អានតួអត្ថបទ
ចិន-កីឡា-កូវីដ

កូវីដ៖ ចិន​សម្រេច​លើក​កម្មវិធី​កីឡាអូឡាំពិក​អាស៊ី​ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២៣

​បន្ទាប់​ពី​បានប្រកាស​​លើក​ពេល​ម្តង ដោយហេតុ​កូវីដ ​កម្មវិធី​កីឡាអូឡាំពិក​អាស៊ីឆ្នាំ​២០២២ នឹង​ប្រព្រឹត្ត​ទៅ​​ ដោយ​យឺត​យ៉ាវ​មួយ​​ឆ្នាំក្រោយ ពោល​គឺ​នៅ​២០២៣​ នៅ​ក្រុងហង់ចូវ ​Hangzhou ប្រទេស​ចិន។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់ស្ថាប័ន​ទទួល​បន្ទុក​រៀប​ចំ​កម្មវិធី​កីឡា​ នៅថ្ងៃអង្គារ​ទី ១៩ កក្កដា២០២២។

កម្មវិធី​ប្រកួត​កីឡាអូឡាំពិក​អាស៊ី នៅ​ហង់ចូវ ប្រទេស​ចិន លើក​ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២៣
កម្មវិធី​ប្រកួត​កីឡាអូឡាំពិក​អាស៊ី នៅ​ហង់ចូវ ប្រទេស​ចិន លើក​ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២៣ via REUTERS - CHINA DAILY
ផ្សាយពាណិជ្ជកម្ម

​គ្រោង​ធ្វើ​ជា​ដំបូង ពី​ថ្ងៃទី​១០​ដល់​ថ្ងៃទី​២៥​កញ្ញា​២០២២ និង​បាន​ប្រកាស​លើក​ពេល​ ដោយ​គ្មាន​កាលកំណត់​កាលពី​ខែ​ឧសភា នៅទីបំផុត ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី បាន​សម្រេច​ ដោយ​មាន​ការ​ព្រមព្រៀង​ពី​ម្ចាស់​ផ្ទះ រៀប​ចំ​​ការ​ប្រកួត​កីឡា​អូឡាំពិក​អាស៊ី នៅ​​ក្រុងហង់ចូវ​ (Hangzhou)នៅ​​ថ្ងៃទី ២៣​កញ្ញា​ដល់​ថ្ងៃ ៨​តុលា ឆ្នាំ​២០២៣ វិញ។

គណៈកម្មការ​អូឡាំពិក​អាស៊ី និង​គណៈកម្មការ​រៀប​ចំកីឡា បាន​ព្រមព្រៀង​រើស​យក​កាលបរិច្ឆេទ​នេះ ព្រោះ​គ្មាន​ជាន់​នឹង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ផ្សេង។ តាម​ធម្មតា កីឡាអូឡាំពិកអាស៊ី តែង​ទាក់ទាញ​និង​មាន​កីឡាករ​លើ​ទ្វីប​អាស៊ី​​​ជាង​មួយ​ម៉ឺននាក់ចូល​រួម។

​​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស ល្បី​​ឈ្មោះជា​ក្រុង​សួគ៌ មាន​ប្រជាជន​រស់​នៅ​ជាង​១២​លាន​នាក់ ហង់ចូវ បានក្លាយ​ជា​ក្រុង​ទីបី​របស់​ចិន​ដែល​ទទួល​រៀប​ចំព្រឹត្តិការណ៍​កីឡា​អាស៊ី បន្ទាប់​ពី​ប៉េកាំង កាលពី​ឆ្នាំ​១៩៩០ និង​កង់តុង កាលពី​ឆ្នាំ​២០១០។

ក្នុង​ពេល​ប្រកាសកាលវិភាគ​ថ្មី​នៃ​កម្មវិធី​អូឡាំពិក​អាស៊ី គណៈកម្មការ​​បា​ន​សន្យា​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​និង​វប្បធម៌​ឱ្យ​អស្ចារ្យ។​ ប៉ុន្តែ​អាជ្ញាធរ​ចិន​នៅ​​តែ​ខ្វល់​ខ្វាយ​ខ្លាំង​​ខ្លាច មិន​អាច​បញ្ចៀស​​ករណីឆ្លង​កូវីដ​​នាំ​ចូល​មក​ពីក្រៅ ក្រោយ​​ព្រឹត្តិការណ៍​ខ្នាត​អន្តរជាតិ។

ជាមួយ​នឹង​​នយោបាយ​ហ្សេរ៉ូកូវីដ ដ៏​តឹង​តែង ធ្វើ​តេស្ត​ជា​សមូហភាព ​ធ្វើ​ចត្តាឡីស័ក​​​អ្នក​វិជ្ជមាន​កូវីដ​ ឬបិទ​ខ្ទប់​ខេត្ត​ក្រុង​ទាំងមូល នៅពេល​មាន​លេច​ករណី​ឆ្លង​​ក្នុង​សហគមន៍​ភ្លាម​ ចិន​បាន​កាត់​បន្ថយ​ទំនាក់ទំនង​អន្តរជាតិ​យ៉ាង​ខ្លាំង តាំងពី​ឆ្នាំ​២០២០​មក និង​មិន​ទទួល​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​អ្វី​ទាំង​អស់​ លើក​លែង​តែ​កីឡាអូឡាំពិកនិង​ប៉ារ៉ាអូឡាំពិក​​រដូវ​រងារ​ក្រុង​ប៉េកាំ​ង​ កាលពី​ខែ​កុម្ភៈ​-មីនា​២០២២មួយ​ចេញ​។ ព្រឹត្តិការណ៍​​កីឡានេះ​ បាន​ប្រព្រឹត្ត​ទៅដោយ​ជោគ​ជ័យ និង​ក្លាយ​ជា​គំរូ​នៃ​ការ​រៀប​ចំ​កីឡាអូឡាំពិក​អាស៊ី​ឆ្នាំ​ក្រោយ។

ចិន​នឹងមិន​បន្ធូរ​បន្ថយ​វិធានការ​ប្រឆាំង​កូវីដ​ទេ សម្រាប់​ពេល​នេះ ព្រោះ​អត្រា​មនុស្ស​ចាស់​​ចាក់​ថ្នាំ​បង្ការ​​នៅទាប ហើយ​ធនធាន​ថ្នាំ​ព្យាបាល​មាន​មិន​គ្រប់​គ្រាន់។ តាំង​ពី​ខែ​មីនា​២០២២​មក ចិន​បាន​ស្គាល់​រលក​ចម្លង​កូវីដ​ស្ទុះ​ឡើង​ខ្លាំង​ជា​ថ្មី ជា​ហេតុ​ធ្វើ​ឱ្យ​ខេត្ត​ក្រុង​ជា​ច្រើន មាន​ជាអាទិ៍​ក្រុង​សៀងហៃដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ​ពី​ក្រុង​ហង់ចូវ បិទ​ខ្ទប់​អស់​រយៈ​ពេល​ជិត​ពីរខែ។ បើ​តាម​ក្រសួង​សុខាភិបាល​ នៅ​ថ្ងៃ​អង្គារ​ទី ១៩​កក្កដា​​នេះ ​ ​ចិន​​រាប់​ឃើញ​មាន​​​អ្នក​ឆ្លងថ្មី​​ចំនួន​៧០០ករណី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ