អានតួអត្ថបទ
ភូមា-រ៉ែ

ភូមា ៖ គ្រោះថ្នាក់់​​បាក់ដីក្នុង​​អណ្តូង​រ៉ែបង្ក​ឱ្យ​ស្លាប់​និង​បាត់​ខ្លួន​ជា​ច្រើន​នាក់

មាន​មនុស្ស​យ៉ាង​ហោចណាស់​៧០នាក់​ បាន​បាត់​ខ្លួន និង​យ៉ាង​ហោច​ណាស់​ម្នាក់​បាន​បាត់​ជីវិត​ នៅក្នុង​គ្រោះ​ថ្នាក់​​បាក់​ដី​ក្នុង​អណ្តូង​រ៉ែ​មួយ​នៅភាគ​ខាង​ជើង​ប្រទេស​ភូមា។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុមអ្នក​សង្គ្រោះ​មក​កាន់​ភ្នាក់ងារ​សារព័ត៌មានបារាំង​AFP។ កាសែត​ក្នុងស្រុក Kachin News បាន​ប្រកាស​ថា​មាន​កម្មករ​ជីករ៉ែ​២០នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ។

សកម្មភាព​រក​រ៉ែ​នៅភូមា ក្នុង​តំបន់​Hpakant ដែល​ទើប​មានគ្រោះបាក់ដី  ស្លាប់និង​បាត់​ខ្លួន​មនុស្ស​រាប់សិបនាក់
សកម្មភាព​រក​រ៉ែ​នៅភូមា ក្នុង​តំបន់​Hpakant ដែល​ទើប​មានគ្រោះបាក់ដី ស្លាប់និង​បាត់​ខ្លួន​មនុស្ស​រាប់សិបនាក់ AP - Hkun Lat
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បានកើត​ឡើង​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ នៅ​កន្លែង​​រុករក​រ៉ែ​ថ្លើមថ្ម (ហ្គិច) ក្នុង​តំបន់ Hpakant នៃ​​រដ្ឋ​Kayah ប្រទេស​ភូមា។ ​ប្រតិបត្តិការ​សង្គ្រោះ​បាន​កម្លាំងជំនួយ​ពី​ក្រុមអ្នក​ពន្លត់​អគ្គីភ័យ​ជាង​២០០នាក់ ខ្លះ​ស្វែងរក​អ្នក​រួច​ពីស្លាប់​នៅ​លើ​ដី ខ្លះ​ជិះ​ទូក​តាម​ប្រព័ន្ធ​ផ្លូវ​ទឹក​ ក្នុង​បឹងចាំ​ស្រង់​សាកសព​ឬ​កម្មករ​រួច​ពី​ស្លាប់។ គិត​រហូត​មកត្រឹម​ពេល​រសៀល ក្រុម​អ្នក​សង្គ្រោះ​បាន​រកឃើញ​សាកសព​មនុស្ស​ម្នាក់ និង​បញ្ជូន​អ្នក​រង​របួស​២៥​នាក់​ទៅ​មន្ទីរ​ពេទ្យ។ ប៉ុន្តែក្រុម​អ្នក​សង្គ្រោះ​មិន​បាន​ចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​បញ្ជាក់​អំពី​តុល្យការ​នៃ​ជន​រងគ្រោះ​បាត់​បង់​ជីវិត​ឬ​បាត់​ខ្លួន​នៅ​ក្នុង​គ្រោះ​ថ្នាក់​នេះ​ទេ។

នៅភូមា ក្នុង​មួយ​ឆ្នាំៗ មានកម្មករ​អណ្តូង​រ៉ែរាប់​សិប​នាក់​បាន​​ស្លាប់ ក្នុង​ពេល​ធ្វើការ ​ដោយ​ហេតុ​តែ​លក្ខខណ្ឌការងារលំបាក​ និង​គ្មាន​​សុវត្ថិភាព។ គ្រោះ​បាក់​ដី​ក្នុង​អណ្តូង​រ៉ែ តែង​កើត​ឡើង​ជា​ញឹកញយ​ ក្នុង​តំបន់​ក្រីក្រ និង​ដាច់ស្រយាលខ្លាំង ដែល​ក្រុមហ៊ុនរ៉ែ​​ធំៗ​នាំ​គ្នា​ទៅ​ប្រមូល​ផល​ដោយ​មិន​ខ្វល់​ខ្វាយ​គិត​ដល់​បញ្ហា​បរិស្ថាន។

តាំងពី​ឆ្នាំ​២០១៦មក ក្រុមហ៊ុន​រ៉ែធំៗជា​ច្រើន​​បាននាំ​គ្នា​ដកខ្លួន​ចេញ​ពី​ភូមា បិទ​សកម្មភាពរក​រ៉ែ និង​បោះបង់​តំបន់​នោះ​ចោល ទើប​ក្រុម​អ្នក​រក​រ៉ែ​តូចតាច​បានឱកាសម្តង។ ក្រុមហ៊ុន​តូច​តាច មានប្រភព​ចេញ​មកពី​សហគមន៍​ជនជាតិ​ភាគ​តិច​ក្រីក្រ បាន​នាំ​គ្នា​ទៅ​រុករក​រ៉ែ​​លើ​គំនរ​អណ្តូង​ចាស់​ ដោយ​ខុស​ច្បាប់ និង​ដោយគ្មានការត្រួតពិនិត្យ​អ្វី​ទាំងអស់។ កាលពី​ឆ្នាំ​២០២០ នៅពេល​មាន​ព្យុះ​ភ្លៀង​រដូវ​វស្សា​ធ្លាក់​មកខ្លាំង គ្រោះ​បាក់​ដី​ និង​ទឹក​​ភក់ហូរ​កប់​​កម្មករ​៣០០នាក់​ឱ្យ​​ស្លាប់​និង​បាត់​ខ្លួន​ នៅ​​តំបន់​ឧស្សាហកម្ម​រ៉ែ ប៉ាក់ខាន ដែល​ជា​តំបន់​ខ្ពង់​រាប​ ​ជាប់​ព្រំដែន​ចិន។

ឧស្សាហកម្ម​រ៉ែ​ថ្លើម​ថ្ម ជា​ប្រភព​ចំណូល​​ធំ​​របស់​ភូមាដែល​មាន​ទំហំ​ដល់​ទៅ​ជាង​​៣០ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ពោល​គឺ​ស្មើ​នឹង​ជិតពាក់​កណ្តាលនៃ​ផលិតផល​សរុប​ក្នុង​ស្រុក។ ប៉ុន្តែ​ថវិកា​បាន​មក​ពី​ឧស្សាហកម្ម​រ៉ែនេះ​ចូល​ហិប​រដ្ឋ​តិច​តួច​ណាស់។ ពាណិជ្ជកម្មរ៉ែ​ហ្គិច បាន​បំប៉ោង​ភាព​មាន​បានរបស់​ពួកយោធា​ដែល​គ្រប់​គ្រង​តំបន់​Kpakantនេះ​តាំង​ពី​ឆ្នាំ​១៩៩០មក និង​បាន​ចិញ្ចឹម​ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​​ឱ្យ​មាន​កម្លាំង​តតាំង​ជាមួយ​រដ្ឋាភិបាល​កណ្តាល។ រដ្ឋប្រហារ​ថ្ងៃទី​១​កុម្ភៈ ២០២១ បាន​មក​ក្តិចផ្តាច់​ពន្លក ​កំណែទម្រង់​វិស័យ​រ៉ែ ​​ផ្តូច​ផ្តើមឡើង​ដោយ​រដ្ឋាភិបាលស៊ីវិល​ភូមា​របស់​លោកស្រី អ៊ុង​សានស៊ូជី។ នេះ​បើ​តាម​របាយការណ៍ប្រចាំ​ឆ្នាំ​២០២១​របស់​អង្គការ​Global Witness៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ