អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-តាលីបង់

ភេរវកម្មអត្តឃាត​នៅ​ក្នុង​តំបន់​ដែនអំណាច​របស់​តាលីបង់​ សម្លាប់មនុស្ស​៣៣នាក់

អាហ្វហ្កានីស្ថាន ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​តាលីបង់ បាន​រងគ្រោះ​សាជាថ្មី ដោយសារ​អំពើភេរវកម្ម​អត្តឃាត។ នៅថ្ងៃ​សុក្រ ទី ១៥​តុលា អត្តឃាតជន​បាន​ចូល​ទៅបំផ្ទុះគ្រាប់បែក នៅក្នុង​វិហារអ៊ីស្លាម​ក្នុង​ទីក្រុង​កង់ដាហារភាគខាងត្បូង អាហ្វហ្កានីស្ថាន ក្នុង​វេលា​ដែល​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយឈីអ៊ីត​កំពុង​ធ្វើពិធីសូត្រធម៌។ នេះបើតាម​មន្រ្តីមូលដ្ឋាន​តាលីបង់ ដែល​ស្រង់សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មានបារាំង​AFP។ សាខា​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅអាហ្វហ្កានីស្ថាន​ធ្លាប់​ចេញ​មុខ​ទទួលខុសត្រូវ លើ​ការវាយប្រហារ​ភេរវកម្ម​អត្តឃាត ទៅលើ​វិហារ​អ៊ីស្លាម នៅ​ខេត្ត​Kunduz ដែល​បាន​សម្លាប់មនុស្ស​៥០នាក់ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន។

ទាហាន​តាលីបង់ និង​ប្រជាជន​អាហ្វហ្កានីស្ថាន​នៅក្នុង​វិហារ​របស់​និកាយ​ឈីអ៊ីត​នៅទីក្រុង​កង់ដាហារ នៅក្រោយ​ភេរវកម្ម​អត្តឃាត សម្លាប់មនុស្ស​៣៣​នាក់ កាលពីថ្ងៃ​សុក្រ​ទី ១៥ តុលា ២០២១
ទាហាន​តាលីបង់ និង​ប្រជាជន​អាហ្វហ្កានីស្ថាន​នៅក្នុង​វិហារ​របស់​និកាយ​ឈីអ៊ីត​នៅទីក្រុង​កង់ដាហារ នៅក្រោយ​ភេរវកម្ម​អត្តឃាត សម្លាប់មនុស្ស​៣៣​នាក់ កាលពីថ្ងៃ​សុក្រ​ទី ១៥ តុលា ២០២១ AFP - JAVED TANVEER
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន ការវាយប្រហារ​ភេរវកម្ម​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅ​ភាគខាងជើងអាហ្វហ្កានីស្ថាន បាន​សម្លាប់​មនុស្ស ៥០នាក់ ចំណែក ភេរវកម្ម​អត្តឃាត នៅថ្ងៃ​សុក្រ​ម្សិលមិញ បាន​ផ្តាច់ជីវិត​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយ ឈីអ៊ីត ៣៣នាក់ នៅ​ទីក្រុង​កង់ដាហារ ភាគខាងត្បូង​ប្រទេស។

នៅ​អាហ្វហ្កានីស្ថាន ក្នុង​រយៈពេល តែមួយសប្តាហ៍ អ្នកកាន់សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​​បាន​រងគ្រោះ ដោយសារ​ការវាយប្រហារ​ភេរវកម្ម​ដល់​ទៅ​២លើក។ ក្នុងករណី​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ប្រកាស​ទទួល​ស្គាល់ ថា ការវាយប្រហារ​ភេរវកម្ម​អត្តឃាតនៅទីក្រុង​កង់ដាហារ ជា​ស្នាដៃ​របស់ខ្លួន នោះ​ជាលើកទី១ ដែលក្រុមនេះ ហ៊ានចេញ​ធ្វើ​សកម្មភាព​បង្កអសន្តិសុខ ក្នុង​តំបន់​ដែនអំណាច​របស់​តាលីបង់។

នៅពេល​ជា​ក្រុមឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ក្រុមតាលីបង់ ដែលមកពីនិកាយ​ស៊ុននីត ដូច​ក្រុមជីហាតរដ្ឋអ៊ីស្លាម ធ្លាប់​បើកការវាយប្រហារ​ភេរវកម្ម សម្លាប់ប្រជាជន​អ៊ីស្លាម​និកាយ​ឈីអ៊ីត ដែលតំណាង​ឲ្យ​២០%​នៃប្រជាជន​អាហ្វហ្កានិស្ថាន​សរុប ៤០លាននាក់។ ប៉ុន្តែ ចាប់តាំង​ពី​ត្រលប់​ចូល​កាន់អំណាច​នៅអាហ្វហ្កានីស្ថាន ក្រុមតាលីបង់​បាន​ចាត់ទុក​សន្តិសុខ​ជានយោបាយ​អាទិភាព និង​សន្យា​ធានា​សុខ​សុវត្ថិភាព​ឲ្យ​ប្រជាជន​អាហ្វហ្កានីស្ថាន​មក​ពី​គ្រប់​និកាយ​សាសនា។

ដោយ​បើកការវាយប្រហារ​ភេរវកម្ម​អត្តឃាត ក្រុមជីហាតរដ្ឋអ៊ីស្លាម ខូរ៉ាសាន់ ដែលជា​សាខា​របស់ក្រុមជីហាត​រដ្ឋអ៊ីស្លាម​នៅអាហ្វហ្កានីស្ថាន កំពុង​ប្រជែង ផ្គើន​អំណាច​របស់​ក្រុមតាលីបង់ ដែល​តាំងខ្លួន ជា​អ្នកដឹកនាំ​ផ្តាច់មុខ ប្រទេស​អាហ្វហ្កានីស្ថាន។ នៅប៉ុន្មាន​សប្តាហ៍ចុងក្រោយនេះ ក្រុមនេះបាន​សំដៅវាយប្រហារ ទាំងទាហាន​តាលីបង់ និងក្រុមនិកាយឈីអ៊ីត​នៅអាហ្វហ្កានីស្ថាន។

វត្តមាន​ដ៏សកម្ម​របស់​ក្រុមភេរវនិយម ដូចជា​ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមអាល់កៃដា នៅ​អាហ្វហ្កានីស្ថាន ជា​ក្តីបារម្ភ​ផងដែរ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន។ នៅក្នុង​ជំនួប​កំពូល​របស់​ក្រុមប្រទេស អតីត​សហភាព​សូវៀត កាលពី​ថ្ងៃ​សុក្រ ប្រមុខរដ្ឋ​រុស្ស៊ី បាន​អះអាងថា នៅភាគខាងជើង អាហ្វហ្កានីស្ថាន ក្រុមជីហាត​រដ្ឋអ៊ីស្លាម បាន​ប្រមូលកកផ្តុះនៅអាហ្វហ្វានីស្ថាន ដោយ​សមាជិក​ប្រមាណ ២០០០នាក់។ តាម​ប្រធានាធិបតី​ពូទីន ក្រុមអង្គការ​រដ្ឋអ៊ីស្លាម ដែលធ្លាប់​ពង្រីកឈ្លានពាន​ទឹកដី​នៅ​ស៊ីរី និង​អ៊ីរ៉ាក់ កាលពី​ឆ្នាំ ២០១៤ កំពុង​មាន​គម្រោងការ​រើសសមាជិក ពង្រីក​ឥទ្ធិពល​របស់ខ្លួន ទៅក្នុង​ប្រទេស​នៅតំបន់​អាស៊ី​កណ្តាល និង​នៅក្នុងតំបន់​មួយចំនួន​របស់​រុស្ស៊ី តាមរយៈ ការញុះញង់​ឲ្យ​មានជម្លោះ រវាងជនជាតិភាគតិច និង​រវាង​អ្នកកាន់សាសនា​។

នៅប៉ុន្មាន​ថ្ងៃ​មុនធ្វើ​ជាម្ចាស់ផ្ទះ រៀបចំជំនួបកំពូល​ស្តីពីអាហ្វហ្កានីស្ថាន ប្រធានាធិបតី​រុស្ស៊ី​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​តាលីបង់ ផ្សះផ្សារ​ជាមួយ​កម្លាំងផ្សេងទៀត​ក្នុង​ប្រទេស ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម ដូចជា​ក្រុមជីហាត​រដ្ឋអ៊ីស្លាមជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ