អានតួអត្ថបទ
ចិន-ទីបេ-អាមេរិក

អាមេរិក​តែងតាំង​ប្រេសិត​ពិសេស ទទួល​បន្ទុក​​សំណុំ​រឿង​តំបន់​ទីបេ

រដ្ឋាភិបាល​អាមេរិក បាន​ប្រកាសតែងតាំង លោកស្រី Uzra Zeya ឲ្យ​ធ្វើជា​អ្នកសម្របសម្រួលពិសេស នៅក្នុង​កិច្ចការលើកកំពស់​ការគោរពសិទ្ធិមនុស្សនៅទីបេ ព្រមទាំង​ជំរុញការចរចា រវាងរដ្ឋាភិបាលចិន និង​សម្តេចសង្ឃដាឡៃឡាម៉ា។ នេះគឺជាកាយវិការជានិម្មិតរូបមួយ របស់រដ្ឋាភិបាល​លោកចូ បៃដិន។ តែគេពិបាក​សង្ឃឹមណាស់ ថារដ្ឋាភិបាលចិន នឹងយកចិត្តទុកផ្តល់សារៈសំខាន់ លើការគោរពសិទ្ធិមនុស្សនៅទីបេ ហើយ​នឹង​​បើកការចរចា ជាមួយ​សម្តេចសង្ឃដាឡៃឡាម៉ានោះ។

សង្ឃទីបេ កំពុងរៀនភាសាចិនកុកងឺ ដែលរដ្ឋអំណាចចិនបានដាក់កំហិត នៅតាម​សាលារៀនទាំងអស់ នៅតំបន់ទីបេ។ ក្រុងឡាសា ថ្ងៃទី ៣១ ឧសភា ២០២១
សង្ឃទីបេ កំពុងរៀនភាសាចិនកុកងឺ ដែលរដ្ឋអំណាចចិនបានដាក់កំហិត នៅតាម​សាលារៀនទាំងអស់ នៅតំបន់ទីបេ។ ក្រុងឡាសា ថ្ងៃទី ៣១ ឧសភា ២០២១ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

លោកស្រី Uzra Zeya បច្ចុប្បន្នជាអនុរដ្ឋលេខាធិការ ទទួល​បន្ទុក​កិច្ចការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវបាន​បន្ថែមមុខងារមួយទៀត ឲ្យ​ទទួលបន្ទុកសំណុំរឿងតំបន់​ទីបេ។ នេះបើយោងតាម​លិខិត​​ប្រកាសរបស់​ លោក​អង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិក។

លោកស្រី Uzra Zeya នឹងទទួលបន្ទុកបេសកកម្ម សម្របសម្រួលការចរចាដ៏ចាំបាច់ ដោយ​គ្មាន​លក្ខខណ្ឌបឋម រ​វាង​រដ្ឋាភិបាល​ចិន និង​សម្តេចសង្ឃដាឡៃឡាម៉ា ព្រមទាំង​​តំណាងថ្នាក់ដឹកនាំដែលត្រូវបាន​ប្រជាជនទីបេ បោះឆ្នោតជ្រើសរើស​ដោយស្របច្បាប់។​ លោកស្រី ក៏នឹងមានបេសកកម្ម លើកកំពស់ការគោរពសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋានរបស់​ប្រជាជនទីបេ តួយ៉ាង​ដូចជា​សិទ្ធិសេរីភាពគោរពជំនឿសាសនា អភិរក្សប្រពៃណី កេរ​តំណែល​វប្បធម៌ ភាសា និង​ប្រវត្តិសាស្ត្ររបស់តំបន់ទីបេ។

គួរបញ្ជាក់ថា កាលពីពាក់​កណ្តាលខែធ្នូនេះ មានសមាជិកសភាខុនហ្ក្រេសអាមេរិក ជាង​៦០នាក់ បាន​រួមគ្នា សរសេរលិខិតមួយទៅកាន់​លោកចូ បៃដិន ដើម្បី​ឲ្យ​លោក​រៀបចំជំនួប​មួយ ជាមួយ​សម្តេចសង្ឃដាឡៃឡាម៉ា ព្រមទាំងរកវិធីជំរុញឲ្យ​រដ្ឋាភិបាល​ចិន ត្រលប់មកចូល​តុចរចាជាមួយ​សម្តេចសង្ឃ​ដាឡៃឡាម៉ាវិញ។ សមាជិកសភាអាមេរិក លើកឡើងថា ជំនួបរវាងលោកចូ បៃដិន និង​សម្តេចសង្ឃដាឡៃឡាម៉ា គឺអាចជាការបង្ហាញ​ឆន្ទៈច្បាស់ៗ នៃនយោបាយការបរទេសរបស់អាមេរិក ដែលឈរលើ​គោលការណ៍​គាំទ្រការគោរព​សិទ្ធិមនុស្ស​ ព្រមទាំងការពារ​ភាពថ្លៃថ្នូរជាមនុស្ស របស់ប្រជាជនទីបេ។

គួររំលឹកថា សម្តេចសង្ឃដាឡៃឡាម៉ា បានភៀសខ្លួនទៅឥណ្ឌានៅឆ្នាំ​១៩៥៩ ដើម្បីជាការ​ប្រឆាំងចំពោះ​សកម្មភាពរំលោភបំពាន និងការធ្វើទុក្ខបុកម្នេញ ពីសំណាក់អំណាច​នយោបាយ​កុម្មុយនីស្តចិន មកលើ​ប្រជាជនទីបេ។ សម្តេចសង្ឃបាន​បរិហារអំពី ការជាន់ឈ្លីរបស់អំណាចកុម្មុយនីស្ត មក​លើ​វប្បធម៌ ជំនឿសាសនា ភាសា និង​អត្តសញ្ញាណទីបេ ព្រមទាំងបានបង្ហូរក្រុមជនជាតិហាន ឲ្យ​មករស់នៅក្នុងតំបន់ទីបេថែមទៀតផង ដើម្បី​ធ្វើឲ្យ​ប្រជាជនទីបេ ក្លាយជាជនជាតិភាគតិចនៅក្នុងលើទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ដែរថា ការចរចារៀបចំលក្ខខន្តិកៈតំបន់ទីបេ រវាងសម្តេចសង្ឃដាឡៃឡាម៉ា និង​ រដ្ឋាភិបាលចិន ត្រូវបាន​ចិនទំលាក់ចោល លែងអើពើ ប្រមាណ​១២ឆ្នាំមកហើយ។ បើតាមការវិភាគ គឺរដ្ឋាភិបាលចិន រំពឹងរងចាំ នៅ​ក្រោយមរណភាព របស់សម្តេចសង្ឃដាឡៃឡាម៉ា ដែលបច្ចុប្បន្នមានព្រះជន្ម៨៦វស្សារហើយនោះ ដើម្បី​ឲ្យ​ចលនាតស៊ូទីបេ សាបរលាបដោយ​ខ្លួនឯង ដោយ​មិនចាំបាច់ធ្វើសម្បទានអ្វីទាំងអស់។

យ៉ាងណាក៏ដោយ កាយវិការជានិម្មិតរូប របស់រដ្ឋាភិបាលអាេមរិក ដែលបានតែងតាំងមន្ត្រីពិសេសម្នាក់ ទទួលបន្ទុកកិច្ចការទីបេនេះ គឺគេពុំសូវមានសង្ឃឹមថា អាចនឹងប្តូរគំនិតយល់ឃើញរបស់ចិននោះទេ។ ផ្ទុយទៅវិញ វាអាចជាចំណុចរសើប បន្ថែមភាពតានតឹងមួយកម្រិតទៀត រវាងចិន និងអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ