អានតួអត្ថបទ
ឡាវ-គ្រឿងញៀន

សមត្ថកិច្ចឡាវ​ចាប់ឃាត់​គ្រឿងញៀន​ដ៏ច្រើន​បំផុត​​មិនធ្លាប់មាន តម្លៃ​ជាង​៥៥លាន​ដុល្លារ

យោងតាម​ទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួល​បន្ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ឲ្យ​ដឹងកាលពី​ថ្ងៃព្រហស្បតិ៍ ទី​២៨តុលា ថាសមត្ថកិច្ចឡាវ បានចាប់ឃាត់គ្រឿងញៀន ក្នុងតម្លៃជាង​៥៥​លាន​ដុល្លារ។ នេះគឺជាទំហំគ្រឿងញៀន ដែលត្រូវបាន​ចាប់ឃាត់ ធំបំផុតមិនធ្លាប់​មានទេ នៅតំបន់អាស៊ី។

រដ្ឋស្ហាន ភូមា គឺជាជង្រុងផលិតថ្នាំញៀន មេតំហ្វេតាមីន
រដ្ឋស្ហាន ភូមា គឺជាជង្រុងផលិតថ្នាំញៀន មេតំហ្វេតាមីន Thierry Falise / Contributeur / Getty Images
ផ្សាយពាណិជ្ជកម្ម

ថ្នាំគ្រាប់មេតំហ្វេតាមីន រួមទាំងមេតំហ្វេតាមីនគ្រីស្តាល់ ចំនួន​១៥៣៧គីឡូក្រាម ត្រូវបាន​អាជ្ញាធរឡាវចាប់ឃាត់បាន នៅថ្ងៃទី​២៨តុលា ។ គ្រឿងទាំងនេះ មានតម្លៃគិតជាទឹកប្រាក់ ប្រមាណ ៥៥លាន ៦សែនដុល្លារ ដែលជាទំហំច្រើនបំផុត មិនធ្លាប់មានទេ ក្នុង​ប្រតិបត្តិការ​ប្រឆាំងគ្រឿងញៀននៅអាស៊ី។ នេះបើ​ផ្អែកតាម​ការបញ្ជាក់ ពីលោក Jeremy Douglas តំណាងទីភ្នាក់ងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃអង្គការសហប្រជាជាតិ (ONUDC) ប្រចាំតំបន់អាស៊ី ។ ការចាប់ឃាត់លើកនេះ គឺគ្រឿងញៀន ថ្នាំគ្រាប់មេតំហ្វេតាមីន មានទំហំលើសការចាប់ឃាត់សរុបក្នុងឆ្នាំ​កន្លងទៅ ដល់ទៅ៣ដង នៅក្នុង​ប្រទេសឡាវ រីឯមេតំហ្វេតាមីនគ្រីស្តាល់ លើស​មួយភាគ៣។

សូមបញ្ជាក់ថា ការចាប់ឃាត់ថ្នាំញៀន ដ៏ច្រើន​បំផុតមិនធ្លាប់មាន ធ្វើឡើងដោយ​សមត្ថកិច្ចឡាវនេះ គឺបានកើតឡើង នៅ​ខេត្តបូកែវ ស្ថិតនៅចំចំណុចកណ្តាលនៃតំបន់ត្រីកោនមាស។ ថ្នាំញៀន ត្រូវបាន​គេបន្លំដាក់ក្នុង​រថយន្តកាមីញ៉ុង ដែលអ្នកបើកបរ​អះអាងថា ដឹកស្រាបៀរ « BeerLao »។

យោងតាមការចុះផ្សាយ​របស់បណ្តាញ​ព័ត៌មានក្នុងស្រុកឡាវ ក្រោយ​ការឃាត់ខ្លួនសួរនាំ អ្នក​បើក​បរ​​រថយន្តនោះ បាន​ចង្អុរបង្ហាញ​ផ្ទះមួយ​នៅមិនក្បែរនោះ ហើយសមត្ថកិច្ចបានឈានទៅ ចាប់ឃាត់​ខ្លួន​មនុស្ស​២នាក់។ ដោយឡែក ក្រុមហ៊ុនស្រាបៀរ Lao Brewery បានចេញលិខិតប្រកាសមួយ អះអាងថា ក្រុមហ៊ុនខ្លួន មិនពាក់ព័ន្ធអ្វីទាំងអស់ ទៅនឹងករណីនេះ ហើយរថយន្តដែលសមត្ថកិច្ច​ចាប់ឃាត់ ក៏មិនមានចុះបញ្ជី​នៅក្នុងក្រុមហ៊ុនខ្លួនដែរ។

គួរ​បញ្ជាក់ថា តំបន់ត្រីកោនមាស ព្រំដែនរវាង​ភូមា ថៃ នឹងឡា គឺជាជង្រុក​ផលិត​គ្រឿងញៀន ដ៏ធំបំផុត​នៅអាស៊ីអាគ្នេយ៍។ គ្រឿងញៀនកែច្នៃ បានក្លាយ​ជាប្រភពចំណូលដ៏សំខាន់ នៃបណ្តាញ​ឧក្រិដ្ឋកម្ម​នៅភូមា ព្រមទាំងក្រុមប្រដាប់អាវុធជនជាតិ​ភាគតិច ដែលរស់នៅក្បែរព្រំដែន​ឡាវ និង ថៃ។

ថ្នាំញៀនមេតំហ្វេតាមីន ជាគ្រីស្តាល់ ដែលមា​ន​កម្លាំងឥទ្ធពលខ្លាំងបំផុតនោះ គឺត្រូវបាន​គេចែក​ចាយ​ ទៅតាមទីផ្សាយ​ឯនាយសមុទ្រឆ្ងាយៗ ដើម្បីលក់​បានតម្លៃថ្លៃ ដូចជានៅអូស្ត្រាលី និងជប៉ុនជាដើម។ ហើយ​បើទោះបីជាពិភពលោកជួប​បញ្ហាកូវីដ តែចរាចរណ៍គ្រឿងញៀន​ប្រភេទនេះ ហាក់មិនបានចុះថយ​ទេ។

នៅភូមា មួយផ្នែកធំនៃរដ្ឋស្ហាន មិនស្ថិតក្រោមការគ្រប់គ្រង របស់​រដ្ឋាភិបាល​របបសិកភូមាទេ។ ចំណែក​នៅខាងថៃវិញ អាជ្ញាធរបាន​បានបន្ថែម​ការតាមដាន​ យ៉ាងសកម្ម​នៅតាមបណ្តោយ​ព្រំដែន ជាមួយ​ភូមា និងឡាវ តាំងតែពីផ្ទុះ​វិបត្តិកូវីដមក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគ មកពីប្រទេសក្បែរខាងទាំង២នេះ។ នៅក្នុងរបាយ​ការណ៍ចុងក្រោយ កាលពីខែមិថុនា អង្គការ​សហប្រជាជាតិ​ បាន​លើកឡើងថា ទីផ្សារថ្នាំញៀនមេតំហ្វេតាមីន នៅអាស៊ីអាគ្នេយ៍ បានរីកធំជា​លំដាប់។ រដ្ឋស្ហាន របស់​ប្រទេសភូមា គឺជាប្រភពដ៏ធំនៃថ្នាំញៀនប្រភេទនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ