អានតួអត្ថបទ
កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេ​ក្នុង​ពិភពលោក ចាប់កំណើត​នៅអាស៊ី

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ហៅកាត់ជាភាសា​អង់គ្លេស ថា “អាសិប” RCEP ដែលអាស៊ាន​និង​ប្រទេសចំនួន​៥​បាន​ចុះ​ហត្ថលេខា កាលពី​ចុងឆ្នាំ ២០២០ បាន​ចាប់ចូល​ជាធរមាន​ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ ២០២២នេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី ដែល​ប្រមូលផ្តុំ​ជាលើកទី​១ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី​ទាំង​៣ គឺ​ចិន ជប៉ុន និង​កូរ៉េខាងត្បូង បាន​ក្លាយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពហុភាគីលើកទី១ ក្នុងពិភពលោក និង​តំណាង​ឲ្យ​៣០%​នៃ​ផលិតផល​ក្នុងស្រុកសរុប របស់​ពិភពលោក។

កប៉ាល់ដឹកទំនិញ​ចូលចត ទម្លាក់កុងតឺន័រ នៅ​កំពង់ផែរ​សៃហ្កុង ក្នុង​ទីក្រុង​ហូជីមិញ នៅ​ខែឧសភា ឆ្នាំ ២០២០​
កប៉ាល់ដឹកទំនិញ​ចូលចត ទម្លាក់កុងតឺន័រ នៅ​កំពង់ផែរ​សៃហ្កុង ក្នុង​ទីក្រុង​ហូជីមិញ នៅ​ខែឧសភា ឆ្នាំ ២០២០​ AP - Hau Dinh
ផ្សាយពាណិជ្ជកម្ម

អាស៊ី​បាន​បោះ​មួយ​ជំហាន​ធំ​ឆ្ពោះ ទៅរក​សមាហរណកម្ម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។ បន្ទាប់ពី​ចំណាយពេល​ចរចា អស់៨ឆ្នាំ និង​ចុះ​ហត្ថលេខា កាលពី​ចុងឆ្នាំ ២០២០ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី ដែលហៅកាត់​ជា​ភាសា​អង់គ្លេស​ថា RCEP (Regional Comprehensive Economic Partnership) ត្រូវ​ចាប់អនុវត្ត ជាផ្លូវការ​ពី​ថ្ងៃទី ១ ខែ​មករា​ឆ្នាំ២០២២នេះ។

ផ្តួចផ្តើមគំនិត​និង សម្របសម្រួល​ដោយ​អាស៊ាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP បាន​ក្លាយ​ជា​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ដ៏ធំ ​ជាងគេ​ក្នុងពិភពលោក ព្រោះ​វា​ប្រមូលផ្គុំជាលើកទី១  មហាអំណាច​សេដ្ឋកិច្ច​អាស៊ី ទាំងបី គឺ​ចិន ជប៉ុន និង​កូរ៉េខាងត្បូង។ ជាមួយ​ការចូលរួម​ផងដែរ របស់​អូស្ត្រាលី និង​នូវែលសេឡង់ វា​បានក្លាយ​ជា​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​សេរី ដ៏មាន​សក្តានុពល បើគេមើលទៅលើ​ផលិតផល​ក្នុងស្រុកសរុប ចំនួន​ប្រជាជន និង​អត្រាកំណើនសេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក​ទាំង​១៥។

កិច្ចព្រមព្រៀង “RCEP”​ផ្តោតសំខាន់​ទៅលើ​កាត់បន្ថយពន្ធ រវាង​ប្រទេស​សមាជិក នៅក្នុង​វិស័យ ឧស្សាហកម្ម​វាយនភណ្ឌ ពាណិជ្ជកម្ម​ផ្នែក​សេវា កសិកម្ម និងជំរុញ ការវិនិយោគ​ដើម្បី​ជួយ សេដ្ឋកិច្ច​របស់​ប្រទេស​ដែលកំពុង​អភិវឌ្ឍ​ឲ្យ​ដើរទាន់ ប្រទេស​ដទៃទៀត ក្នុង​ពិភពលោក។

ការវិភាគនៅឆ្នាំ ២០២០ ​របស់​វិទ្យាស្ថាន​Peterson សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ បានបង្ហាញថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP ត្រូវ​បង្កើន​ផលិតផល​ក្នុងស្រុកសរុប​របស់​ប្រទេស​សមាជិក ម្នាក់ៗ​ប្រមាណ ០,២% ជាពិសេស ចិន កូរ៉េខាងត្បូង និង​ជប៉ុន ដែល​នឹង​ទាញយកផលប្រយោជន៍​សេដ្ឋកិច្ច​ពីកិច្ចព្រមព្រៀង​នេះ​បានច្រើនជាងគេ។

សន្និសីទ​អង្គការ​សហប្រជាជាតិស្តីពី​ពាណិជ្ជកម្ម និង​អភិវឌ្ឍ Cnuced ធ្លាប់​វាយតម្លៃថា កិច្ចព្រមព្រៀង RCEP នឹង​ជំរុញ​ឲ្យ​ការដោះដូរពាណិជ្ជកម្ម​កើនឡើង ២%​នៅក្នុង​តំបន់ ដែលស្មើ​នឹង ៤២​ពាន់លាន​ដុល្លារ។ កំណើននេះ​បានមកពី​ការទម្លាក់​របាំងពន្ធគយ រវាង​ប្រទេសសមាជិក ហើយនិងការបង្វែរទិសដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​ពិភពខាងក្រៅ។ ជារួម ការនាំចេញពីអឺរ៉ុប អាមេរិក សម្រាប់​តំបន់​RCEP នឹង​ធ្លាក់ថយចុះ ២% និង​១% ចំណែក​ប្រទេស​អាស៊ី​ខាងត្បូង​ដែល​រងប៉ះពាល់ និង​ឃើញ​ការនាំចេញ​របស់​ខ្លួន​ទៅកាន់តំបន់​RCEPធ្លាក់ថយចុះ​ខ្លាំង មាន​ប៉ាគីស្ថាន(-៤%)​ បង់ក្លាដែស(-១២%)​ និង​ឥណ្ឌា (-២%)។

សម្រាប់អ្នកជំនាញ​អាល្លឺម៉ង់ លោក Hanns Günther Hilpert អ្នកទទួលខុសត្រូវ​ផ្នែក​អាស៊ី នៅ​វិទ្យាស្ថាន​អាល្លឺម៉ង់ សម្រាប់​កិច្ចការអន្តរជាតិ និង​សន្តិសុខ នៅក្នុង​ខណៈពេល​ដែល​អាមេរិក និង​ចិន កំពុង​ជាប់ជម្លោះពាណិជ្ជកម្ម កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី នឹង​ជួយជំរុញ​ផងដែរ ឲ្យក្រុមហ៊ុន​បរទេស​ទៅបោះទុន​វិនិយោគនៅក្នុង​តំបន់ ក្រៅពីប្រទេស​ចិន។ ជាក់ស្តែង ក្រុមហ៊ុន​នៅអឺរ៉ុប​ដែល​ខ្លាច​ជាប់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អាមេរិក អាច​ងាក​ទៅវិនិយោគ​នៅ​តំបន់អាស៊ាន ដែលគេ​ប្រើ​ជា​ទីតាំង​ថ្មី សម្រាប់​ធ្វើការនាំចេញ​ផលិតផល ទៅក្នុង​ទីផ្សារ​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ