អានតួអត្ថបទ
ភាពក្រីក្រ

ទិវាពិភពលោក​នៃ​ការ​បដិសេធទុរគតភាព​ ៖ វិបត្តិកូវីដ​​រុញ​ច្រាន​ជន​ក្រីក្រ​ឱ្យ​កាន់​តែ​វេទនា

ថ្ងៃអាទិត្យ​ទី ១៧ តុលានេះ ជា​ទិវាពិភពលោកនៃ​ការ​​បដិសេធ​ទុរគតភាព​។ ប៉ុន្តែ​ដោយ​ហេតុ​មហន្តរាយ​ធម្មជាតិ​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​វិបត្តិ​សុខាភិបាល​បណ្តាលមក​ពី​ជំងឺ​រាតត្បាត​កូវីដ​១៩ មាន​ប្រទេស​ជា​ច្រើន​បាន​រអិល​ធ្លាក់​កាន់​លឿន​ទៅ​ក្នុង​ជ្រោះ​នៃ​​អស្ថិរភាព​ស្បៀងអាហារ។ ជន​ក្រីក្រស្រាប់​កាន់​ធ្លាក់​ក្នុង​ទុគ៌តភាព​កាន់​ខ្លាំង ជាក់ស្តែង​ នៅ​ប្រទេស​ឥណ្ឌា ប្រេស៊ីល ឬ​ក្វាតេម៉ាឡា ...

កាលពី​ឆ្នាំទៅ ១/៦​នៃ​ប្រជាពលរដ្ឋ​ឥណ្ឌាបរិភោគ​មិន​ឆ្អែត
កាលពី​ឆ្នាំទៅ ១/៦​នៃ​ប្រជាពលរដ្ឋ​ឥណ្ឌាបរិភោគ​មិន​ឆ្អែត © Plan International
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​កូវីដ​និង​ការ​បិទខ្ទប់​ប្រទេស​ដើម្បី​ទប់​ស្កាត់ការ​​រាតត្បាត​ ជះ​ឥទ្ធិពល​អាក្រក់​ក្រៃ​ និង​បាន​ពន្លឿន​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ឥណ្ឌា។​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ២០២០-២១ ពលរដ្ឋ​ឥណ្ឌា​ចំនួន ២៣០​លាន​នាក់ ពោល​គឺ​ម្នាក់​ក្នុង​ចំណោម​៦នាក់​ បាន​ធ្លាក់​ខ្លួន​ក្នុង​ភាព​ក្រីក្រ​ទុរគត។ នេះ​បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​សាកលវិទ្យាល័យ​ឯកជនឥណ្ឌា​​ Azim Premji។ ពលរដ្ឋ​ក្រីក្រ​ស្រាប់​ ​ធ្លាក់​ក្នុង​គ្រោះទុរ្ភិក្ស និង​ភាគ​ច្រើន​​ហូប​​មិន​ឆ្អែត។ បើតាម​របាយការណ៍​ចេញ​ផ្សាយ​​កាលពី​សប្តាហ៍​មុន ឥណ្ឌា​បាន​ធ្លាក់​ចំណាត់ថ្នាក់​​ប្រទេស​ជួប​គ្រោះ​អត់​ឃ្លានពី​លេខ​១០១ ទៅលេខ ១១៦ និង​ទៅ​​នៅ​ក្រោយ​ប្រទេស​បង់ក្លាដែល​ដែល​ក្រីក្រ​ខ្លាំង​ជាង​ទៅ​ទៀត។

​​ចំនួនប្រជាពលរដ្ឋ​ឥណ្ឌាហូប​មិនគ្រប់​ ​(១/៦) ​កើន​ឡើងជា​លើក​ទី​មួយ ក្នុង​រយៈ​ពេល​​១៥​ឆ្នាំ​មក​នេះ​។ ប៉ុន្តែ​មហាសេដ្ឋី​១០០នាក់​ដែល​មាន​ជាង​គេ​បំផុត​របស់​ឥណ្ឌា​ ​កើន​ទ្រព្យ​៥០% ក្នុង​រយៈ​ពេលមួយ​ឆ្នាំ។ មាន​ន័យ​វិបត្តិ​កូវីដ​​បានរំលេច​ឱ្យ​មាន​វិសមភាព​សង្គម​កាន់​តែ​ខ្លាំង។

វិបត្តិ​កូវីដ​ក៏​បាន​រុញ​ច្រាន​​ប្រេស៊ីល​ឱ្យ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​កាន់​តែ​ខ្លាំង​និង​កាន់​តែច្រើន។ បើ​តាម​ការ​សិក្សា​របស់​បណ្តាញ​ Pensannជំនាញ​ខាង​សុវត្ថិភាព​ចំណីអាហារ ១០%​នៃប្រជាពលរដ្ឋ​ប្រេស៊ីល​រស់​ក្នុង​ភាព​ទុរគត​បំផុត ជាង​ពាក់កណ្តាលមាន​ជំងឺ​​ខ្វះ​អាហារ ឬ​បរិភោគ​មិន​គ្រប់។

កាន់​តែ​អណោចអធម​ទៀត ក្វាតាម៉ា ប្រទេស​ដ៏​ក្រីក្រ​បំផុត​នៅ​អាមេរិកឡាទីន កំពុង​ជួប​គ្រោះ​អស្ថិរភាព​ស្បៀងអាហារ​ធ្ងន់ធ្ងរ​មិនធ្លាប់​មាន​ទេ។ ប្រជាពលរដ្ឋ​១៦%​ មាន​គ្រោះ​ខ្វះ​អាហារូបត្ថម្ភ ១៨%​រស់​ក្នុង​អស្ថិរភាព​ស្បៀង​អាហារ​ធ្ងន់ធ្ងរ និងមធ្យម​​ ជាង​៤៥%។ បើ​តាម​អង្គការ​សហប្រជាជាតិ កុមារក្វាតេម៉ាឡា ​ក្រោម​អាយុ​៥​ឆ្នាំ ជិត​៥០%​មាន​ជំងឺ​ខ្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ ៣៩នាក់​បាន​ស្លាប់ គិត​ចាប់​តាំងពី​ខែមករា​​ដើម​ឆ្នាំមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ