អានតួអត្ថបទ
ចិន-អ៊ុយហ្កួរ-ប្រល័យពូជសាសន៍

អ.ស.ប រន្ធត់ចិត្ត ក្រោយ​​ឃើញ​​ការសន្និដ្ឋាន​របស់​ក្រុម​អ្នកជំនាញ​ឯករាជ្យ ស្តីពី​​ការរំលោភ​សិទ្ធិមនុស្ស​​នៅ​​​ស៊ីនជាំង

តំណាងឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានថ្លែងថា មានការរន្ធត់ចិត្តបំផុត បន្ទាប់ពីបានឃើញខ្លឹមសារ នៃ​ការសន្និដ្ឋានរបស់ក្រុមអ្នកជំនាញឯករាជ្យ ទាក់ទិននឹងការរំលោភសិទ្ធិមនុស្ស នៅខេត្តស៊ីនជាំងប្រទេសចិន។ គួរបញ្ជាក់ថា ក្រុមមេធាវី ​និង​​អ្នកជំនាញ​ឯករាជ្យនៅទីក្រុងឡុងដ៍ បានចេញរបាយការណ៍​មួយ កាលពីថ្ងៃទី​៩ធ្នូ អះអាងថា ចិនបានធ្វើអំពើ « ប្រល័យ​ពូជសាសន៍ » ទៅលើសហគមនជនជាតិភាគតិច កាន់សាសនាអ៊ីស្លាម​នៅខេត្តស៊ីនជាំង។ តែយ៉ាងណា អង្គការសហប្រជាជាតិ កំពុងតែពិនិត្យលំអិត លើការសន្និដ្ឋាននេះ ហើយ​នឹងចេញរបាយការណ៍របស់ខ្លួនមួយទៀត ក្នុងពេលខាងមុខ។

ទីតាំងដ៏ធំមួយ ដែលអង្គការសិទ្ធិមនុស្ស អះអាងថា ជា​មន្ទីរបង្ឃាំងមួយក្នុងចំណោម​មន្ទីរឃុំឃាំងជាច្រើនផ្សេងទៀត ដែលអាជ្ញាធរចិនបានសាងសង់ ដើម្បីដាក់ ជនជាតិអ៊ុយហ្កួរ។ ស៊ីនជាំង ថ្ងៃទី ២៣ មេសា ២០២១
ទីតាំងដ៏ធំមួយ ដែលអង្គការសិទ្ធិមនុស្ស អះអាងថា ជា​មន្ទីរបង្ឃាំងមួយក្នុងចំណោម​មន្ទីរឃុំឃាំងជាច្រើនផ្សេងទៀត ដែលអាជ្ញាធរចិនបានសាងសង់ ដើម្បីដាក់ ជនជាតិអ៊ុយហ្កួរ។ ស៊ីនជាំង ថ្ងៃទី ២៣ មេសា ២០២១ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

មេធាវី និង​អ្នកជំនាញសិទ្ធិមនុស្ស​មួយក្រុម មានសមាជិក៩នាក់ បានរួមគ្នាបង្កើតក្រុមការងារមួយ​ ដាក់ឈ្មោះថា « តុលាការអ៊ុយហ្គួរ »។ ឆ្លងកាត់ការស្រាវជ្រាវ​ ប្រមូលឯកសារ ភស្តុតាង និង​ សក្ខីកម្ម អស់រយៈពេលជាច្រើនខែ ក្រុមអ្នកជំនាញឯករាជ្យនេះ បានចេញរបាយការណ៍មួយ កាលពីថ្ងៃទី​៩ធ្នូ ដោយ​បាន​ចាត់ទុកថា អ្វីដែលអាជ្ញាធរចិន បានធ្វើទៅលើជនជាតិអ៊ុយហ្កួរ និង​សហគមន៍ជនជាតិភាគតិច កាន់សាសនាអ៊ីស្លាមឯទៀត នៅក្នុងខេត្តស៊ីនជាំង វាគឺជាអំពើ​« ប្រល័យពូជសាសន៍ »។

ថ្លែងទៅកាន់អ្នកកាសែត លោក Rupert Colville អ្នកនាំពាក្យ​ឧត្តមស្នងការសិទ្ធិមនុស្ស​ នៃអង្គការសហប្រជាជាតិ បាន​បញ្ចៀសមិន​លើកឡើងអំពី ពាក្យថា « ប្រល័យពូជាសាសន៍ » ទេ។ តែលោកបាន​អះអាងថា ក្រុមការងារលោក​មានការ​រន្ធត់ចិត្តណាស់ បន្ទាប់ពីបាន​អានរបាយការណ៍ខាងលើ​។ លោកបន្ថែមថា ការសន្និដ្ឋាននេះ គឺវាមានទំរង់ប្រហាក់ប្រហែល នឹង​អ្វីដែល​ក្រុម​ការងារលោក​​ធ្លាប់បាន​សង្កេតឃើញ ដែលមានដូចជា ការចាប់ដាក់ឃុំក្រៅប្រព័ន្ធច្បាប់ អំពើជិះជាន់ ទារុណកម្ម ការដកហូតសិទ្ធិសង្គម វប្បធម៌ និងសិទ្ធិពលរដ្ឋ ជាដើម។ អ្នកនាំពាក្យរូបនេះ អះអាងថា អង្គការសហប្រជាជាតិ កំពុងតែប្រមូល​ឯកសារ ដើម្បីចេញរបាយការណ៍ផ្ទាល់ខ្លួនមួយទៀត​ ស្តីពីស្ថានការណ៍រំលោភសិទ្ធិមនុស្ស នៅខេត្តស៊ីនជាំង​នេះ។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញតុលាការ​អ៊ុយហ្គួរ បាន​លើកឡើងថា គេគ្មានភស្តុតាងអ្វី មកបញ្ជាក់ថា អាជ្ញាធររដ្ឋចិន បានសម្លាប់រង្គាល ទៅលើ​ប្រជាជនអ៊ុយហ្គួរ និងជនជាតិភាគតិចផ្សេងទៀត នៅខេត្តស៊ីនជាំងទេ។ ក៏ប៉ុន្តែ មានធាតុផ្សំជាច្រើនបានរួមគ្នា បញ្ជាក់អំពី « ចេតនារបស់រដ្ឋចិន  ក្នុងការ​ធ្វើអំពើប្រល័យពូជសាសន៍ » ដូចអ្វីដែលមាន​កំណត់ នៅ​ក្នុងសន្ធិសញ្ញា ​ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។

យោងតាមរបាយការណ៍ កម្រាស់៦៣ទំព័រនេះ អាជ្ញាធរចិនបានធ្វើសកម្មភាពកាត់ស្បូនស្ត្រី​ជនជាតិ​អ៊ុយហ្គួរ ចាប់បង្ខំឲ្យរំលូតកូន និងចាប់ក្រៀវ​កុំឲ្យ​មានកូនជាដើម។ វិធានការទាំងនេះ គឺវាស្តែងអំពីចេតនា​កាត់បន្ថយ និង​កំទេចចំនួនប្រជាជនអ៊ុយហ្គួរទៅថ្ងៃអនាគត។ ក្រុមអ្នកជំនាញ បានអះអាងផងដែរថា រដ្ឋចិនជាអ្នកទទួលខុសត្រូវ លើអំពើឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ ដូចជាការ​ចាប់មនុស្សដាក់ឃុំដោយខុសច្បាប់ ការធ្វើទារុណកម្ម អំពើហិង្សាផ្លូវភេទ ការកាត់ផ្តាច់លទ្ធភាពបង្កកំណើត និង​អំពើអមនុស្សធម៌ជាច្រើនទំរង់ផ្សេង​ទៀត។

ក្រសួងការបរទេសចិន បានច្រានចោលរបាយការណ៍នេះ ថាជារបាយការណ៍ភូតកុហក និង​បានអះអាងថា វាគឺជាឧបករណ៍នយោបាយ បង្កើតឡើងដោយ​ប្រទេសលោកខាងលិច ដើម្បីបង្កាច់បង្ខូចកិត្តិយសចិនតែប៉ុណ្ណោះ។

គួររំលឹកថា លោកស្រី Michelle Bachelet ប្រធានឧត្តមស្នងការសិទ្ធិមនុស្ស ធ្លាប់បានទាមទារចុះទៅ​ពិនិត្យ​ដោយ​ផ្ទាល់ នៅខេត្តស៊ីនជាំង ជាច្រើនឆ្នាំ​មកហើយ តែសំណើរនេះ ត្រូវបាន​អាជ្ញាធរចិនបដិសេធជានិច្ច។ ទាក់ទិននឹងសំណុំរឿងរំលោភសិទ្ធិមនុស្សនៅខេត្តស៊ីនជាំងនេះ សហរដ្ឋ​អាមេរិក បាន​ប្រកាស​ធ្វើពហិការការទូត មិនចូលរួមក្នុងកម្មវិធីប្រកួតកីឡាអូឡាំពិករដូវរងារ នៅក្រុងប៉េកាំងនាដើមឆ្នាំ​២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ