ាគីស្ថាន មកក្នុងកិច្ច​ការនយោបាយ​អាហ្វហ្កានីស្ថាន​។ ក្រុងកាប៊ុល ថ្ងៃទី ៧កញ្ញា ២០២១ AP - Wali Sabawoon
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលថ្មីរបស់ក្រុមតាលីបង់ នឹងដឹកនាំដោយ Mohammad Hassan Akhund អតីតមនុស្សស្និទ្ធនឹងស្ថាបនិកក្រុមតាលីបង់​ Mollah Omar។ យោងតាម​លោក  Bill Roggio និពន្ធនាយកកាសែត Long War Journal គឺឈ្មោះ Mohammad Hassan Akhund នេះហើយ ដែលជាអ្នកបញ្ជាឲ្យ​ក្រុមតាលីបង់ កម្ទេច​ព្រះពុទ្ធបដិមាដ៏ធំ នៅ​Bamiyan កាលពី​ឆ្នាំ​២០០១។

ក្នុងចំណោមសមាសភាព​ ដែលក្រុមតាលីបង់បានប្រកាស រដ្ឋាភិបាល​ថ្មីនេះគ្មានមនុស្សស្រីសូម្បីតែម្នាក់ ហើយ​ភាគច្រើនគឺសុទ្ធតែជា​មនុស្ស​ មកពី​ក្រុមជនជាតិប៉ាឆទូន។ ជាងនេះទៀត ក្នុងចំណោម​រដ្ឋមន្ត្រីរបស់​ក្រុមតាលីបង់​ គឺមាន​មួយចំនួន​ ស្ថិតនៅក្នុងបញ្ជីរខ្មៅរបស់​អង្គការ​​សហប្រជាជាតិ និង​ខ្លះទៀតធ្លាប់ជាប់ឃុំនៅមន្ទីរឃំឃាំង Guantanamo របស់អាមេរិកថែមទៀតផង​។ សមាជិក​ខ្លះនៃបណ្តាញ​ Haqqani ដែលស្និទនឹងក្រុម អាល់កៃដា ហើយ​​​ដែលអាមេរិក ចាត់ទុក​ថាជាក្រុមភេវកម្មនោះ ក៏មាន​ឈ្មោះ​ដឹកនាំក្រសួង ក្នុងរដ្ឋាភិបាល​ថ្មី របស់​ក្រុមតាលីបង់ដែរ។

សហភាពអឺរ៉ុប បានប្រតិកម្មថា រដ្ឋាភិបាល​របស់​ក្រុមតាលីបង់ ពុំមានលក្ខណៈបង្រួមបង្រួមជាតិ និងតំណាងពីគ្រប់មជ្ឈដ្ឋានសង្គមអាហ្វហ្កានីស្ថាននោះទេ។ នេះសបង្ហាញ​ឲ្យឃើញថា ក្រុមតាលីបង់ មិនបានគោរពលក្ខខណ្ឌ មួយក្នុងចំណោមលក្ខខណ្ឌធំៗទាំង៥ ដើម្បីអាចទទួល​បាន​ការទទួលស្គាល់ផ្នែកការទូត ពីសំណាក់អឺរ៉ុប។ ដោយ​ឡែក លោកលោក អង់តូនី ប្លីងកិន ប្រមុខការបរទេសអាមេរិក បាន​លើកឡើង ពី​អវត្តមានស្ត្រី នៅក្នុងរដ្ឋាភិបាលតាលីបង់ ព្រមទាំងបង្ហាញការបារម្ភដែលឃើញ​ រដ្ឋមន្ត្រីខ្លះរបស់​ក្រុមតាលីបង់ គឺជាមនុស្សធ្លាប់ចូលរួម​ក្នុងបណ្តាញភេរវកម្ម​។ នៅថ្ងៃពុធទី​៨កញ្ញា លោកប្រមុខការបរទេសអាមេរិក បាន​ចាប់ផ្តើម​​និយាយ​ជាមួយ​ប្រទេសសម្ព័ន្ធមិត្ត​នៅអឺរ៉ុប ដើម្បីកំណត់​គោលជំហររួមមួយ ដែលត្រូវប្រកាន់​ ជាមួយ​​រដ្ឋាភិបាល​ថ្មី​របស់​ក្រុមតាលីបង់​។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមតាលីបង់ បានអះអាងថា សមាសភាពដែលគេទើបតែប្រកាស គឺមិនទាន់ពេញ​គ្រប់គ្រាន់ នៅឡើយទេ។ ចលនាតាលីបង់ នឹងព្យាយាម​បញ្ចូល​មនុស្ស​បន្ថែមទៀត ជាតំណាងភាគីនយោបាយ និងជនជាតិផ្សេងៗនៅអាហ្វហ្កានីស្ថាន។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ក្រៅពី​បាន​រក្សាស្ថានទូតខ្លួនប្រចាំក្រុងកាប៊ុល ឲ្យ​បន្តការងារធម្មតា ចិនគឺជាប្រទេសតែមួយគត់ ក្នុងចំណោម​ប្រទេសមហាអំណាច ដែលបានថ្លែងអបអរ ចំពោះ​​ការប្រកាស​សមាសភាពរដ្ឋាភិបាល​ក្រុមតាលីបង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ