អានតួអត្ថបទ

ក្រុមអ្នកជំនាញច្បាប់ការងារនៃអង្គការ ILO សម្តែងក្តីបារម្ភពីការងារពួកអ៊ុយហ្គួរក្នុងខេត្តស៊ីនជាំង

អង្គការ​ពលកម្ម​អន្តរជាតិ​ហៅកាត់ ILO បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ក្នុង​ថ្ងៃ​សុក្រ ទី១១ កុម្ភៈ។ នៅ​ក្នុង​របាយការណ៍ គណៈកម្មាធិការ​នៃ​ក្រុម​អ្នក​ជំនាញ​ច្បាប់​ការងារ​បាន​សម្តែង​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​រដ្ឋអំណាច​ចិន​លើ​ក្រុម​ជនជាតិ​ភាគតិច ពិសេស​ពួក​អ៊ុយហ្គួរ​ក្នុង​ខេត្ត​ស៊ីនជាំង។ ទង្វើ​របស់​រដ្ឋអំណាច​ចិន​ដែល​គណៈកម្មាធិការ​នេះ​ចង់​និយាយ គឺ​ការ​ចាប់​​ពួក​អ៊ុយហ្គួរ​ឲ្យ​ធ្វើ​ការងារ​ដោយ​បង្ខំ។ ប្រតិកម្ម​ភ្លាមៗ ចិន​បាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ​លើ​ការ​ចោទ​ប្រកាន់​នេះ។

អគ្គនាយក ILO លោក Guy Ryder
អគ្គនាយក ILO លោក Guy Ryder AP - Laurent Gillieron
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​នៃ​ក្រុម​អ្នក​ជំនាញ​ឯករាជ្យ​ដែល​មាន​សមាជិក ២០រូប​មាន​តួនាទី​ជា​អ្នក​វាយតម្លៃ​លើ​ការ​អនុវត្តន៍​សន្ធិសញ្ញា​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ ILO នៅ​ក្នុង​ប្រទេស​នីមួយៗ។ សម្រាប់​ប្រទេស​ចិន គណៈកម្មាធិការ​បាន​សម្តែង​ក្តីបារម្ភ​ជា​ពន់ពេក​ចំពោះ​នយោបាយ​ការងារ​ចាប់​បង្ខំ​ដែល​រដ្ឋអំណាច​ចិន​បាន​ធ្វើ​ទៅ​លើ​ក្រុម​ជនជាតិ​ភាគតិច ពិសេស​លើ​ពួក​អ៊ុយហ្គួរ​អ្នក​កាន់សាសនា​អ៊ីស្លាម​ក្នុង​ខេត្ត​ស៊ីនជាំង។ ការ​លើក​ឡើង​របស់​គណៈកម្មាធិការ​នៃ​ក្រុម​អ្នកជំនាញ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ឯកសារ​របស់​សហព័ន្ធ​សហជីព​អន្តរជាតិ។ គួរ​បញ្ជាក់​ថា​តាម​ក្រុម​អង្គការ​សិទ្ធិមនុស្ស មាន​ពួក​អ៊ុយហ្គួរ​យ៉ាង​តិច ១លាន​នាក់​ត្រូវ​បាន​ចិន​ឃុំ​នៅ​ក្នុង​ជំរំ​លត់ដំ ធ្វើ​ទារុណកម្ម និង​ចាប់​បង្ខំ​ឲ្យ​ធ្វើ​ការងារ។

តែ​ចិន​តែង​បដិសេធ និង​បាន​បញ្ជាក់​ច្រើន​ដង​ថា ជំរំ​នោះ​ជា​ជំរំ​បង្ហាត់បង្រៀន​វិជ្ជាជីវៈ​ក្នុង​គោលដៅ​អប់រំ និង​អូសទាញ​ពួក​អ៊ុយហ្គួរ​កុំ​ឲ្យ​ធ្លាក់​ក្នុង​អំពើ​ភេរវនិយម និង​ផ្តាច់ទឹកដីនិយម។ យ៉ាង​ណា​ក៏​ដោយ គណៈកម្មាធិការ​នៃ​ក្រុម​អ្នកជំនាញ​បាន​ជំរុញ​ឲ្យ​ចិន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ជួយ​ដល់​ផលប្រយោជន៍​របស់​ក្រុម​ជនជាតិ​ភាគតិច​ដោយ​ផ្អែក​តាម​ការ​ចង់​បាន​របស់​ពួក​គេ និង​តាម​តម្រូវការ​ក្នុង​សង្គម។ ទន្ទឹម​គ្នា​នេះ គណៈកម្មាធិការ​នៃ​ក្រុម​អ្នកជំនាញ​ក៏​បាន​ស្នើ​ជា​លក្ខណៈ​ទូទៅ​ឲ្យ​ចិន​ឈប់​រារាំង​ដល់​រោងចក្រ សហគ្រាស និង​ក្រុម​សហជីព​ក្នុង​ការ​បំពេញ​តួនាទី​ត្រឹមត្រូវ​របស់​ពួក​គេ។

បន្ទាប់​មក គណៈកម្មាធិការ​របស់​អង្គការ ILO ដដែល​នេះ​ក៏​បាន​ស្នើ​ឲ្យ​ចិន​បញ្ជូន​ព័ត៌មាន​លំអិត​ស្តីពី​វិធានការ​ដែល​បាន​អនុម័ត​ទាក់ទង​នឹង​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​គោរព​ត្រឹមត្រូវ​លើ​ច្បាប់​ការងារ​ស្មើ​ភាព​ដោយ​គ្មាន​ការ​បែងចែក​ប្រភេទ​មនុស្ស​នៅ​តាម​មជ្ឈមណ្ឌល​បង្ហាត់បង្រៀន​វិជ្ជាជីវៈ​ក្នុង​ខេត្ត​ស៊ីនជាំង ឬ​មួយ​ក៏​ទាក់ទង​នឹង​ពួក​អ៊ុយហ្គួរ​ណា​ដែល​ចង់​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ខេត្ត​ស៊ីនជាំង។ អាមេរិក​ក៏​ដូច​អង់គ្លេស​បាន​សាទរ​លើ​របាយការណ៍​រិះគន់​ចិន​របស់ ILO។ តែ​ចិន​បាន​ច្រាន​ចោល​របាយការណ៍​នេះ​យ៉ាង​ដាច់​អហង្ការ និង​បាន​ចោទ​សហព័ន្ធសហជីពអន្តរជាតិ​ពី​បទ​មើល​មិន​ឃើញ​ពី​ភាព​រីកចម្រើន​ដែល​ចិន​បាន​ធ្វើ​នៅ​ក្នុង​ខេត្ត​ស៊ីនជាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ