អានតួអត្ថបទ

កូរ៉េ​ខាង​ត្បូង ប្តឹងចោទប្រកាន់​​អតីត​ប្រធាន​អង្គភាពចារកិច្ច២នាក់ ពីបទ​រំលោភអំណាច

នៅ​កូរ៉េខាងត្បូង, អតីត​ប្រធាន​ផ្នែក​​ចារកិច្ច​ ២រូប​ ត្រូវ​ដាក់​ឲ្យ​ឋិត​ក្នុង​ការ​ស៊ើប​អង្កេតរបស់​តុលាការ​​ ជុំវិញបទចោទប្រកាន់​របស់​ រដ្ឋអាជ្ញា ពី​បទរំលោភអំណាច, ​ការ​គ្រប់គ្រង​ការងារ​មិន​ល្អ ហើយ​និង​ក្តី​សង្ស័យ​ថា ​មានការ​ជ្រៀតជ្រែកកិច្ចការ​មួយ​ចំនួន ដែល​នាំ​ឲ្យ​បម្រើផលប្រយោជន៍​​កូរ៉េខាង​ជើង ប្រទេស​ជា​សត្រូវ​។​ តើ​អាច​ទេ ដែល​ថា អតីត​រដ្ឋាភិបាល​កូរ៉េខាងត្បូង ក្រោម​អាណត្តិ​ប្រធានាធិបតីចាស់​ បាន​ព្យាយាម​លាក់​បាំង​សំណុំរឿង​ឧក្រិដ្ឋ​មួយ​ចំនួន​​ ក្នុង​បំណង​សម្រួល​យុទ្ធសាស្ត្រ​នយោបាយ​របស់​ខ្លួន​?  



លោក ផាក់ ជើ-វុន (Park Jie-won -ស្តាំ) និង លោក សុះ ហ៊ុន (Suh Hoon-ឆ្វេង)  អ្នកទាំងទ្វេ សុទ្ធកាន់តំណែងបន្តបន្ទាប់គ្នា ជាប្រធានចារកិច្ច នៅក្រោមអាណត្តិប្រធានាធិបតី ម៉ូន ចៃអ៊ីន ដែលទើបបញ្ចប់នៅខែឧសភាកន្លងទៅ។
លោក ផាក់ ជើ-វុន (Park Jie-won -ស្តាំ) និង លោក សុះ ហ៊ុន (Suh Hoon-ឆ្វេង) អ្នកទាំងទ្វេ សុទ្ធកាន់តំណែងបន្តបន្ទាប់គ្នា ជាប្រធានចារកិច្ច នៅក្រោមអាណត្តិប្រធានាធិបតី ម៉ូន ចៃអ៊ីន ដែលទើបបញ្ចប់នៅខែឧសភាកន្លងទៅ។ AP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្រុង​សេអ៊ូល ក្នុង​សប្តាហ៍​នេះ គឺមាន​ការ​សង្ស័យនិងចោទប្រកាន់​​ប្តឹងផ្តល់​​​ចំពោះ​អតីត​ប្រធាន​ទី​ភ្នាក់ងារចារកិច្ច កូរ៉េខាងត្បូង ចំនួន​ពីរនាក់​។​ ម្នាក់​ឈ្មោះ ផាក់ ជើ-វុន (Park Jie-won) និង​ម្នាក់ទៀតលោក សុះ ហ៊ុន (Suh Hoon)។ អ្នកទាំងទ្វេ សុទ្ធ​កាន់​តំណែង​បន្ត​បន្ទាប់​គ្នា​ ជាប្រធាន​ចារកិច្ច​ នៅ​ក្រោម​អាណត្តិ​ប្រធានាធិបតី​ ម៉ូន ចៃអ៊ីន ដែល​ទើប​បញ្ចប់​នៅ​ខែ​ឧសភា​កន្លងទៅ។​

នៅ​ថ្ងៃពុធ ទី​៦កក្កដា ឆ្នាំ​២០២២  ទីភ្នាក់ងារចារកិច្ច កូរ៉េខាងត្បូង បាន​ដាក់​ពាក្យ​ប្តឹង​ និងដែល​ត្រូវ​ អយ្យការ បាន​បើក​ការ​ចោទប្រកាន់ ទៅលើ​​លោក ផាក់ ជើ-វុន ​ ជុំវិញ​ករណី​​សង្ស័យថា ​អតីត​ប្រធាន​ចារកិច្ច​រូបនេះ បាន​លុប​ចោល​របាយការណ៍ស៊ើប​អង្កេត​​ឃាត​កម្ម ​មន្ត្រី​ខាង​នេសាទ​ម្នាក់​ ដែល​កំពុង​បំពេញការងារ​នៅ​ក្បែរ​សមុទ្រជាប់​ដែនទឹក​កូរ៉េខាងជើង។ ​​មន្ត្រីនេះ ​ត្រូវ ​ឆ្មាំសមុទ្រ​កូរ៉េខាង​ជើង ​បាញ់​សម្លាប់ នៅ​ខែកញ្ញា ឆ្នាំ​​២០២០។​ រដ្ឋាភិបាល​ក្រុង​សេអ៊ូល កាលនោះ បាន​បិទ​សេចក្តីសន្និដ្ឋាន​ថា មន្ត្រី​នេសាទ​រូបនោះ ត្រូវ​គេ​សម្លាប់​ ព្រោះតែ​បាន​រត់​ចោល​ជួរ ទៅចូល​ទឹកដី​កូរ៉េខាងជើង។ នោះ​ជា​ការ​សន្និដ្ឋាន​ដែល​គ្មាន​ភស្តុតាង​រហូត​មកទល់​នឹង​ពេលនេះ។ ប៉ុន្តែ នៅពេល​ក្រោយ​មក អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ បានដឹងថា បុរសម្នាក់​នោះ​ត្រូវ​គេ​បាញ់សម្លាប់​និង​ដុត​សាកសព​ចោល។​ លោក ផាក់ ជើ-វុន បាន​ការពារខ្លួន​ដោយ​ច្រានចោលការ​ចោទប្រកាន់ និងចាត់ទុកថា នេះ​ជារឿង​ប្រឌិត​សុទ្ធសាធ។​

ចំណែក អតីត​ប្រធានចារកិច្ចមួយ​រូបទៀត​  លោក សុះ ហ៊ុន ត្រូវ​ជាប់ពាក្យ​ប្តឹង​ពី​បទបិទ​​​ខ្ទប់​សំណុំ​រឿង​មុនកាល​​កំណត់​ ជុំវិញ​ការ​បញ្ចូន​អ្នក​នេសាទ​ពីរកូរ៉េ​ខាង​ត្បូង​ពីរនាក់​ទៅកាន់​កូរ៉េខាងជើង ដែល​ផ្ទុយ​ពី​ឆន្ទៈ​របស់​ពួក​គេ​។ អ្នក​ទាំងពីរ​បាន​សម្លាប់​មនុស្ស​​ប្រមាណ​១៦នាក់។​ រឿង​នេះ​បាន​កើត​ឡើង​ នៅ​ខែវិច្ឆិកា​ ឆ្នាំ២០១៩។​

ទាក់ទិន​នឹង​សំណុំ​រឿង​ក្តីនេះ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ នៃ ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​បច្ចុប្បន្ន ​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​លាក់​ឈ្មោះ ថា​ សំណុំ​រឿង​ចោទប្រកាន់​ទាំង​២​នេះ គឺ​អាច​ចាត់ទុក​ថា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​បាន ប្រសិន​បើ​ជន​ជាប់សង្ស័យ​ត្រូវ​តុលាការ​រកឃើញថា បាន​ប្រព្រឹត្ត​ខុស​មែន​នោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ