អានតួអត្ថបទ
យូណេស្កូ-សិល្បៈបុរាណ

យូណេស្កូ អំពាវនាវ​សហគមន៍​អន្តរជាតិ រួមគ្នា​ពង្រឹង​ការប្រយុទ្ធ​ប្រឆាំង​នឹង​​ការជួញដូរ​​វត្ថុសិល្បៈ​បុរាណ

តំណាងអង្គការយូណេស្កូ បានអំពាវនាវ ឲ្យ​ប្រទេសទាំងអស់រួមគ្នា ពង្រឹងការប្រយុទ្ធប្រឆាំងនឹង​ ការជួញដូរវត្ថុសិល្បៈបុរាណ។ ខណៈដែលការប្រគល់ត្រលប់ទៅឲ្យ​ប្រទេសដើមវិញ នូវវត្ថុសិល្បៈមានតម្លៃ ត្រូវបាន​គេធ្វើកាន់តែច្រើនឡើងៗ អង្គការយូណេស្កូ បានអំពាវនាវ ឲ្យ​ប្រទេសទាំងអស់​រួមសហការគ្នា នៅក្នុងតំបន់ ដើម្បី​ទប់ស្កាត់សកម្មភាពជួញដូរដោយ​ខុសច្បាប់ នូវវត្ថុសិល្បៈវប្បធម៌។

សន្និសីទអង្គការយូណេស្កូ ស្តីពីមធ្យោបាយ​ប្រយុទ្ធប្រឆាំងនឹង​ការជួញដូរវត្ថុបុរាណ នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា
សន្និសីទអង្គការយូណេស្កូ ស្តីពីមធ្យោបាយ​ប្រយុទ្ធប្រឆាំងនឹង​ការជួញដូរវត្ថុបុរាណ នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា © Twitter UNESCO New Delhi
ផ្សាយពាណិជ្ជកម្ម

ថ្លែងពីទីក្រុង​ញូដេលី ក្នុងឱកាសសន្និសីទស្តីពីមធ្យោបាយ​ប្រយុទ្ធនឹងការជួញដូរវត្ថុសិល្បៈ លោក Eric Falt តំណាងអង្គការយូណេស្កូ ប្រចាំតំបន់អាស៊ីខាងត្បូង បាន​លើកឡើងថា មានការទទួលស្គាល់កាន់តែច្រើនឡើងៗ ថាវត្ថុសិល្បៈ ដែលត្រូ​វបានយកចេញ ដោយខុសច្បាប់ពីប្រទេសដើម គឺត្រូវតែប្រគល់ត្រលប់ទៅប្រទេសដើមវិញ។

តំណាងអង្គការយូណេស្កូរូបនេះ បាន​បន្ថែមថា បច្ចុប្បន្ននេះ មធ្យោបាយ​មួយ ក្នុងការ​ពង្រឹងការប្រយុទ្ធ​ប្រឆាំងការជួញដូរវត្ថុសិល្បៈបុរាណ គឺផ្អែកលើសន្ធិសញ្ញាយូណេស្កូ ចុះនៅឆ្នាំ​១៩៧០ ដែលមាន​ប្រទេស​ប្រមាណ​ ១៤១ប្រទេស បាន​ធ្វើសច្ចាប័នគោរព។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ការរៀបចំកសាង កិច្ចសហប្រតិបត្តិការក្នុងតំបន់ ត្រូវតែពង្រឹងបន្ថែមឲ្យ​បានល្អប្រសើរជាងនេះ ដើម្បី​ឲ្យ​ការប្រយុទ្ធប្រឆាំងការជួញដូរវត្ថុបុរាណ​ អាចធ្វ​ើទៅបាន​ដោយប្រសិទ្ធភាព។

លោក​បានឆ្លៀតលើកឡើងផងដែរថា ឥណ្ឌាគឺជាប្រទេសមួយដែល​មានសម្បត្តិវប្បធម៌ និង​វត្ថុសិល្បៈបុរាណច្រើន និងសំបូរបែបបំផុត។​ ឥណ្ឌាក៏ជាប្រទេសមួយ​ បានរងគ្រោះខ្លាំងផងដែរ ដោយការជីក កាប់គាស់ លួច​វត្ថុសិល្បៈបុរាណរបស់ខ្លួន ដោយ​បណ្តាញឈ្មួញទុច្ចរិត។ តែទន្ទឹមនឹងនេះ ប្រទេសជាច្រើនបានចាប់​ផ្តើម ស្ម័គ្រ​ចិត្ត​ប្រគល់វត្ថុសិល្បៈមកឲ្យ​ប្រទេសដើមវិញ បន្ទាប់ពីបានដឹងអំពី​ប្រភពខុសច្បាប់ នៃការជួញដូរវត្ថុសិល្បៈទាំងនេះ។ ជាក់ស្តែង នៅក្នុងឱកាសទស្សនកិច្ចលើកទី១របស់​លោក​នាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រ ម៉ូឌី ទៅសហរដ្ឋអាមេរិក អាមេរិកបានប្រគល់វត្ថុសិល្បៈចំនួន ១៥៧ មកឲ្យ​ឥណ្ឌាវិញ។

ជាមួយគ្នានេះដែរ សារៈមន្ទីរជាតិអូស្ត្រាលីនៅទីក្រុងកង់បេរ៉ា បាន​ប្រកាសកាលពីខែកក្កដាកន្លងទៅថា នៅឆ្នាំ​២០២២ខាងមុខ គេនឹងប្រគល់​មក​ឲ្យ​ឥណ្ឌាវិញ នូវវត្ថុសិល្បៈចំនួន​ ១៤មុខ ដែលមានតម្លៃទឹកប្រាក់ប្រមាណ​ ២.២លានដុល្លារ។ វត្ថុសិល្បៈ១៣ ក្នុង​ចំនោមនោះ គឺមានពាក់ព័ន្ធជាមួយ​នឹងឈ្មួញជួញដូរវត្ថុបុរាណម្នាក់ ឈ្មោះ Subhash Kapoor ដែលត្រូវបានអាជ្ញាធរអាមេរិក ចាប់ខ្លួនកាលពីឆ្នាំ​២០១១។

លោក Alok Tripathi អគ្គនាយកក្រុម​សង្កេតការណ៍បុរាណវិទ្យាឥណ្ឌា បានទទួលស្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាមានការប្រគល់វត្ថុបុរាណ​មកឲ្យ​ឥណ្ឌាវិញ កាន់តែច្រើនពិតមែន​។ ហើយ​បច្ចុប្បន្ន អាជ្ញាធរឥណ្ឌាកំពុងតែបើកការចរចា ថ្មីៗទៀត ដើម្បីសុំត្រលប់មកវិញនូវវត្ថុបុរាណ ដែលត្រូវបានយកចេញពីប្រទេសខ្លួន ដោយ​ខុសច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ