អានតួអត្ថបទ

អាហ្វហ្កានីស្ថាន​ក្រោមការដឹកនាំ​របស់តាលីបង់​នឹងចាប់មាន ​ជើងហោះហើរ​ពាណិជ្ជកម្ម​ធម្មតា​ឡើងវិញ

បន្ទាប់ពីត្រូវ បិទ មិន​ដំណើរការ អស់ប៉ុន្មានថ្ងៃ ដោយសារ ការដកទ័ព​អាមេរិក ទាំងស្រុង​ ចេញពី​អាហ្វហ្កានីស្ថាន សកម្មភាព​ដឹកជញ្ជូន នៅ​ព្រលាន​យន្តហោះ ក្រុង​កាប៊ូល​បាន​ចាប់ដំណើរការ​មក​វិញ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ យន្តហោះ​របស់​ក្រុមហ៊ុន​កាតារ បាន​ដឹកជម្លៀស​ជនបរទេស ជិត ២០០នាក់ ចេញពី ទីក្រុង​កាប៊ុល។ ប៉ាគីស្ថាន​អះអាងកាលពីថ្ងៃ​សៅរ៍ថា នឹង​ ផ្តើមជើងហោះហើរ​ពាណិជ្ជកម្ម​ធម្មតាឡើងវិញ ជាមួយ ក្រុងកាប៊ុល​ចាប់ពីថ្ងៃ​ចន្ទ ស្អែក (ទី ១៣ កញ្ញា)។

តាលីបង់​បាន​បើក​ជើងហោះហើរ​ក្នុង​ស្រុកជាធម្មតាឡើងវិញ នៅថ្ងៃទី ៥​កញ្ញា នៅ ៥ថ្ងៃ​ក្រោយ ព្រលាន​យន្តហោះកាប៊ុល​ត្រូវ​បិទទ្វារ មួយរយៈបន្ទាប់ពី កងទ័ពអាមេរិក​ដកចេញទាំងស្រុង​ពីអាហ្វហ្កានីស្ថាន។
តាលីបង់​បាន​បើក​ជើងហោះហើរ​ក្នុង​ស្រុកជាធម្មតាឡើងវិញ នៅថ្ងៃទី ៥​កញ្ញា នៅ ៥ថ្ងៃ​ក្រោយ ព្រលាន​យន្តហោះកាប៊ុល​ត្រូវ​បិទទ្វារ មួយរយៈបន្ទាប់ពី កងទ័ពអាមេរិក​ដកចេញទាំងស្រុង​ពីអាហ្វហ្កានីស្ថាន។ AP - Wali Sabawoon
ផ្សាយពាណិជ្ជកម្ម

២០ឆ្នាំ​ក្រោយ ភេរវកម្ម​វាយប្រហារ​ក្រុងញូវយ៉ក ១១​កញ្ញា ដែល​ឈាន ទៅ​ផ្តួល​អំណាច​របស់ខ្លួន នៅ​អាហ្វហ្កានីស្ថាន ក្រុមតាលីបង់ ដែល​ឈ្នះសង្រ្គាម ត្រលប់​មក​គ្រប់គ្រង ​ប្រទេស ឡើងវិញ នៅ​ពាក់កណ្តាល ខែ​សីហា បាន​ព្យាយាម បញ្ជាក់​អំណាចដឹកនាំ របស់ខ្លួន តាមរយៈ ការដាក់ឲ្យ​ដំណើរការ​សេដ្ឋកិច្ច ជា​ធម្មតាឡើងវិញ។

ជើងហោះហើរ​ពាណិជ្ជកម្ម រវាង​ទីក្រុង​អ៊ីស្លាម៉ាបាត ទៅ​ទីក្រុង​កាប៊ុល ចាប់ពី​ថ្ងៃ​ចន្ទ ជា​សញ្ញា​បញ្ជាក់​ពីការទទួល​ស្គាល់​អំណាច​គ្រប់គ្រង​របស់​រដ្ឋាភិបាល​តាលីបង់ នៅ​អាហ្វហ្កានីស្ថាន។ តាម​ក្រុមហ៊ុន ហោះហើរ​ជាតិ​ប៉ាគីស្ថាន យន្តហោះ ដឹកអ្នកដំណើរ​ចេញពី​ទីក្រុង​អ៊ីស្លាម៉ាបាត ទៅកាន់​ទីក្រុង​កាប៊ុល នឹង​ចាប់ដំណើរការ ជាប្រក្រតីឡើងវិញ នៅ​ថ្ងៃ​ចន្ទ។ គិត​រហូតមកដល់​ថ្ងៃ​សៅរ៍ មាន​អ្នកដំណើរ ៧២នាក់ ដែល​មានតាំង​ពី​អ្នកកាសែត និង​បុគ្គលិក​ផ្នែកមនុស្សធម៌ ចង់​ធ្វើដំណើរ​ចូល​ទៅ​អាហ្វហ្កានីស្ថាន។

ក្រុមហ៊ុនហោះហើរ​ជាតិ​ប៉ាគីស្ថាន ជា​ក្រុមហ៊ុន​អន្តរជាតិ លើក​ដំបូងគេ ដែល​ចាប់អនុវត្ត​ជើងហោះហើរ ពាណិជ្ជកម្ម ទៅកាន់​អាហ្វហ្កានីស្ថាន ក្រោម របបដឹកនាំថ្មី​របស់​ពួកតាលីបង់។ ការបើក​ឲ្យមាន​ជើង​ហោះហើរ អន្តរជាតិ នៅព្រលានយន្តហោះកាប៊ុល ជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​ការទូត​របស់​អាមេរិក ដែលបាន​សន្យា ជម្លៀស បញ្ជូន​ចេញ ប្រជាជន​អាមេរិកាំង និង​ប្រជាជន​អាហ្វហ្កានីស្ថាន ដែល​ចង់ចេញ​ពី​អាហ្វហ្កានីស្ថាន នៅក្រោយ អាមេរិក​ដកទ័ព​ចេញទាំងស្រុង​ពីអាហ្វហ្កានីស្ថាន។

សូមបញ្ជាក់ថា ចាប់តាំង​ពី​ក្រុមតាលីបង់ ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល ដោយ​ធ្វើ​សង្រ្គាមតែ​ប៉ុន្មានខែ ឈ្នះចូល​គ្រប់គ្រង ប្រទេសឡើងវិញ អាមេរិក និង​ប្រទេស​លោកខាងលិច ជាច្រើន​បាន​ដឹកជម្លៀសប្រជាជន​របស់ខ្លួន ដោយ​ប្រថុចញ៉ុច បំផុត ចេញពីអាហ្វហ្កានីស្ថាន។ នៅ​អំឡុង​តែ ២​សប្តាហ៍ មុនដកខ្លួន​ចេញពី​អាហ្វហ្កានីស្ថាន អាមេរិក បាន​ជម្លៀស ជនជាតិ​របស់ខ្លួន ជនបរទេស ជាង ១សែន ២ម៉ឺន​នាក់ ដែល​នៅក្នុងនោះ មួយភាគបី ជា​ប្រជាជន​អាហ្វហ្កានីស្ថាន ដែល​ខ្លាច​ការសងសឹក របស់​ទាហាន​តាលីបង់។

នៅថ្ងៃ ព្រហស្បតិ៍ និង​ថ្ងៃសុក្រ ជនជាតិអាមេរិកាំង បារាំង កាណាដា និង​ជនជាតិ​អឺរ៉ុប ជាង ១០០នាក់ ដែល​នៅជាប់គាំង មិនអាច​ចាកចេញ ទាន់​ពីទីក្រុង​កាប៊ុល កាលពី​ថ្ងៃ​ទី ៣១​សីហា បាន​ធ្វើដំណើរ​ចាកចេញពី​កាប៊ុល តាមជើងហោះហើរ​របស់​ក្រុមហ៊ុន​កាតា។

នៅថ្ងៃសៅរ៍ អេមីរ៉ាត អារ៉ាប់រួម ដែល​ទទួល​បន្ទុក ធ្វើ​ឲ្យ​ព្រលានយន្តហោះ​កាប៊ុល មានដំណើរការ​ធម្មតាឡើងវិញ បាន​ប្រកាស​ថា ខ្លួន​បាន​ប្រើ​ច្រកហោះហើរ​អន្តរជាតិ ដើម្បី​ដឹកជញ្ជូន ជំនួយ​មនុស្សធម៌ សម្រាប់​ប្រជាជន​អាហ្វហ្កានីស្ថាន ដែល​ជួបវិបត្តិខ្វះស្បៀងអាហារ។ តាម​ប្រធានក្រុមហ៊ុនដឹកជញ្ជូន អេមីរ៉ាត អារ៉ាប់រួម ដែលជា​អ្នកចាត់ចែង សកម្មភាព នៅព្រលាន​យន្តហោះកាប៊ុល ចាប់តាំង​ពីថ្ងៃទី ៣​កញ្ញា ក្រុមហ៊ុន​បាន​ទទួល​យន្តហោះ ដឹកជញ្ជូន​ជំនួយមនុស្សធម៌ ចំនួន ១១​គ្រឿង។ នៅថ្ងៃ​សៅរ៍ យន្តហោះ​ពីរគ្រឿង មកពីអេមីរ៉ាត អារ៉ាប់រួម បាន​ដឹកនាំជំនួយ ដូចជា សាច់ ម្សៅទឹកដោះគោ ប្រេងឆា និង​សម្ភារៈ ថ្នាំពេទ្យផ្សេងទៀត សម្រាប់​ប្រជាជន​អាហ្វហ្កានីស្ថាន។

អេមីរ៉ាត អារ៉ាប់រួម ជា​ប្រទេស ដ៏កម្រ​មួយ ដែល​ធ្លាប់​បានទទួលស្គាល់ អំណាច​គ្រប់គ្រង​របស់​តាលីបង់ នៅអាហ្វហ្កានីស្ថាន ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០១។ ប៉ុន្តែ ជា​សម្ព័នមិត្ត​របស់អាមេរិក អេមីរ៉ាត អារ៉ាប់រួម បច្ចុប្បន្ននេះ ក៏កំពុងផ្តល់ជំរក​នយោបាយ ដល់​អតីតប្រធានាធិបតី​អាហ្វហ្កានីស្ថាន ដែល​បាន​រត់ចាកចេញពី​ប្រទេស នៅថ្ងៃ​ដែល ទាហាន​តាលីបង់​ចូល​កាន់កាប់ ក្រុង​កាប៊ុល កាលពីថ្ងៃទី ១៥​សីហា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ