អានតួអត្ថបទ
ភូមា-រដ្ឋប្រហារ

រកឃើញភស្តុតាងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅភូមា៖ អ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ

ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារនេះបានរាយការណ៍ថាមាន ភស្តុតាងជាច្រើនដែលឆ្លុះបញ្ចាំងអំពីសកម្មភាពប្រឆាំងមនុស្សជាតិ រួមមានឃាតកម្ម ការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទ ដែលបានប្រព្រឹត្តឡើងនៅក្នុងប្រទេសភូមា​ ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំមុនមក។ យន្តការស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិនៅប្រទេសភូមា ក៏បានរាយការណ៍ថាជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារ។

បាតុករ​ម្នាក់​​នៅ​ជិត​រនាំង​ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​ភូមា កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១
បាតុករ​ម្នាក់​​នៅ​ជិត​រនាំង​ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​ភូមា កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​មុននេះរបបយោធា​ភូមា​បានធ្វើ ការ​ដណ្តើម​អំណាច ​ ដោយ​បណ្តេញ​រដ្ឋាភិបាល​ស៊ីវិលចេញ ហើយ​ចាប់​ខ្លួន​លោកស្រី អ៊ុងសាន ស៊ូជី។ បើយោងតាមក្រុមអ្នកឃ្លាំមើលក្នុងតំបន់ របបយោធានេះធ្វើការគ្រប់គ្រងប្រទេសដោយការបង្ហូរឈាម និង ដោយអំពើហិង្សា បណ្តាលឱ្យជនស៊ីវិលជាង ២ពាន់នាក់បានស្លាប់ និង ជិត១ម៉ឺន៥ពាន់នាក់ទៀតត្រូវបានចាប់ខ្លួន។

ហេតុនេះអង្គការសហប្រជាជាតិ បានបង្កើតយន្តការស៊ើបអង្កេតឯករាជ្យមួយ នៅចុងឆ្នាំ២០១៨ ដើម្បីប្រមូលសំណុំរឿងលើឧក្រិដ្ឋកម្មនេះ។​ ​ក្រុមស៊ើបអង្កេតនេះបានព្រមាន នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ក្នុងរយៈពេល ១២ ខែមកនេះ វិសាលភាពនៃឧក្រិដ្ឋកម្មអន្តរជាតិ​ នៅក្នុងប្រទេសភូមាបានរីកសុះសាយជាយ៉ាងខ្លាំង។

ប្រធានយន្តការស៊ើបអង្កេតឯករាជ្យនេះ បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតរបស់លោក កំពុងផ្តោតជាពិសេសទៅលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងលើស្ត្រី និងកុមារ ដែលជា បទល្មើសដ៏ធ្ងន់ធ្ងរ តែភាគច្រើនត្រូវបានគេមើលរំលង។ របាយ​ការណ៍របស់ក្រុមនេះ​បាន​រក​ឃើញ​ថា កុមារ​ក្នុង​ប្រទេសភូមា ត្រូវ​បាន​គេ​សម្លាប់ ធ្វើ​ទារុណកម្ម និង​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត។

ជាក់ស្តែងក្រុមស៊ើបអង្កេតរហូតមកដល់ពេលនេះ មិនទាន់ទទួលបានការអនុញ្ញាត ឱ្យចូលទៅក្នុងប្រទេសភូមានៅឡើយទេ តែទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះពួកគេបាន ប្រមូលភស្ដុតាងបានជិត ៣លានច្បាប់ រួចមកហើយ ក្នុងនោះមានទាំងកិច្ចសម្ភាសន៍ ឯកសារ រូបថត និងរូបភាពភូមិសាស្ត្រផងដែរ។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ភស្តុតាងដែលពួកគេបានប្រមូលបង្ហាញថា ជម្លោះប្រដាប់អាវុធជាច្រើនដែលនៅតែបន្តកើតមាន នៅលើទឹកដីភូមា​ ហើយពួកគេក៏បាន​ចង្អុល​ទៅលើ ​ការ​ប្រហារជីវិត​អ្នកទោស​នយោបាយ​បួន​នាក់ កាលពី​ខែ​មុននេះ ថា​ជា​ការ​ប្រហារជីវិត​លើក​ដំបូង​ក្នុង​ប្រទេស​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍មកហើយ។

ប្រាំឆ្នាំក្រោយពីការបង្ហូរឈាមនៅឆ្នាំ២០១៧ ដែលធ្វើឱ្យមនុស្សជិតមួយលាននាក់ត្រូវបាត់បងទីលំនៅ ប្រធានក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិនេះ ក៏បានគូសបញ្ជាក់ពីស្ថានភាពដែលកំពុងបន្តកើតមាន​ចំពោះជនជាតិមូស្លីមភាគតិច រ៉ូហ៊ីងយ៉ាផងដែរ។

ជារួមជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ជាង៨០ម៉ឺននាក់ត្រូវបានជម្លៀសខ្លួនកាន់ប្រទេសបង់ក្លាដែសហើយ ខណៈដែល ៦០ម៉ឺននាក់ទៀតនៅក្នុងប្រទេសភូមានៅឡើយ ហើយបើគ្មានការដាក់ទោសដល់ជនល្មើសនោះទេ ការការពារសុវត្តិភាព និង សនិ្តភាពរបស់ជនជាតិនេះនិងមិនអាចសម្រេចបាន​​នោះឡើយ។

ម្យ៉ាងទៀតកាល​ពី​ខែ​មុន តុលាការ​យុត្តិធម៌​អន្តរជាតិ​ បានសម្រេចច្រាន​ចោល​នូវការ​ជំទាស់​ពី​មេដឹកនាំ​យោធាភូមា ហើយ​បានបានទទួលយកពាក្យបណ្តឹងចោទប្រកាន់​ប្រទេស​ភូមា​ពី​បទ​ប្រល័យ​ពូជសាសន៍ ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ានេះផងដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ