អានតួអត្ថបទ
សិង្ហបុរី-សេរីភាព​សារព័ត៌មាន

សិង្ហបុរី៖ និពន្ធនាយក​បណ្តាញព័ត៌មាន The Online Citizen ប្រឈម​នឹង​ទោសជាប់​ពន្ធនគារ​២ឆ្នាំ ពីបទ​បរិហារកេរ្តិ៍

លោក Terry Xu និពន្ធនាយកបណ្តាញ​ព័ត៌មានឯករាជ្យមួយ​នៅសិង្ហបុរី ឈ្មោះ The Online Citizen ត្រូវបាន​តុលាការសិង្ហបុរី សម្រេចទទួលស្គាល់ទោស ពីបទបរិហារកេរ្តិ៍ ធ្វើទៅលើរដ្ឋមន្ត្រីមួយចំនួន នៃរដ្ឋាភិបាល។ ការសម្រេចនេះ ត្រូវបាន​ក្រុម​សកម្មជនសិទ្ធិមនុស្ស ចាត់ទុកថាវាគឺជាការ​បន្ត​ ​វិធានការ​ធ្វើបាប និង​បំបិទសិទ្ធិសេរីភាព​សារព័ត៌មាន បន្ទាប់ពី​បណ្តាញ​ព័ត៌មាន The Online Citizen ត្រូវបាន​អាជ្ញាធរសិង្ហបុរី ដកហូតអាជ្ញាបណ្ណ កាលពីចុងខែតុលា។

លោក Terry Xu អាយុ​៣៩ឆ្នាំ​ ស្ថាបនិក និងនិពន្ធនាយក នៃគេហទំព័រ​ The Online Citizen
លោក Terry Xu អាយុ​៣៩ឆ្នាំ​ ស្ថាបនិក និងនិពន្ធនាយក នៃគេហទំព័រ​ The Online Citizen © RFI
ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ២០១៨ គេហទំព័រ The Online Citizen បានចុះផ្សាយ​លិខិតមួយ ដែលមានខ្លឹមសារចោទប្រកាន់ រដ្ឋមន្ត្រីធំៗមួយចំនួន នៃរដ្ឋាភិបាលសិង្ហបុរី ថាបានធ្វើ​អំពើពុករលួយ។ លោក Terry Xu និពន្ធនាយកគេហទំព័រ ព័ត៌មានឯករាជ្យនេះ​ អាចប្រឈមនឹងទោសជាប់ពន្ធនាគារ​២ឆ្នាំ ព្រមទាំងត្រូវបង់ប្រាក់ពិន័យ ពីបទបានអនុញ្ញាត ឲ្យ​មានការផ្សព្វផ្សាយ​លិខិត ដែលមានខ្លឹមសារបរិហារកេរ្តិ៍នេះ។ សវនាកាសម្រេចទោស នឹងត្រូវធ្វើនៅខែធ្នូ។

ដោយឡែក លោក Daniel De Costa Augustin អាយុ៣៨ឆ្នាំ ដែលជាអ្នកសរសេលិខិតនេះ ត្រូវបានតុលាការសិង្ហបុរី សម្រេចទទួលស្គាល់ កាលពីថ្ងៃទី​១២វិច្ឆិកា ថាបានធ្វើអំពើបរិហារកេរ្តិ៍ និងបាន​បំពានច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមរយៈការផ្ញើឯកសារចេញពីគណនីមួយ ដែលមិនមែនជារបស់ខ្លួន ដោយ​គ្មានការអនុញ្ញាត។

យ៉ាងណាក៏ដោយ រដ្ឋអាជ្ញាសិង្ហបុរី បានអះអាងថា សំណុំរឿងនេះ វាមិនមានពាក់ព័ន្ធអ្វី ជាមួយសិទ្ធិសេរីភាពបញ្ចេញមតិអ្វីនោះទេ ហើយ​ក៏មិនមែនដូចពាក្យគេ​ចោទ ថារដ្ឋាភិបាលចង់សងសិក ធ្វើបាបលើ​បណ្តាញ​ព័ត៌មាននេះដែរ។ រដ្ឋអាជ្ញា អះអាងថាសំណុំរឿងនេះ ផ្តោតសំខាន់តែទៅលើចំណុចគតិយុត្តិ ថាតើមនុស្ស​ម្នាក់ អាច​ប្រើប្រាស់​គេហទំព័រ ឬបណ្តាញ​បច្ចេកវិទ្យាមួយ ដើម្បី​ផ្សព្វផ្សាយលិខិត ដែលចោទប្រកាន់ បែបបរិហារកេរ្តិ៍ ដោយ​គ្មានមូលដ្ឋានភស្តុតាងដែរឬទេ។

លោក Terry Xu បាន ប្រាប់អ្នកកសែតAFP ថាលោកខកចិត្តខ្លាំងណាស់ ចំពោះសេចក្តីសម្រេចរបស់តុលាការ។ លោកបានអះអាងថា នៅក្នុងលិខិតដែលគេហទំព័រលោក​បានចុះផ្សាយ គឺមិន​បាន​ចោទទៅលើ ឈ្មោះរដ្ឋមន្ត្រី ឬសមាជិករដ្ឋាភិបាលណាម្នាក់ ដោយ​ចំពោះនោះទេ។ លោកថ្លែងថា​លោកនឹងប្តឹងទាស់ ទៅសាលាឧទ្ធរណ៍។

គួរកត់សំគាល់ថា បរិយាកាសសេរីភាព​សារព័ត៌មាននៅសិង្ហបុរី នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហាក់មានភាព​ច្របូកច្របល់តានតឹងណាស់។ កាលពីខែកញ្ញា លោក Terry Xu ត្រូ​វបានតុលាការផ្តន្ទាទោស ឲ្យបង់ប្រាក់ពិន័យម្តងរួចហើយ នៅក្នុងសំណុំរឿងបរិហារកេរ្តិ៍ លោកនាយករដ្ឋមន្ត្រី លី សៀនឡុង។ ហើយ​កាលពីចុងខែតុលា គេហទំព័រ The Online Citizen ត្រូវបាន​អាជ្ញាធរ​សិង្ហបុរី ដកហូតអាជ្ញាបណ្ណផ្សព្វផ្សាយ ដោយចោទថាគេហទំព័រនេះ មិន​បាន​បង្ហាញពីប្រភព​ថវិកា។ ការផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ មួយ​​បន្ថែមទៀត មកលើ​និពន្ធនាយកគេហទំព័រនេះ ត្រូវបានគេមើលឃើញថា អាជ្ញាធរសិង្ហបុរី កំពុងតែរិតបន្តឹងកណ្តាប់ដៃ សង្កត់លើ​បណ្តាញ​ព័ត៌មានឯករាជ្យ។ បណ្តាញ​ព័ត៌មាន​សិង្ហបុរី គឺគ្របដណ្តប់ដោយ​បណ្តាញ​ដែលគាំទ្ររដ្ឋាភិបាល។ ក្នុងតារាងចំណាត់ថ្នាក់សេរីភាពសារព័ត៌មាន សិង្ហបុរីជាប់លេខរៀងទី ១៦០ ក្នុងចំណោម​ប្រទេសទាំងអស់ ១៨០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ