អានតួអត្ថបទ
ចិន-អាមេរិក-​Tesla

ក្រុមហ៊ុន​Tesla រងការ​រិះគន់​ក្រោយ​បើក​ទីតាំង​បង្ហាញ​រថយន្ត​នៅ​តំបន់​ស៊ីនជាំង

ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla​ របស់​មហាសេដ្ឋី​អាមេរិក​ អេឡុន ម៉ាស្ក៍ (Elon Musk) ប្រកាស​ថា​បាន​បើក​ទីតាំង​បង្ហាញ​រថយន្ត​មួយ​កន្លែង​នៅ​តំបន់​ស៊ីនជាំង​ប្រទេស​ចិន​។ សេចក្តី​ប្រកាស​នេះ​ទទួល​បាន​ការរិះគន់​ភ្លាមៗ​នៅក្នុង​សហរដ្ឋអាមេរិក​ពី​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​ និង​អង្គការវិជ្ជាជីវៈជាច្រើន​។

កំហឹងពីក្នុងសហរដ្ឋអាមេរិកបានចាប់ផ្ទុះឡើង បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីTeslaរបស់មហាសេដ្ឋីអាមេរិកអេឡុន ម៉ាស្ក៍ (Elon Musk) ប្រកាសថាបានបើកទីតាំងបង្ហាញរថយន្តមួយកន្លែង នៅតំបន់ស៊ីនជាំងប្រទេសចិន។
កំហឹងពីក្នុងសហរដ្ឋអាមេរិកបានចាប់ផ្ទុះឡើង បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីTeslaរបស់មហាសេដ្ឋីអាមេរិកអេឡុន ម៉ាស្ក៍ (Elon Musk) ប្រកាសថាបានបើកទីតាំងបង្ហាញរថយន្តមួយកន្លែង នៅតំបន់ស៊ីនជាំងប្រទេសចិន។ STR AFP/File
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ Tesla​បាន​បើក ​showroomសម្រាប់​តាំង​បង្ហាញ​រថយន្ត​របស់ខ្លួននៅឯ​ក្រុង​អ៊ុយរ៉ូមឈី (Urumqi) ក្នុង​តំបន់​ស៊ីនជាំង​ដ៏​ចម្រូង​ចម្រាស់​របស់​ប្រទេសចិន​នៅអំឡុង​ថ្ងៃ​ចូល​ឆ្នាំ​សកល​។ កំហឹង​ពីក្នុង​សហរដ្ឋអាមេរិក​បានចាប់​ផ្ទុះឡើង​បន្ទាប់ពី​ការ​ប្រកាស​របស់​ក្រុម​ហ៊ុន Tesla​​។

នៅ​ថ្ងៃអង្គារ ទី៤ មករាម្សិលមិញ​ អង្គការ​តស៊ូមតិ​អ៊ីស្លាម​ដ៏​ធំបំផុត​នៅអាមេរិក​គឺ​ក្រុមប្រឹក្សា​ទំនាក់ទំនង​អាមេរិក​-អ៊ីស្លាមបាន​រិះគន់​ទង្វើ​របស់​ក្រុមហ៊ុន Tesla ​ដោយ​និយាយ​ថា​ក្រុមហ៊ុនកំពុង​គាំទ្រ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​ចិន​ទៅ​លើ​ជនជាតិ​អ៊យហ្គួរ​។ នៅលើ​គណនី​ធ្វីតទ័រ​ផ្លូវការ​របស់​ខ្លួន​ ក្រុម​អ្នក​តស៊ូមតិ​អ៊ីស្លាម​ថែម​ទាំង​បាន​ប្រាប់​លោក Elon Musk​ ដែលជាស្ថាបនិកក្រុមហ៊ុន Tesla ​ឲ្យ​បិទ​ទីតាំង​បង្ហាញ​​រថយន្ត​​នៅ​ស៊ីនជាំង​​ទៀត​ផង​។

​មិន​ទាន់អស់នោះទេ​ ការ​រិះគន់​ស្រដៀង​គ្នា​នេះ​បាន​ធ្លាក់​មក​ផងដែរ​ពី​អង្គភាព​ពាណិជ្ជកម្ម​អាមេរិក​មួយក្រុម​ដែលមានឈ្មោះថា​សម្ព័ន្ធ​សម្រាប់​ការ​ផលិត​អាមេរិក និង​ពី​សមាជិក​ព្រឹទ្ធសភាអាមេរិក​ម្នាក់មក​ពីបក្ស​សាធារណរដ្ឋ​គឺលោក Marco Rubio។

លោក​ Marco Rubio ដែលជាអ្នកបានគាំទ្រចំពោះ​ការ​អនុម័តច្បាប់​របស់​អាមេរិក​ហាមឃាត់​ទំនិញ​នាំចូល​ពី​ស៊ីនជាំង​​បាន​បង្ហាញ​ការ​មិនគាំទ្រ​ចំពោះ​ការ​សម្រេច​របស់​ក្រុមហ៊ុន​ Tesla។ លោក​បាន​ចាត់​ទុក​ទង្វើ​របស់ Teslaថា​មិន​ខុសអី​ពី​ការ​ជួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បិទ​បាំង​អំពើ​ប្រល័យពូជសាសន៍​ និង​ការ​ប្រើ​ពលកម្ម​ដោយបង្ខំ​លើ​ជន​ជាតិ​អ៊ុយ​ហ្គួរ​ឡើយ​។

ក្រោយ​ពាក្យ​រិះគន់​ធ្លាក់មក​ជា​ហូរហែ គេនៅមិនទាន់ឃើញ​ក្រុមហ៊ុន Teslaចេញមុខ​ធ្វើ​ការ​ឆ្លើយ​តបអ្វី​ភ្លាមៗ​ទេ​។ យ៉ាងណាក៏ដោយ​ ការ​បើក​ទីតាំង​បង្ហាញ​ផលិតផល​រថយន្ត​របស់​ក្រុមហ៊ុន​Teslaនៅស៊ីនជាំងនេះត្រូវ​បាន​ស្វាគមន៍​យ៉ាង​ទូលំ​ទូលាយ​ពីក្រុម​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម Weibo ចិន​។

គួរជ្រាបថា​ ស៊ីនជាំង​បាន​ក្លាយជា​ចំណុច​ដ៏​រស៊ើប​នៃ​ជម្លោះ​រវាងរដ្ឋាភិបាលលោកខាងលិច​និង​រដ្ឋាភិបាល​ចិន​នាប៉ុន្មានឆ្នាំថ្មីៗនេះ​។ អាមេរិក​បាន​ចាត់​ទុក​ការ​ប្រព្រឹត្ត​របស់​ចិន​លើ​ជនជាតិ​អ៊ុយហ្គួរ និង​ជន​ជាតភាគតិច​កាន់​សាសនា​អ៊ីស្លាម​ផ្សេង​ទៀត​នៅ​ស៊ីនជាំង​ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​។ ក្រៅតែពី​បាន​អនុម័ត​ច្បាប់​ហាមឃាត់​ទំនិញ​នាំ​ចូល​ពីស៊ីនជាំង​ ថ្មីៗនេះ​អាមេរិកក៏បានដឹកនាំសម្ព័ន្ធមិត្ត​អង់គ្លេស​ អូស្ត្រាលី​ និង​កាណាដា​​ធ្វើ​ពហិការ​កីឡា​អូឡាំពិក​រដូវរងារ​នៅ​ក្រុង​ប៉េកាំងទៀតផង​ ដើម្បី​ប្រឆាំង​នឹង​ការ​រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ​ធ្វើឡើង​ដោយ​​អជ្ញាធរ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ