អានតួអត្ថបទ
ឥណ្ឌា-កាស្មៀរ

ទាហានឥណ្ឌា​ស្លាប់​៥នាក់ ក្រោយ​ការផ្ទុះ​អាវុធ​ជាមួយ​​ក្រុមឧទ្ទាម​តំបន់​​កាស្មៀរ

យ៉ាងហោចណាស់ មានទាហានឥណ្ឌា ស្លាប់ចំនួន​៥នាក់ ក្រោយ​ការ​ផ្ទុះអាវុធនៅតំបន់កាស្មៀរ រវាងទាហានឥណ្ឌា និងក្រុមឧទ្ទាមបំបែកទឹកដី។ គួរបញ្ជាក់ថា តំបន់កាស្មៀរ ដែលជាតំបន់ជម្លោះព្រំដែន រវាងឥណ្ឌា និង ប៉ាគីស្ថាន បាន​ផ្ទុះកក្រើក​ការ​វាយ​ប្រយុទ្ធគ្នា និងអំពើហិង្សា​ សាជាថ្មី កាលពីសប្តាហ៍មុន បន្ទាប់ពីមានករណីធ្វើឃាត សម្លាប់ប្រជាជនស៊ីវីល និងអ្នកនយោបាយឥណ្ឌានិយមចំនួន​៧នាក់។​ អាជ្ញាធរឥណ្ឌាបានចាត់ទុកថា គឺជាស្នាដៃរបស់ក្រុមឧទ្ទាម ដែលមានប៉ាគីស្ថាននៅពីក្រោយ។

សមត្ថកិច្ចឥណ្ឌា កំពុងតាមចាប់ក្រុមជន​ឧទ្ទាម ដែលបា​ន​សម្លាប់​មនុស្សជាច្រើននាក់ កាលពីសប្តាហ៍មុន នៅតំបន់កាស្មៀរ។ ក្រុងស្រីណាកា តំបន់កាស្មៀរ ថ្ងៃទី៧ តុលា ២០២១
សមត្ថកិច្ចឥណ្ឌា កំពុងតាមចាប់ក្រុមជន​ឧទ្ទាម ដែលបា​ន​សម្លាប់​មនុស្សជាច្រើននាក់ កាលពីសប្តាហ៍មុន នៅតំបន់កាស្មៀរ។ ក្រុងស្រីណាកា តំបន់កាស្មៀរ ថ្ងៃទី៧ តុលា ២០២១ AP - Dar Yasin
ផ្សាយពាណិជ្ជកម្ម

យោងតាមអ្នកនាំពាក្យ​កងទ័ពឥណ្ឌា ប្រចាំតំបន់កាស្មៀរ ទាហានឥណ្ឌា៥នាក់ បានរងរបួសស្លាប់ ក្រោយ​ការបាញ់តបត ជាមួយ​ក្រុមឧទ្ទាម នៅថ្ងៃចន្ទទី១១តុលា នៅតំបន់​ភ្នំមិនឆ្ងាយ​ប៉ុន្មានពីព្រំដែន​ជាមួយ​ប៉ាគីស្ថាន។ នេះ គឺជាករណី​ហិង្សា ផ្ទុះអាវុធ ធ្ងន់ធ្ងរបំផុត បន្ទាប់ពី​ ឥណ្ឌា​និង​ប៉ាគីស្ថាន បានចុះកិច្ចបទឈប់បាញ់នឹងគ្នា កាលពី​ខែកុម្ភកន្លងទៅ។

ហើយព្រមពេលជាមួយ​គ្នានេះ សមត្ថកិច្ចឥណ្ឌា បានអះអាងថាគេបាន​បាញ់សម្លាប់ សមាជិក​ក្រុមឧទ្ទាម ចំនួន​២នាក់ ដែលគេជឿថា គឺជាក្រុមជនដៃដល់ សម្លាប់មនុស្សជាច្រើននាក់ កាលពីសប្តាហ៍មុន។

គួររំលឹកថា ស្ថានភាព​នៅតំបន់កាស្មៀរ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានភាពតានតឹងជាខ្លាំង បន្ទាប់ពីមានករណីឃាតកម្ម សម្លាប់មនុស្សជាច្រើននាក់ ដែលភាគច្រើនគឺជាក្រុមមនុស្ស ដែលមាន​ទំនោរនយោបាយ​ ងាកទៅរកឥណ្ឌា។ ក្រុមឧទ្ទាម ឈ្មោះ « សមរភូមិតស៊ូ » ដែលទាមទារបំបែកទឹក​ដី​តំបន់កាស្មៀរ ហើយដែលឥណ្ឌាចោទថាមាន​ប៉ាគីស្ថាននៅពីក្រោយនោះ បាន​ចេញមុខ​ទទួល​ស្គាល់​ថា គឺក្រុមខ្លួន ដែលបានសម្លាប់មនុស្ស ចំនួន​៧នាក់ កាលពីសប្តាហ៍មុន ព្រោះថាមនុស្សទាំងនោះ សុទ្ធតែជាអាយ៉ងរបស់ឥណ្ឌា។

ក្រោយ​ករណីឃាតកម្មទាំងនេះ សមត្ថកិច្ចឥណ្ឌា បាន​បង្កើនការរិតបន្តិងសន្តិសុខ និង​បានតាមប្រមាញ់​ បំបែកបណ្តាញ​ក្រុមឧទ្ទាម។  យោងតាម​អាជ្ញាធរឥណ្ឌា គិតចាប់ពី​ដើមឆ្នាំ​មក មាន​ប្រជាជនស៊ីវីល ប្រមាណ​២៩នាក់​ ត្រូវបាន​ក្រុមឧទ្ទាម​សម្លាប់ ដោយក្នុងនោះមាន ២២នាក់ ជាអ្នកកាន់សាសនាអ៊ីស្លាម​។

យ៉ាងណាក៏ដោយ សមត្ថកិច្ចឥណ្ឌា ក៏ត្រូវបាន​គេចោទផងដែរ ថាបាន​បើក​ប្រតិបត្តិការ​ តាមប្រមាញ់ ធ្វើទារុណកម្ម និងសម្លាប់​ក្រុមឧទ្ទាម ក្រៅប្រព័ន្ធច្បាប់។ កាលពីថ្ងៃសៅរ៍ អង្គការ​ Human Rights Watch បាន​អំពាវនាវ ឲ្យ​ភាគីទាំងសងខាង ទទួលខុសត្រូវ ចំពោះ​ទង្វើរបស់ខ្លួន ហើយឈប់ប្រើអំពើហិង្សា ធ្វើបាបប្រជាជនតំបន់កាស្មៀរតទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ