អានតួអត្ថបទ
ចិន-សិទ្ធិស្ត្រី-កីឡា

កីឡាការនី​តេនីសចិន ផឹង ស្ហយ បង្ហាញ​ខ្លួនជា​សាធារណៈ​ជាលើកទី១ ក្រោយ​​បាត់ខ្លួន​​ជិត​២សប្តាហ៍

នៅថ្ងៃអាទិត្យទី២១ វិច្ឆិកានេះ គេឃើញ​កីឡាការនីតេនីស ផឹង ស្ហយ បាន​​បង្ហាញខ្លួនជាសាធារណៈ នៅ​​ក្នុង​កម្មវិធី​ប្រកួត​តេនីស​កុមារមួយ នៅក្រុងប៉េកាំង។ នេះបើយោងតាមរូបភាពដែលផ្សព្វផ្សាយ​លើគណនីWeibo​ផ្លូវការ​ នៃការប្រកួត។ ការបង្ហាញវត្តមានជាលើកទី​១នេះ គឺបន្ទាប់ពីមាន​ការស្រែក​អំពាវនាវ ពីសំណាក់ពិភពកីឡាអន្តរជាតិ និង​សហគមអន្តរជាតិផង ថាឲ្យ​អាជ្ញាធរចិន ត្រូវតែបង្ហាញ​ភស្តុតាងជាក់ច្បាស់ ថាកីឡាការនីរូបនេះ ពិតជាស្ថិតនៅទីកន្លែងមានសុវត្ថិភាព។ កីឡាការនី ផឹង ស្ហយ បានបាត់ដំណឹងឈឹងសូន្យ​ ប្រមាណជិត២សប្តាហ៍ ក្រោយពេលដែលនាងបានចោទ លោកចាង កៅលី អតីតឧបនាយករដ្ឋមន្ត្រីចិន ពីបទ​បំពារបំពានផ្លូវភេទ។

កំពូលកីឡាការនីតេនីសចិន Peng Shuai  កំពុងចុះហត្ថលេខា ឲ្យក្មេងៗនៅក្នុង​កម្មវិធី Fila Kids Junior Tennis Challenger Final ក្នុងក្រុងប៉េកាំង ថ្ងៃទី២១ វិច្ឆិកា ២០២១
កំពូលកីឡាការនីតេនីសចិន Peng Shuai កំពុងចុះហត្ថលេខា ឲ្យក្មេងៗនៅក្នុង​កម្មវិធី Fila Kids Junior Tennis Challenger Final ក្នុងក្រុងប៉េកាំង ថ្ងៃទី២១ វិច្ឆិកា ២០២១ © REUTERS
ផ្សាយពាណិជ្ជកម្ម

គណនីWeiboផ្លូវការ​ របស់​China Open បានបង្ហោះរូបភាព​ប៉ុន្មានសន្លឹក បង្ហាញពីវត្តមាន​របស់​ កីឡាការនី ផឹង ស្ហយ (Peng Shuai) នៅក្នុង​កម្មវិធីប្រកួតកីឡាតេនីស​កុមារ Fila Kids Junior Tennis Challenger Finals នៅទីក្រុងប៉េកាំង។

រីឯ​គណនីTwitter របស់លោក Hu Xijin និពន្ធនាយកកាសែតGlobal Times ក៏បានបង្ហោះវីដេអូមួយផងដែរ នៃកម្មវិធីនេះ ដោយ​គេ​ឃើញកីឡាការនី ផឹង ស្ហយ កំពុងឈរកណ្តាល​ចំណោម​មនុស្ស ខណៈមានការសម្លេងប្រកាស​ឈ្មោះភ្ញៀវកិត្តិយស អមដោយ​សំឡេងទះដៃកងរំពង។ អ្នកកាសែត Global Times ម្នាក់ទៀត បាន​បង្ហោះវីដេអូ លើ Twitter ដែរ​ ដែលគេឃើញ កីឡាការនី ផឹង ស្ហយ កំពុងចុះហត្ថលេខាឲ្យ​ក្មេងៗ និងថតរូបជាមួយពួកគេ នៅក្នុង​ពហុកីលាដ្ឋានមួយ ដែលទំនងដូចជាទីតាំងតែមួយ។​

បន្ថែមពីនេះ នៅវេលាល្ងាចថ្ងៃសៅរ៍ លោក Hu Xijin ដែលគេដឹងថាជាមនុស្សស្និទ្ធនឹងរដ្ឋាភិបាលចិននោះ បានបង្ហោះវីដេអូចំនួន​២ទៀត បង្ហាញឲ្យ​ឃើញ កីឡាការនី ផឹង ស្ហយ កំពុង​ទទួលទានអាហារជាមួយ គ្រូបង្វឹក និង​មិត្តភក្តិរបស់នាង នៅក្នុងភោជនីយដ្ឋានមួយ ក្នុងក្រុងប៉េកាំង។

យ៉ាងណាក៏ដោយ បណ្តាញព័ត៌មានបារាំង AFP មិនអាចមានលទ្ធភាព​ពិនិត្យជាក់ច្បាស់ អំពីប្រភព ទីតាំង និង​កាលបរិច្ឆេទ នៃរូបថត ក៏ដូចជា​​វីដេអូ ដែលគេបង្ហោះផ្សាយ​ទាំងនេះទេ។ នៅក្នុងវីដេអូ ដែល​មានសំឡេងមនុស្សអ៊ូអរ បុរសម្នាក់ដែលអង្គុយទល់មុខ​កីឡាការនី ផឹង ស្ហយ បាន​​និយាយថា « ថ្ងៃអាទិត្យស្អែកនេះគឺជាថ្ងៃ ២០វិច្ឆិកា » មុននឹង​ស្ត្រីម្នាក់អង្គុយក្បែរនោះ កាត់សំដីថា « ទេ! ថ្ងៃអាទិត្យស្អែក គឺជាថ្ងៃទី ២១វិច្ឆិកា »។ ការឆ្លងឆ្លើយគ្នានេះ មានលក្ខណៈជាការរៀបចំឆាកល្ខោន ខណៈវីដេអូនេះ ត្រូវបានថតដោយទូរស័ព្ទដៃរបស់មនុស្សម្នាក់ទៀត ដែលគេមិនស្គាល់អត្តសញ្ញាណ។

លោក Steve Simon អគ្គនាយក ​WTA បានចេញលិខិតប្រកាស កាលពីថ្ងៃសៅរ៍ថា វាជាដំណឹងល្អមួយ បន្ទាប់ពីលោក​បានឃើញ​វីដេអូ បង្ហាញវត្តមានរបស់​កីឡាការនីផឹង ស្ហយ។ តែយ៉ាងណាលោកអះអាងថា វាមិន​គ្រប់គ្រាន់ទេ ព្រោះវីដេអូទាំងនេះ មិនអាចបញ្ជាក់ថា កីឡាការនីរូបនេះមានសិទ្ធិសេរីភាព អាចទៅណាមកណា ឬអាចសម្រេចអ្វីមួយដោយខ្លួនឯងបាននោះទេ។

សូមរំលឹកថា កីឡាការនីតេនីស ផឹង ស្ហយ អាយុ៣៥ឆ្នាំ អតីតជើងឯកលេខ១ពិភពលោក បានសរសេរសារលើទំព័រ Weibo កាលពីថ្ងៃទី២វិច្ឆិកា ចោទលោក ចាង កៅលី អតីតឧបនាយករដ្ឋមន្ត្រីចិន ថាបាន​ចាប់បង្ខំរួមភេទមកលើរូបនាង។ ក្រោយ​ការសរសេរសារនេះ នាងបានបាត់ដំណឹងឈឹងសូន្យ និងបានបង្កឲ្យ​មានការតវ៉ា អំពាវនាវ ពីសំណាក់ពិភពកីឡា និងសហគមអន្តរជាតិ ដែលទាមទារឲ្យអាជ្ញាធរចិន បង្ហាញភស្តុតាង ថានាងពិតជាមានសុវត្ថិភាព។ អគ្គនាយក WTA បានគំរាមថា នឹង​ផ្តាច់កិច្ចសន្យាជាមួយចិនទាំងអស់ មិនឲ្យចិនចូលរួមក្នុងការប្រកួតតេនីសអន្តរជាតិ ប្រសិនបើគ្មានដំណឹងជាក់ច្បាស់ណាមួយ ពីសុវត្ថិភាពរបស់​កីឡាការនី ផឹង ស្ហយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ