អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

រុស្ស៊ី​​ប្រកាស​​ផ្អាកឈប់បាញ់ នៅរោងចក្រស្លរដែក​​ទីក្រុង​​ម៉ារីយូប៉ូល ដើម្បី​រំដោះ​ប្រជាជន​ស៊ីវីល

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៥ឧសភា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងទ័ពរុស្ស៊ីនឹងផ្អាកឈប់បាញ់ រយៈពេល​៣ថ្ងៃ នៅក្រុងម៉ារីយូប៉ូល ដើម្បីអនុញ្ញាតឲ្យ​រំដោះប្រជាជនស៊ីវីល។ បច្ចុប្បន្ននេះ​ មានប្រជាជនស៊ីវីលអ៊ុយក្រែន និងទាហានរបួសជាច្រើនរយនាក់ ដែលកំពុងលាក់ខ្លួននៅ​រូងក្រោមដី ក្នុងរោងចក្រស្លរដែក Azovstal ស្ថិតនៅជាយក្រុងម៉ារីយូប៉ូល។

ផ្សែងខ្មៅ ត្រូវបានគេប្រទះឃើញ នៅ​រោងចក្រស្លរដែក  Azovstal ជាយក្រុងម៉ារីយូប៉ូល ថ្ងៃទី ៤ ឧសភា ២០២២
ផ្សែងខ្មៅ ត្រូវបានគេប្រទះឃើញ នៅ​រោងចក្រស្លរដែក Azovstal ជាយក្រុងម៉ារីយូប៉ូល ថ្ងៃទី ៤ ឧសភា ២០២២ AP - Alexei Alexandrov
ផ្សាយពាណិជ្ជកម្ម

ផ្អាកប្រយុទ្ធ៣ថ្ងៃ ពីម៉ោង ៨ព្រឹក ដល់ម៉ោង៦ល្ងាច

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ខាងភាគីគេ ដែលមានកងទ័ពរុស្ស៊ី រួមជាមួយកងកម្លាំង​សាធារណរដ្ឋ​ផ្តាច់ខ្លួនដូណេតស៍ នឹងផ្អាកការប្រយុទ្ធដោយឯកតោភាពគី ចន្លោះពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង​៦ល្ងាច ម៉ោងនៅរុស្ស៊ី រយៈពេល​៣ថ្ងៃ គឺថ្ងៃទី​៥ ទី៥ និងទី៧ឧសភា។ មិនមែនផ្អាកការប្រយុទ្ធនៅក្រុងម៉ារីយូប៉ូល ទាំងមូល​ទេ គឺផ្អាកនៅតែតំបន់រោងចក្រស្លរដែក Azovstal ដែលមានជនស៊ីវីលព្រមទាំង​ទាហានអ៊ុយក្រែន សំងំលាក់ខ្លួននៅទីនោះ ជាច្រើនរយនាក់។

ក្រសួងការពារជាតិរុស្ស៊ីបានធានាថា ប្រជាជនស៊ីវីលអ៊ុយក្រែន ដែលជាប់នៅរោងចក្រនោះ នឹងត្រូវអនុញ្ញាតឲ្យចាកចេញពីតាំងនេះ ដោយអាចចេញទៅខាងទឹកដី ក្រោមការកាន់កាប់របស់រុស្ស៊ីក៏បាន ទៅខាងអ៊ុយក្រែនក៏បាន​។ ជាការពិត យើងបានឃើញកន្លងមកថា ការរំដោះមនុស្សចេញពី​ម៉ារីយូប៉ូលនេះ បាន​ការលំបាក និងជួបបរាជ័យ​ច្រើនដងមកហើយ ដោយភាគីអ៊ុយក្រែន អះអាងថាខាងរុស្ស៊ីមិនបានធានាសុវត្ថិភាព​ឲ្យ​បានពេញលេញទេ ហើយ​ថែមទាំង​មានការវាយឆ្មក់ ទម្លាក់គ្រប់​តាមច្រកចេញថែមទៀតផង។

តែយ៉ាងណា ប៉ុន្មានថ្ងៃចុងក្រោយនេះ គេបាន​រំដោះមនុស្ស​ចេញពីរោងចក្រស្លរដែក Azovstal បានចំនួន​២លើកហើយ ដោយមានអន្តរាគមន៍ជួយពីអង្គការសហប្រជាជាតិ។ កាលពីថ្ងៃចន្ទ គេបានរំដោះបាន​ចំនួន​ជាង១០០នាក់ ហើយ​នៅថ្ងៃពុធ គេបានរំដោះបាន​ចំនួន​ ៣៤៤នាក់ទៀត ដោយ​ដឹកយកចេញទៅកាន់ ក្រុងZaporijjia ស្ថិតនៅខាងអ៊ុយក្រែន ចំងាយ​ប្រមាណ​២៣០គីឡូម៉ែត្រ ពីម៉ារីយូប៉ូល។ នៅក្នុង​សារវីដេអូ របស់​លោកហ្សេឡេនស្គី កាលពីយប់មិញ លោក​បាន​លើកឡើងថា លោកទើបតែបាននិយាយទូរស័ព្ទ ជាមួយ​លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីរកវិធីរំដោះមនុស្សចេញពីម៉ារីយូប៉ូលបន្តទៀត ព្រោះថានៅសល់ច្រើនរយអ្នកណាស់ ទាំងប្រជាជនស៊ីវីល ស្ត្រី កុមារ និងទាហានរបួស ដែលកំពុងលាក់ខ្លួននៅរូងក្រោមដី ក្នុងរោងចក្រស្លរដែក Azovstal។

អ្នកនាំពាក្យវិមានក្រឹមឡាំង អះអាងថា​ច្រកផ្លូវមនុស្សធម៌បានដំណើរការដូចការគ្រោងទុក

មេបញ្ជាការកងទ័ពអ៊ុយក្រែន ម្នាក់បានអះអាង កាលពីថ្ងៃពុធថា កងទ័ពរុស្ស៊ី​កំពុងត្រៀម​បើក​ប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំ នៅតំបន់រោងចក្រស្លរដែក ដើម្បីបំបែក​កម្លាំងចុងក្រោយ​របស់អ៊ុយក្រែន នៅម៉ារីយូប៉ូល។ ក៏ប៉ុន្តែ នៅល្ងាចថ្ងៃពុធ ខាងភាគីរុស្សី បានបដិសេធថាមិនពិតទេ គេមិនមានគម្រោង​បើកការវាយ​ប្រហារនៅរោងចក្រស្លរដែកនេះទេ។ តែយ៉ាងណា នៅវេលាម៉ោង ៤ទាបភ្លឺថ្ងៃព្រហស្បតិ៍នេះ កងទ័ពអ៊ុយក្រែនអះអាងថា កងទ័ពរុស្ស៊ីបាន​បើកការវាយ​ប្រហារ ទំលាក់គ្រាប់ពីលើអាកាសផង បាញ់ប្លោងគ្រាប់ផង នៅតំបន់រោងចក្រស្លរដែក Azovstal ដើម្បីធ្វើយ៉ាងណា ដណ្តើមកាន់កាប់តំបន់នេះឲ្យ​បាន​។

ដោយឡែក លោក Dmitri Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង ទើបតែ​បានអះអាងប្រាប់អ្នកកាសែត នៅមុននេះបន្តិចថា កងទ័ពរុស្ស៊ីពិតជាបានផ្អាក​ការប្រយុទ្ធពិតមែន។ លោក​បានបញ្ជាក់ទៀតថា ​ច្រកផ្លូវមនុស្សធម៌ ដើម្បី​ រំដោះមនុស្សចេញពីរោងចក្រស្លរដែក Azovstal នេះ គឺបានចាប់ផ្តើមដំណើរការហើយ ដូចអ្វីដែលក្រោងទុក។

កងទ័ពរុស្ស៊ីហាត់សមប្រើមីស៊ីល​ដែលអាចបំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ នៅកាលីនីនហ្ក្រាដ

ដូចអ្វីដែលភាគីរុស្ស៊ីបានបញ្ជាក់ គឺថាគេផ្អាកឈប់ប្រយុទ្ធ៣ថ្ងៃ តែនៅតំបន់រោងចក្រស្លរដែក Azovstal ប៉ុណ្ណោះ។ ដូច្នេះ កន្លែងផ្សេង គឺគេនៅតែប្រយុទ្ធ នៅតែវាយប្រហារដដែល។ នៅភាគខាងកើត ក្នុង​តំបន់ដូណេតស្គ៍ គ្រាប់របស់រុស្ស៊ីបានធ្លាក់​នៅភូមិ Chandrygolove បណ្តាល​ឲ្យស្លាបឮ​មនុស្ស២នាក់ របួស​១១នាក់ សុទ្ធតែប្រជាជនស៊ីវីលទាំងអស់។ នេះបើផ្អែកតាម​លោក Pavlo Kyrylenko អភិបាល​ខាងអ៊ុយក្រែន នៃតំបន់ដូណេតស្គ៍។ នៅខារគីវ គ្រាប់រុស្ស៊ី ក៏បានសម្លាប់ជិវិតមនុស្សម្នាក់ និង​របួសកុមារម្នាក់ដែរ កាលពីថ្ងៃពុធ។

កងទ័ពរុស្ស៊ីក៏បាន​បាញ់ប្លោងគ្រាប់ ទៅកាន់ភាគខាងលិច ជាច្រើនទីតាំង ដូចជានៅក្បែរក្រុង Lviv ក្បែរព្រំដែនប៉ូឡូញ  ព្រមទាំងតំបន់ភ្នំ ក្បែរព្រំដែនហុងគ្រីថែមទៀតផង។ ដោយឡែក នៅ​ Mykolaiv និង Kherson ទីក្រុងភាគខាងត្បូង​ កងទ័ពអ៊ុយក្រែនបានអះអាងថា នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះថា គេ​បាន​ប្រឹងប្រែង​វាយដណ្តើម​ដែនដីខ្លះមកវិញ ពីសត្រូវ។

ជាមួយគ្នានេះដែរ កងទ័ពបេឡារុស បានប្រកាសកាលពីថ្ងៃម្សិលមិញ គេបានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅខាងទឹកដីគេ។ ជាសមយុទ្ធដើម្បី​សាកល្បងសមត្ថភាព​ ប្រតិកម្ម​រហ័ស​របស់កងទ័ពបេឡារុស។ នេះបើផ្អែកតាមការប្រកាស​របស់​ក្រសួងការពារជាតិបេឡារុស។ ក្រៅពីនេះទៀត រុស្ស៊ីបានប្រកាសនៅល្ងាចថ្ងៃពុធម្សិលមិញ ថាកងទ័ពគេ បានចាប់ផ្តើមហាត់សមបាញ់មីស៊ីល ដែលអាចបំពាក់​ក្បាលគ្រាប់នុយក្លេអ៊ែរ នៅតំបន់ Kaliningrad ដែលជាដែនដីរុស្ស៊ី​ ដាច់ស្រយ៉ាល នៅចម្លោះប៉ូឡូញ និងលីទុយអានី។ ក្រសួងការពារជាតិរុស្ស៊ីអះអាងទៀតថា ទាហានប្រមាណជាង​១០០នាក់ ដែលចូលរួមក្នុង​ប្រតិបត្តិការនេះ ក៏បានហាត់សាកល្បង ក្នុងលក្ខខណ្ឌមាន​សារធាតុវិទ្យុសកម្មនុយក្លេអ៊ែរ និង​សារធាតុពុលគីមីផ្សេងទៀតផងដែរ។ ជាមួយនឹងការប្រកាស ស្តីពីការហាត់សមរបស់​កងទ័ពរុស្ស៊ីនេះ គឺមាន​ទម្រង់លក្ខណៈជាការគំរាម ថារុស្ស៊ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរ​។

ព័ត៌មានរបស់​ចារកិច្ចអាមេរិក អនុញ្ញាតឲ្យ​អ៊ុយក្រែនសម្លាប់បានមេទ័ពធំៗរបស់រុស្ស៊ីជាង​១០នាក់

កាសែត New York Times បានផ្សាយ​កាលពីថ្ងៃពុធម្សិលមិញ ដោយស្រង់ប្រភពពីមន្ត្រីអាមេរិក ថាទីភ្នាក់ការចារកិច្ចអាមេរិក បាន​ជួយ​ផ្តល់ព័ត៌មាន ដើម្បី​ឲ្យ​អ៊ុយក្រែនសម្លាប់មេទ័ពធំៗរបស់រុស្ស៊ី ដល់ទៅជាង១០នាក់ឯណោះ។

ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក NSC បានប្រតិកម្មថា ការចុះផ្សាយរបស់កាសែត New York Times ដែលថាភ្នាក់ងារចារកិច្ចអាមេរិក បានផ្តល់ព័ត៌មានដើម្បី​ឲ្យ​កងទ័ពអ៊ុយក្រែន សម្លាប់មេទ័ពធំៗរបស់​រុស្ស៊ីនោះ គឺវាជាការចុះផ្សាយ​ដោយ​គ្មានការទទួលខុសត្រូវ។ លោកស្រី Adrienne Watson អ្នកនាំពាក្យ​ ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានបញ្ជាក់នៅក្នុងអ៊ីម៉េលថា ទីភ្នាក់ងារចារកិច្ចអាមេរិក បានផ្តល់ទិន្នន័យព័ត៌មាន ជួយ​កងទ័ពអ៊ុយក្រែន​មែន តែមិនមែន​ក្នុងគោលបំណង កម្មវត្ថុទៅសម្លាប់មេទ័ពធំៗរបស់រុស្ស៊ីនោះទេ។

ដោយឡែក បើតាមការចុះផ្សាយ​របស់ កាសែត New York Times  ដែលស្រង់ប្រភពពី​មន្ត្រីអាមេរិកជាច្រើននាក់ គឺថា ទិន្នន័យព័ត៌មានដែលអាមេរិកផ្តល់ឲ្យ គឺដើម្បីជួយអ៊ុយក្រែន នៅកៀក​​ផ្ទាល់នឹង​សមរភូមិប្រយុទ្ធតែម្តង​ ដូចជា​ការកំណត់ទីតាំង ព្រមទាំងព័ត៌មានលំអិតផ្សេងទៀត ទាក់ទិន​នឹងទីបញ្ជាការដ្ឋានរបស់ទ័ពរុស្ស៊ី ដែលចល័តផ្លាស់ទី។ បើតាមន័យនេះ គឺវាអាចដែលកងទ័ពអ៊ុយក្រែន បានបើកការវាយប្រហារ ទៅលើទីតាំងរបស់ទ័ពរុស្ស៊ី ដោយយោងលើព័ត៌មាន​របស់ទីភ្នាក់ងារចារកិច្ចអាមេរិក។ ហើយការវាយ​ប្រហារនោះ ទោះចេតនា ឬមិនចេតនា គឺវាបានបណ្ដាល​ឲ្យស្លាប់មេទ័ពធំៗរបស់​រុស្ស៊ីមែន។ បើតាមប្រភពមួយចំនួន គិតចាប់ពីថ្ងៃរុស្ស៊ីផ្តើមធ្វើសង្គ្រាមនៅអ៊ុយក្រែន គឺយ៉ាងហោចមេទ័ពធំៗរបស់រុស្ស៊ីចំនួន ​១២នាក់ បានស្លាប់នៅសមរភូមិ។

យ៉ាងណាមិញ ​កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិអាមេរិក បាន​អះអាងថា អគ្គមេបញ្ជាការកងទ័ពរុស្ស៊ី ឈ្មោះ Valéri Guerrassimov  បានទៅដល់សមរភូមិតំបន់ដុនបាស រយៈពេលច្រើនថ្ងៃ ដែលមានន័យថា មេទ័ពធំៗរបស់រុស្ស៊ីចុះទៅកៀកខ្លាំងណាស់ នឹងសមរភូមិប្រយុទ្ធ។ កងទ័ពអ៊ុយក្រែន បានអះអាងថាមាន ផ្ទុះគ្រាប់នៅក្រុង​ Izioum ក្នុងតំបន់ដុនបាស ដោយ​បណ្តាល​ឲ្យ​មានមន្ត្រីទ័ពធំៗរបស់​រុស្ស៊ី​របួសច្រើននាក់​។ លោកអគ្គមេបញ្ជាការកងទ័ពរុស្ស៊ី Valéri Guerrassimov ក៏ស្ថិតនៅទីនោះដែរ​ នេះបើផ្អែកតាមទីប្រឹក្សាពិសេសរបស់ប្រធានាធិបតី​អ៊ុយក្រែន​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ