អានតួអត្ថបទ
ចិន-សិទ្ធិស្ត្រី-កីឡា

WTA នៅតែព្រួយ​​បារម្ភខ្លាំង ពី​សិទ្ធិសេរីភាព​​របស់​កីឡាការនី​តេនីស​ចិន ផឹង ស្ហយ

កីឡាការនីតេនីសចិនដ៏ល្បី ឈ្មោះ ផឹង ស្ហយ បានបាត់ខ្លួន​ប្រមាណជិត​២សប្តាហ៍ បន្ទាប់ពីនាងបានសរសេរសារ លើបណ្តាញសង្គម រៀបរាប់ថានាងត្រូវបាន​លោក ចាង កៅលី​ អតីតឧបនាយករដ្ឋមន្ត្រីចិន បំពារបំពានផ្លូវភេទ។ បន្ទាប់ពីមានអន្តរាគមន៍ អំពាវនាវ ពីសហគមអន្តរជាតិ និងពិភពកីឡា​អន្តរជាតិ កាលពីសប្តាហ៍មុននេះ គឺឃើញកីឡាការនីរូបនេះ បានបង្ហាញខ្លួនជាសាធារណៈឡើងវិញ។ ក៏ប៉ុន្តែ សមាគមតេនីស្តស្ត្រី WTA នៅតែបង្ហាញ​ការព្រួយបារម្ភខ្លាំង ស្តីអំពីសិទ្ធិសេរីភាព របស់កីឡាការនីចិនរូបនេះ។

កីឡាការនី Peng Shuai នឹង​លោក​អតីត​ឧបនាយករដ្ឋមន្ត្រីចិន Zhang Gaoli
កីឡាការនី Peng Shuai នឹង​លោក​អតីត​ឧបនាយករដ្ឋមន្ត្រីចិន Zhang Gaoli Paul Crock , Alexander Zemlianichenko AFP/Archivos
ផ្សាយពាណិជ្ជកម្ម

សមាគមតេនីសស្ត្រី WTA បាន​លើកឡើង កាលពីថ្ងៃទី២៧វិច្ឆិកាថា គេ​​នៅតែមាន​ការព្រួយ​បារម្ភខ្លាំង ទាន់ទិននឹងសិទ្ធិសេរីភាព​ របស់កីឡាការនី​ ផឹង ស្ហយ។ យោងតាមអ្នកនាំពាក្យ​សមាគមនេះ គឺលោក Steve Simon ដែលជាប្រធានសមាគម បាន​សាកល្បងទាក់ទង ទៅកីឡាការនី ផឹង ស្ហយ ដោយវិធីផ្សេងៗ តួយ៉ាងដូចជាតាមរយៈសារអ៊ីមែលជាដើម។ អ្នកនាំាពាក្យ ​WTA អះអាងថា បើ​ពិនិត្យ​លើចម្លើយតបមកវិញ វាច្បាស់ណាស់ ដែល​ថាកីឡាការនី ផឹង ស្ហយ កំពុងរងសំពាធឥទ្ធិពល ពីអ្នកផ្សេង។

គួររំលឹកថា កីឡាការនីតេនីសចិន វ័យ៣៥ឆ្នាំ ឈ្មោះផឹង ស្ហយ បានបាត់ខ្លួន បន្ទាប់ពីនាង​បានសរសេរសារបង្ហោះតាមបណ្តាញ Weibo កាលពីថ្ងៃទី​២វិច្ឆិកា ថានាងត្រូវបាន​លោក​ ចាង កៅលី អតីតឧបនាយករដ្ឋមន្ត្រីចាប់​បង្ខំ​ឲ្យ​រួម​ភេទ។ ក្រោយ​ការបង្ហោះសារនេះ នាងបានបាត់ខ្លួន​ប្រមាណ​២សប្តាហ៍ មិន​នឹងបានលេចមុខមកវិញ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីសហគម​អន្តរជាតិ និង​ពិភពកីឡា បាន​រួមគ្នាអំពាវនាវ និង​ដាក់សំពាធ​លើ​អាជ្ញាធរចិន។

កាលពីថ្ងៃអាទិត្យ កីឡាការនី ផឹង ស្ហយ បានជួប​និយាយ​តាមប្រព័ន្ធវីស៉្យូខុនហ្វឺរិនស៍ ជាមួយលោក​ Thomas Bach ប្រធានគណកម្មាធិការអន្តរជាតិកីឡាអូឡាំពិក។ យោងតាម​លោក​ម្នាក់នេះ គឺ​នាង ផឹង ស្ហយ បានអះអាងប្រាប់លោកថា នាងសុខសប្បាយ​ និង​កំពុងស្ថិតនៅគេហដ្ឋាន នៅក្នុងប៉េកាំង ហើយនាងសំណូមពរឲ្យ​គ្រប់គ្នា​ គោរពជីវិតឯកជនរបស់នាង។

តែយ៉ាងណា ដោយ​យោងលើភាសានិយាយស្តី ព្រមទាំងលក្ខណៈនៃការបង្ហាញខ្លួន របស់នាង ផឹង ស្ហយ បានធ្វើ​ឲ្យ​គណកម្មាធិការអូឡាំពិក មិនអាចទុកចិត្តបានទេ។ គេជឿថា កីឡាការនីរូបនេះ កំពុងរងសំពាធ ឬស្ថិតក្រោមការយាមតាមដាន ពីសំណាក់អាជ្ញាធរចិន។

ដោយឡែក កាលពីថ្ងៃអង្គារ លោក Zhao Lijian អ្នក​នាំពាក្យ​ក្រសួងការបរទេសចិន បានចេញ​មុខនិយាយជាលើកទីមួយ ទាក់ទិននឹងបញ្ហានេះ ដោយ​លោកលើកឡើងថា ករណី​កីឡាការនី ផឹង ស្ហយ វាមិនមានអ្វីពាក់ព័ន្ធ​នឹងនយោបាយការទូតនោះទេ។ លោក​បានសំណូមពរ ឲ្យ​ឈប់យកបញ្ហានេះ មក​មួរបង្កាច់ បង្ខូចកិត្តិយស ប្រឆាំង​រដ្ឋាភិបាលចិនតទៅទៀត។

តែយ៉ាងណាក៏ដោយ សហភាពអឺរ៉ុប បាន​ប្រកាសកាលពីថ្ងៃពុធថា អាជ្ញាធរចិនត្រូវតែបង្ហាញភស្តុតាងជាក់ច្បាស់ និងឯករាជ្យ ថាកីឡាការនី ផឹង ស្ហយ ពិតជាសុខសប្បាយ និង​មានសិទ្ធិសេរីភាពដើរហើរ ទៅណាមកណាជាធម្មតា។ ដូចគ្នាដែរ សមាគមWTA ដែលជាអ្នកចាត់ចែងរៀបចំការប្រកួតកីឡាតេនីសស្ត្រី ទូទាំងពិភពលោក បានអះអាង ដរាបណានៅគ្មានភស្តុតាងគួរឲ្យ​ទុកចិត្ត គឺគេនៅតែបន្តតាមជជីកសួរ រដ្ឋាភិបាលចិនជានិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ