អានតួអត្ថបទ
ថៃ-ភូមា-ជនភៀសខ្លួន

UNHCR អំពាវនាវ​ឲ្យថៃ បើក​ផ្លូវឲ្យ​គេចូល​ទៅជួយ​​ជនភៀសខ្លួន ដែល​រត់គេច​ពី​ការ​​ប្រយុទ្ធគ្នា​​នៅ​រដ្ឋស្ហាន​​​ប្រទេស​​ភូមា

កាលពីសប្តាហ៍​កន្លងទៅ ការវាយ​ប្រយុទ្ធគ្នាសាជាថ្មី បានផ្ទុះឡើង រវាងកងទ័ពជាតិភូមា និង​ក្រុមឧទ្ទាមសម្ព័ន្ធជាតិការ៉េន នៅរដ្ឋស្ហាន។ មាន​ប្រជាជន​ជិត៤ពាន់នាក់ បានភៀសខ្លួន​គេចពីការវាយ​ប្រយុទ្ធនេះ ហើយ​បានព្យាយាមហែលឆ្លងទន្លេ តាមបណ្តោយ​ព្រំដែន ទៅកាន់ប្រទេសថៃ។ អង្គការសហប្រជាជាតិ ទទួលបន្ទុកជន​ភៀសខ្លួន បានអំពាវនាវកាលពីថ្ងៃចន្ទទី​២០ធ្នូ ឲ្យ​រដ្ឋាភិបាល​ថៃ បើកផ្លូវឲ្យ​ក្រុមការងារអង្គការសហប្រជាជាតិ អាចចូលទៅជួយ ជនភៀសខ្លួន​ភូមាទាំងនោះ។

ជនភៀសខ្លូនភូមា មានស្ត្រីនិងកុមារជាច្រើននាក់ ដែលរត់គេចពីការប្រយុទ្ធគ្នាក្នុង​រដ្ឋ​ស្ហាន មកកាន់​ខេត្តតាកប្រទេសថៃ។ ថ្ងៃទី ១៧ ធ្នូ ២០២១
ជនភៀសខ្លូនភូមា មានស្ត្រីនិងកុមារជាច្រើននាក់ ដែលរត់គេចពីការប្រយុទ្ធគ្នាក្នុង​រដ្ឋ​ស្ហាន មកកាន់​ខេត្តតាកប្រទេសថៃ។ ថ្ងៃទី ១៧ ធ្នូ ២០២១ AP - Chiraunth Rungjamratratsami
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍កន្លងទៅ មានប្រជាជនកេរ៉េន ប្រមាណ​៧០០នាក់ បានហែលឆ្លងទឹកទន្លេ ​Moei ដែលជាព្រំដែនរវាងរដ្ឋស្ហានប្រទេសភូមា និង​ខេត្តតាកប្រទេសថៃ។ ដោយសារតែការវាយប្រហារ បាញ់ប្លោងគ្រាប់កាំភ្លើងធំ នៅតែបន្តរហូតដល់ថ្ងៃអាទិត្យ មានមនុស្សជាច្រើនពាន់នាក់ផ្សេងទៀត បានបន្តរត់ភៀសខ្លួន មកកាន់ប្រទេសថៃ។

យោងតាមអាជ្ញាធរខេត្តតាកប្រទេសថៃ គិតត្រឹមថ្ងៃចន្ទទី២០ធ្នូ មានជនភៀសខ្លួនការ៉េនប្រមាណ​៣៩០០នាក់ ដែលបានភៀសខ្លួនមកដល់ខាងថៃ។ ពួកគេត្រូវបានអាជ្ញាធរថៃ រៀបចំឲ្យ​ស្នាក់នៅបណ្តោះអាសន្ន ក្នុងជំរំ២ទីតាំងខុសគ្នា មិនឆ្ងាយ​ប៉ុន្មានពីព្រំដែន។

ដោយមានការព្រួយបារម្ភ ពីសុវត្ថិភាព និងសុខមាលភាព របស់ជនភៀសខ្លួន នៅថ្ងៃចន្ទ ទី​២០ធ្នូ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR បានចេញសេចក្តីប្រកាសមួយ អំពាវនាវសុំ​ឲ្យរដ្ឋាភិបាលថៃ បើក​ភ្លើងខៀវ ឲ្យ​ក្រុមមន្ត្រីអន្តរជាតិ ចូលទៅជួយ​ជនភៀសខ្លួន​ការ៉េនទាំងនោះ​។

យោងអគ្គលេខាធិការ​អង្គការជួយស្រ្តីការ៉េន គឺអាជ្ញាធរថៃ បានជួយ​ជាជំនួយ​មនុស្ស​ធម៌ ដល់ជនភៀសខ្លួន និង​បានរៀបចំបណ្តាញដឹកជញ្ជូន អ្នកដែលស្ម័គ្រចិត្ត ឲ្យ​ត្រលប់ទៅរដ្ឋស្ហានវិញ។ ក៏ប៉ុន្តែ​ ជនភៀសខ្លួននៅតែមានការភ័យខ្លាច ដោយសារតែការវាយ​ប្រយុទ្ធគ្នា រវាងកងទ័ពជាតិភូមា និង​ក្រុមឧទ្ទាមសម្ព័ន្ធជាតិការ៉េន KNU នៅតែបន្តដដែល។ ជាក់ស្តែងនៅថ្ងៃចន្ទ ការវាយ​ប្រយុទ្ធបាញ់ប្លោងគ្រាប់កាំភ្លើងធំ បាន​ផ្ទុះឡើងនៅតំបន់ Mae Htaw Thalay មិនឆ្ងាយ​ប៉ុន្មានពីព្រំដែនថៃ។

លោក Zaw Min Tun អ្នកនាំពាក្យរបបសិកភូមា បានទទួលស្គាល់ថា ពិតជាមានការវាយ​ប្រយុទ្ធគ្នាមែន​ នៅក្នុងរដ្ឋស្ហាន ក្បែរព្រំដែនថៃ។ អ្នកនាំពាក្យរូបនេះ អះអាងថា កងទ័ពជាតិភូមា បានគ្រប់គ្រងស្ថានការណ៍ហើយ ហើយ​កំពុងចរចាជាមួយ​នឹងតំណាងរបស់​ក្រុមឧទ្ទាមការ៉េន។

គួររំលឹកថា នៅក្រោយ​រដ្ឋប្រហារយោធានៅខែកុម្ភៈ ក្រុមឧទ្ទាម​ការ៉េន បានចេញមុខ​ប្រឆាំងនឹងរបបសិកភូមា​ ខ្លាំងជាងគេ នឹងបាន​ទទួលក្រុមសកម្មជននយោបាយ​ប្រឆាំងជាច្រើននាក់​ ឲ្យ​ចូលទៅពួនសំងំលាក់ខ្លួន នៅក្នុងរដ្ឋស្ហាន។ យោងតាមប្រភពមួយចំនួន ការផ្ទុះអាវុធជាថ្មីនេះ បាន​កើតឡើង បន្ទាប់ពីបណ្តាញ​ព័ត៌មាន​រដ្ឋភូមា បានផ្សព្វផ្សាយថា កងទ័ពជាតិភូមា បានសំរុកចូលទៅក្នុងរដ្ឋស្ហាន ដើម្បីតាមចាប់ខ្លួន​ក្រុមអ្នកប្រឆាំងនឹងរបបសិកភូមាជាច្រើននាក់ ក្នុងនោះមាន​អតីតតំណាងរាស្រ្ត​ម្នាក់ ស្និទ្ធនឹងលោកស្រីអ៊ុងសាន ស៊ូជី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ