អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី​ផ្អាក​ការ​នាំ​ចេញ​ផលិតផល​ដូងប្រេង និង​ប្រេងដូង

ដើម្បី​ការពារតម្រូវការ​​ទីផ្សារ​ផ្ទៃ​ក្នុង​ប្រទេស និង​ដើម្បី​បន្ធូរ​បន្ថយ​កំហឹង​សង្គម រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ប្រកាស​ផ្អាក​ការនាំ​ចេញ​ ប្រេង​ឆា (ចម្រាញ់​ពីដូងប្រេង) ​គ្រប់​ទម្រង់ ចាប់​ពី ថ្ងៃព្រហស្បតិ៍​ទី ២៨​មេសា វេលា​ម៉ោង​២៤​អាធ្រាត្រ​នេះ​តទៅ។ សេចក្តី​សម្រេច​របស់​ឥណ្ឌូណេស៊ី អាច​នឹងបង្ក​បញ្ហា​ដល់​ប្រទេស​នាំ​ចូល​ជា​ច្រើន និង​បង្ក​ឱ្យ​មានអស្ថិរភាព​ទីផ្សារ​ប្រេង​ឆា​កាន់តែ​ខ្លាំង​។

ការ​ផលិត និង​ចម្រាញ់​​ដូង​ប្រេង ជា​ដំណាក់ៗ
ការ​ផលិត និង​ចម្រាញ់​​ដូង​ប្រេង ជា​ដំណាក់ៗ RFI/David Baché
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌូណេស៊ី​ជា​ប្រទេសនាំ​ចេញ​ប្រេង​ដូង និង​ផលិតផល​ដូងប្រេង (៣៤,២លាន​តោន) ​លំដាប់​ទីមួយ​ពិភពលោក  ត្រូវ​ជា​៦០%​ទីផ្សារ​ប្រេង​ដូងសកល​ និងមួយ​ភាគបី សម្រាប់​បម្រើទីផ្សារ​ក្នុង​ស្រុក។ ប៉ុន្តែ​តាំង​ពី​ជា​ច្រើន​ខែមកនេះ​ ឥណ្ឌូណេស៊ី​ប្រឈម​នឹង​កង្វះ​ប្រេង​ឆា ធ្វើ​​ពី​ដូងប្រេងយ៉ាង​ខ្លាំង ហើយ​តម្លៃ​ក៏ហក់​ឡើង​យ៉ាង​ខ្ពស់ ៖ ​១០%​នៅ​ថ្ងៃ​ម្សិលមិញ និង​​ដល់​ទៅ ៦៣%​ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ។ ​ប្រជាពលរដ្ឋសាមញ្ញ​បន្ត​កន្ទុយ​កាន់​តែ​វែង​និង​​រង់​ចាំ​កាន់​យូរឡើងៗ ដល់​រាប់​ម៉ោង​ នៅ​មុខ​មណ្ឌល​ចែក​ចាយ​រដ្ឋ តាម​ទីក្រុង​នានា​ ទម្រាំ​អាច​រក​ទិញ​ប្រេងដែល​ជា​ប្រភព​ចម្អិន​អាហារ​ដ៏​សំខាន់​ផុត​នៅ​ឥណ្ឌូណេស៊ី ​​ក្នុង​តម្លៃថោក​បាន។ ប្រជាពលរដ្ឋ​ចាប់​មានកំហឹង​និងចាប់​​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅតាមទី​ប្រជុំ​ធំៗ​មួយ​ចំនួនហើយ។

ប្រឈម​នឹង​ស្ថានភាពបែប​នេះ ​ និង​ដើម្បី​កុំ​ឱ្យ​មាន​ភាព​តឹង​សង្គមទាន់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​​ប្រកាស​ផ្អាកការ​នាំ​ចេញ​ប្រេងឆា​នេះ គ្រប់​ទម្រង់​ រាប់​ទាំង​ដូងប្រេង​ឆៅ​​តែម្តង រហូត​ណា​តែ​តម្លៃ​ប្រេង​បោះដុំ​​ក្នុង​ស្រុក​ ធ្លាក់​មក​នៅ​ត្រឹម​១៤០០០រូពី​ (៩៥សេនដុល្លារ)វិញ។ វិធានការនេះ​បានទទួល​ការស្វាគមន៍​ពី​ប្រជាជន​ ប៉ុន្តែមិន​ប្រាកដ​ថា​នឹងអាច​ដោះស្រាយបញ្ហា​បាន​ទេ ព្រោះ​បញ្ហា​មិន​ស្ថិត​នៅ​ត្រង់​ទិន្នផល​ដូង​ប្រេង​ទេ។ ​បើ​តាម​អ្នក​វិភាគ កង្វះ​ប្រេង​ឆា បណ្តាលមក​ពី​ប្រព័ន្ធ​ចែក​ចាយ​និង​ប្រព័ន្ធ​បំរុង​ទុក​ របស់​ឥណ្ឌូណេស៊ី ដោយ​ក្រុមហ៊ុន​អ្នក​ផលិត​ចង់តែ​​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ដែលកំពុង​​មាន​តម្លៃខ្ពស់​ខ្លាំង។

ក្នុង​កំរិត​ពិភពលោក សេចក្តី​សម្រេច​ផ្អាកការនាំចេញ​ផលិតផល​ដូង​ប្រេង​របស់​ឥណ្ឌូណេស៊ី នឹង​ធ្វើ​ឱ្យ​ចិន ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស ឬ​អេហ្ស៊ីប ​ជួប​បញ្ហា​ខ្វះប្រេង​ឆា​បរិភោគមុន​និង​ខ្លាំង​ជាង​គេ ហើយ​​​តម្លៃ​ប្រេងដែល​ឡើង​ថ្លៃ​ស្រាប់​ នឹងបន្ត​ឡើង​ថែមទៀត។ ឥណ្ឌូណេស៊ី​ផ្ទាល់​ខ្លួន អាច​នឹង​ត្រូវ​រង​ការ​ផាក​ពិន័យ​ពីបទ​ផ្តាច់​កិច្ចសន្យានាំ​ចេញ​ប្រេងឆា និង​អាច​ជាប់បណ្តឹង​នៅ​អង្គការ​ពាណិជ្ជកម្មពិភពលោក​ផង ប្រសិន​បើ​ការ​នាំចេញ​ត្រូវ​ផ្អាក​ក្នុង​រយៈ​ពេល​វែង។

សូម​បញ្ជាក់​ថា តាំងពី​ខែ​មីនា​២០២២មក ប្រេង​ឆាសម្រាប់​បរិភោគ គ្រប់​ប្រភេទ​​ បាន​ឡើង​ថ្លៃ​ដល់​កំពូល​មិន​ធ្លាប់​មានក្នុង​ប្រវត្តិសាស្ត្រ​ និង​ធ្វើ​ឱ្យ​ពិភពលោក​ជួ​បវិបត្តិផ្គត់ផ្គង់​​​ប្រេងបរិភោគ ព្រោះតែ​​រុស្ស៊ី​និង​អ៊ុយក្រែនដែល​ជា​ប្រទេស​ផលិត​ប្រេងឆា​​ផ្កា​ឈូករត្ន័​ លំដាប់ទីមួយនិង​ទីពីរ​ពិភពលោក រវល់​ធ្វើ​សង្គ្រាមនឹង​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ