អានតួអត្ថបទ
អាមេរិក-ភូមា-រ៉ូហ៊ីងយ៉ា

តុលាការ​អាមេរិក បង្គាប់ឲ្យFacebook បើកជា​សាធារណៈ​នូវ​សារនាៗ​ របស់​គណនី​ដែលពន្យុះ​​ឲ្យ​មាន​​ការ​កាប់សម្លាប់​ប្រជាជន​រ៉ូហ៊ីងយ៉ា

ចៅក្រមនៃតុលាការក្រុងវ៉ាស៊ីនតោន សហរដ្ឋអាេមរិក បានចេញដីកាមួយ នៅថ្ងៃទី​២៣កញ្ញាម្សិលមិញ បង្គាប់ឲ្យ​ក្រុមហ៊ុន​Facebook ត្រូវបើកបង្ហាញជាសាធារណៈ នូវសារនានា របស់គណនីហ្វេសបុក ដែលពាក់ព័ន្ធនឹង​ការពន្យុះ ឲ្យមានការកាប់សម្លាប់លើ​ប្រជាជនរ៉ូហ៊ីងយ៉ាងនៅភូមា។ ជាគណនីហ្វេសបុក របស់​ក្រុមមនុស្សជ្រុលនិយមនៅភូមា ដែលជាប់ពាក់ព័ន្ធកងទ័ព ព្រមទាំងក្រុមពុទ្ធសាសនាជ្រុលនិយមភូមា ហើយដែលត្រូវបាន​ក្រុមហ៊ុនហ្វេសបុកបិទចោល តែមិនបើកបង្ហាញជាសាធារណៈទេ ដោយអះអាងថា ខ្លាចបំពាននឹងសិទ្ធិឯកជន។

រូបភាពថ្ងៃទី ១ កញ្ញា ២០១៧ ប្រជាជនរ៉ូហ៊ីងយ៉ា រាប់ម៉ឺននាក់ នាំគ្នារត់​ភៀសខ្លួន​ ទៅកាន់ប្រទេសបង់ក្លាដែស ដើម្បីគេច​ចេញពី​ការកាប់សម្លាប់ នៅក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចភូមា។
រូបភាពថ្ងៃទី ១ កញ្ញា ២០១៧ ប្រជាជនរ៉ូហ៊ីងយ៉ា រាប់ម៉ឺននាក់ នាំគ្នារត់​ភៀសខ្លួន​ ទៅកាន់ប្រទេសបង់ក្លាដែស ដើម្បីគេច​ចេញពី​ការកាប់សម្លាប់ នៅក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចភូមា។ AP - Bernat Armangue
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ប្រទេសហ្កំប៊ី ដែលជាអ្នកដាក់ពាក្យ​ប្តឹងទៅតុលាការអាមេរិក បាន​សម្តែងការ​ត្រេកអរ ចំពោះការសម្រេច របស់តុលាការក្រុងវ៉ាស៊ីនតោន។ នៅក្នុងសាលដីកា លោកចៅក្រម Zia Faruqui បាន​លើកឡើងថា ការបដិសេធរបស់ក្រុម​ហ៊ុន Facebook មិនព្រមបើកបង្ហាញជាសាធារណៈ នូវសារនានាដែលពាក់ព័ន្ធ និងការញុះញង់ពន្យុះឲ្យមានការកាប់សម្លាប់ លើ​ប្រជាជនរ៉ូហ៊ីងយ៉ា ដោយសំអាងលើការការពារសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់នោះ គឺវាមិនមែនជារឿងសមហេតុ​សម​ផល​ទេ។

លោកចៅក្រម បាន​សង្កត់ធ្ងន់ថា ការបិទផ្អឹបសារទាំងនោះ គឺមានន័យស្មើនឹងការបិទខ្ទប់ ការស្វែងរកការពិត និងការ​ឆ្វេងយល់ អំពីតួនាទីរបស់ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ញុះញង់ បំប៉ោងឲ្យស្អប់ខ្ពើមគ្នា ហើយដែលវាឈានទៅបង្ក ឲ្យ​មានការប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ លើប្រជាជនរ៉ូហ៊ីងយ៉ា។ លោកចៅក្រម បានបន្ថែមថា សាររបស់​ថ្នាក់ដឹកនាំ​ភូមា ដែលពាក់ព័ន្ធនឹង​ការ​ញុះញង់ឲ្យ​ស្អប់ខ្ពើម​ប្រជាជនរ៉ូហ៊ីងយ៉ា គឺវាមិនត្រូវបាន​ចាត់ទុកថា អាចត្រូវការពារ ដោយ​សិទ្ធិឯកជន​របស់​អ្នកប្រើប្រាស់នោះទេ។

គួររំលឹកថា ក្រុមហ៊ុន Facebook ត្រូវបាន​គេរិះគន់ថាបានខ្វះចំណាត់ការ ទាក់ទិននឹងការផ្សព្វផ្សាយ​សារ អំពាវនាវឲ្យ​ប្រើអំពើហិង្សា កាប់សម្លាប់ប្រជាជនរ៉ូហ៊ីងយ៉ា នៅលើបណ្តាញសង្គមរបស់ខ្លួន កាលពីឆ្នាំ​២០១៧។ យ៉ាងហោចណាស់ មានប្រជាជនរ៉ូហ៊ីងយ៉ា ៧៤ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ចេញពីការកាប់សម្លាប់នៅភូមា។ យោងតាមអង្គការសិទ្ធិមនុស្សខ្លះ ប្រជាជន​រ៉ូហ៊ីងយ៉ា ជាច្រើនពាន់នាក់ ដែលត្រូវបានក្រុមជនពុទ្ធសាសនាជ្រុលនិយម និង​កងទ័ពភូមាសម្លាប់។

កាលពីថ្ងៃព្រហស្បតិ៍ ក្រោយតុលាការ​ក្រុងវ៉ាស៊ីនតោន ចេញសាលដីកា Facebook បានអះអាងថា ខ្លួន​បានសហការ​ដោយ​ស្ម័គ្រចិត្ត ប្រមាណ​១ឆ្នាំមកហើយ ជាមួយនឹង យន្តការស៊ើបអង្កេតឯករាជ្យ ស្តីពីភូមា (IIMM) បង្កើតឡើងដោយ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ Facebook និងបន្តផ្តល់ជូននូវទិន្នន័យបន្ថែមទៀត ទៅតាមការវិវឌ្ឍន៍នៃការស៊ើបអង្កេតនេះ។​

គួរបញ្ជាក់ថា នៅខែសីហាឆ្នាំ​២០១៨ បេសកកម្ម​ស្រាវជ្រាវអង្គហេតុ (MEF) នៃក្រុមការងាររបស់អង្គការសហប្រជាជាតិ បានសន្និដ្ឋានថា គឺអាចមាន​ករណី ប្រល័យពូជសាសន៍ ធ្វើទៅលើប្រជាជន​រ៉ូហ៊ីងយ៉ា បង្កឡើងដោយ​កងទ័ពភូមា។ នៅខែកញ្ញា ឆ្នាំដដែល តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ក្រុងឡាអេ បាន​បើក​ការស៊ើបអង្កេតបឋម ដើម្បីឈានទៅចោទប្រកាន់ មន្ត្រីកងទ័ពភូមា និងមនុស្សមួយចំនួន​ទៀត ពីបទ ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ