អានតួអត្ថបទ
ឡាវ-គ្រឿងញៀន

នគរបាលឡាវ ចាប់​ឃាត់​បាន​​គ្រឿងញៀន​មេតំហ្វេតាមីន ក្នុង​ទំហំ​ដ៏​ធំ​ជា​លើក​ទី២

យោងតាមការប្រកាសឲ្យ​ដឹង ពីមន្ត្រីជំនាញ​អង្គការសហប្រជាជាតិ​ កាលពីថ្ងៃសៅរ៍ទី​២៩មករា នគរបាលឡាវ បានចាប់ឃាត់ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន បានចំនួន​៣៦លានគ្រាប់ នៅក្នុងខេត្តបូកែវ ស្ថិតក្នុងតំបន់ត្រីកោណមាស។ នេះគឺជាយុទ្ធនាការរឹបអូសថ្នាំញៀន ក្នុង​ទំហំធំជាលើកទី២ហើយ​ ដែលអាជ្ញាធរឡាវបាន​សម្រេចបាន នៅក្នុងតំបន់នេះ បើគិតពីខែតុលាឆ្នាំ​មុន​ ដែលអាជ្ញាធរឡាវបានចាប់ឃាត់បានចំនួន ៥៥លានគ្រាប់។

រូបថតថ្ងៃទី ២៦ មីនា ២០២១ ៖ ច្រកព្រំដែន​ណងខៃ រវាង ឡាវ និង​ ថៃ។ នៅក្នុងឆ្នាំ​២០២១ ថៃបានចាប់ឃាត់គ្រឿងញៀន មេតំហ្វេតាមីនប្រមាណ​៨០លានគ្រាប់ ដែលគេនាំចូលពីឡាវ។
រូបថតថ្ងៃទី ២៦ មីនា ២០២១ ៖ ច្រកព្រំដែន​ណងខៃ រវាង ឡាវ និង​ ថៃ។ នៅក្នុងឆ្នាំ​២០២១ ថៃបានចាប់ឃាត់គ្រឿងញៀន មេតំហ្វេតាមីនប្រមាណ​៨០លានគ្រាប់ ដែលគេនាំចូលពីឡាវ។ AFP - PANUMAS SANGUANWONG
ផ្សាយពាណិជ្ជកម្ម

ខេត្តបូកែវស្ថិតនៅភាគខាងជើងឡាវ ជាប់ព្រំដែនភូមា និងថៃ គឺជាដែនដីដាច់ស្រយ៉ាលក្នុងតំបន់ត្រីកោណមាស។ តំបន់នេះ គឺជាជង្រុកនៃការជួញដូរគ្រឿងញៀន ដែលភាគច្រើនលើសលុប  ត្រូវគេផលិត​ក្នុងរដ្ឋហ្សាន របស់ភូមា។ ចាប់តាំងពីថៃ បាន​រិតបន្តឹងការយាមព្រំដែន ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលកូវីដមក ឡាវបានក្លាយជាច្រកទ្វារដ៏សំខាន់ ដែលឈ្មួញទុច្ចរិតនាំគ្រឿងញៀន ចេញពីភូមា ឆ្លងចូលឡាវ មុននឹងនាំឆ្លងទន្លេមេគង្គ ទៅកាន់​ប្រទេសថៃ។

យោងតាមលោក Jeremy Douglas មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុក​ការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំតំបន់​អាស៊ី គឺសមត្ថកិច្ចឡាវ ទើបតែបាន​ចាប់ឃាត់គ្រឿងញៀនក្នុងទ្រង់ទ្រាយ​ធំ ជាថ្មីម្តងទៀត។ ការចុះចាប់ បានធ្វើឡើងកាលពីថ្ងៃពុធទី២៦មករា នៅ​ក្ន​ុងឃុំ Huay Xai ដោយ​ក្នុង​នោះនគរបាល​ឡាវ បានរឹបអូសបាន ថ្នាំគ្រាប់មេតំហ្វេតាមីន ចំនួន​៣៦លានគ្រាប់ ព្រមជាមួយសារធាតុមេតំហ្វេតាមីនគ្រីស្តាល់ ចំនួន​ប្រមាណ​៥៩០គីឡូក្រាម​។

ប្រភពដដែលនេះ អះអាងថា មនុស្សចំនួន​៤នាក់ ត្រូវបានគេចាប់ឃាត់ខ្លួន តែសុទ្ធតែជាមនុស្ស​តូចតាច នៅ​ជាន់ក្រោម​បំផុត នៃបណ្តាញជួញដូរទុច្ចរិតនេះ។ យោងតាមរូបថា ដែលបណ្តាញព័ត៌មាន​បារាំងAFP បាន​ឃើញ គឺ​គេឃើញជនល្មើសទាំង៤នាក់​ ឈរថតជាមួយ​សមត្ថកិច្ចឡាវ នៅពីខាងមុខគំនរថ្នាំញៀនច្រកបាវ។ ដោយឡែក បណ្តាញ​ព័ត៌មានថៃបានផ្សព្វផ្សាយ​ថា សមត្ថកិច្ចឡាវ បានចាប់ឃាត់ថ្នាំញៀនហេរ៉ូអ៊ីន មួយចំនួន ព្រមទាំងកាំភ្លើងហ្វុយហ្ស៊ីលមួយដើម​ផងដែរ។

យោងតាមលោក Jeremy Douglas ថ្នាំគ្រាប់មេតំហ្វេតាមីន ជាទូទៅគឺត្រូវឈ្មួញបញ្ជូនចូលទៅ​ទៅផ្សារ​ប្រទេសថៃ ចំណែកសាធារធាតុមេតំហ្វេតាមីនគ្រីស្តាល់ ឬហៅថាម៉ាទឹកកកនោះ គឺអាចសំដៅបញ្ជូនទៅ អូស្ត្រាលីដែលគេលក់បានថ្លៃជាង។​ អ្នកជំនាញ​រូបនេះអះអាងថា ថ្នាំគ្រាប់ម៉េតំហ្វេតាមីនសំបូរខ្លាំងណាស់ នៅអាស៊ីអាគ្នេយ៍ ដែលធ្វើឲ្យ​តម្លៃចុះថោកខ្លាំង។

ជាមួយ​នឹងវិបត្តិ​នយោបាយ និងសេដ្ឋកិច្ចនៅភូមា បណ្តាល​មកពី​រដ្ឋប្រហារផង និង​ជម្ងឺឆ្លងកូវីដ១៩ ធ្វើ​ឲ្យ​ក្រុមអ្នកផលិតគ្រឿងញៀននៅភូមា បន្ថែមការផលិត​កាន់តែច្រើនដើម្បីលក់​ប្រមូល​ប្រាក់។ ជាងនេះទៀត ភាពចលាចល អស្ថិរភាពនៅភូមា ដោយ​គ្មានរដ្ឋបាល​អាជ្ញាធរត្រឹមត្រូវ គឺវាបាន​បើកដៃ​ឲ្យ​មានការនាំ​ចូល​គ្រឿងផ្សំសារធាតុគីមី ដើម្បីផលិតជាគ្រឿងញៀន យ៉ាងទូលំទូលាយ ដោយ​គ្មាន​ការ​សមត្ថកិច្ចណាអើរពើឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ