អានតួអត្ថបទ
ចិន-ស្រីលង្កា-ឥណ្ឌា

ស្រីលង្កា​យល់ព្រម​ឲ្យ​​នាវា​របស់ចិន​ចូលចត ខណៈ​ឥណ្ឌា​ចោទថា ជា​នាវា​ឈ្លប​យកការណ៍​របស់ចិន

បន្ទាប់ពីបាន​ស្ទាក់ស្ទើអស់ជាច្រើនថ្ងៃ ទីបំផុតទៅ​រដ្ឋាភិបាលស្រីលង្កា បានសម្រេចអនុញ្ញាតឲ្យ​នាវាមួយរបស់ចិន ចូលចតនៅកំពង់ផែក្រុងកូឡុំបូ។ ឥណ្ឌាដែលមហាអំណាចតំបន់ បានបង្ហាញការជំទាស់ប្រឆាំង ដោយ​បានអះអាងថា នាវារបស់ចិននោះ គឺជានាវាដែលចិនបញ្ជូន​មកស៊ើប ឈ្លប​យកការណ៍ នៅក្នុង​មហាសមុទ្រឥណ្ឌា។

ទង់ជាតិចិន និង​ស្រីលង្ការ បក់រវិច ក្នុងឱកាសទទួលលោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ដែលចុះទៅទស្សនកិច្ចនៅ​កំពង់ផែក្រុងកូឡុំបូ ថ្ងៃទី ៩ មករា ២០២២
ទង់ជាតិចិន និង​ស្រីលង្ការ បក់រវិច ក្នុងឱកាសទទួលលោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ដែលចុះទៅទស្សនកិច្ចនៅ​កំពង់ផែក្រុងកូឡុំបូ ថ្ងៃទី ៩ មករា ២០២២ AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

នាវាចិន ឈ្មោះ Yuan Wang 5 ត្រូវចូលមកចតនៅ​កំពង់ផែ Hambantota របស់ស្រីលង្ក កាលពីថ្ងៃទី​១១សីហា។ ក៏ប៉ុន្តែ​ អាជ្ញាធរស្រីលង្ការ បានអេះអុញ រារែក ដោយសារតែ​ខ្លាចការជំទាស់របស់ភាគីឥណ្ឌា។ តែទីបំផុត តំណាង​គ្រប់គ្រងកំពង់ផែ បាន​ប្រាប់អ្នកកាសែតថា ខ្លួន​បាន​ទទួល​ការអនុញ្ញាតជាផ្លូវការ​ពីរដ្ឋាភិបាលស្រីលង្ការហើយ នៅថ្ងៃទី​១៣សីហា។ នាវា Yuan Wang 5 របស់ចិនអាចចូលមកចត​ នៅកំពង់ផែទឹកជ្រៅ Hambantota ចាប់ពីថ្ងៃទី​១៦ ដល់ថ្ងៃទី​២២សីហា។ ប្រភពដដែលនេះ បញ្ជាក់ថាបច្ចុប្បន្ននេះ នាវា Yuan Wang 5 កំពុងស្ថិតនៅចំងាយ​ប្រមាណ​១០០០គីឡូម៉ែត្រ ភាគ​អាគ្នេយ៍ស្រីលង្កា។

គួរបញ្ជាក់ថា ការចូលចតរបស់នាវាចិន ឈ្មោះ Yuan Wang 5 នៅកំពង់ផែស្រីលង្កានេះ កំពុងតែបង្កឲ្យ​មានបញ្ហាការទូត រវាងឥណ្ឌា និងស្រីលង្ការ។ ក្រុមជំនាញ​អន្តរជាតិ ឃ្លាំមើល​ចរាចរណ៍ក្នុងសមុទ្រ អះអាងថា នាវា Yuan Wang 5 របស់ចិន គឺជានាវាប្រើប្រាស់ ក្នុង​ប្រតិបត្តិការ​ស្រាវជ្រាវ និងសិក្សាផ្សេងៗ។ តែយ៉ាងណា ទូរទស្សន៍ CNN-News18 របស់ឥណ្ឌា​បានផ្សាយថា នាវា Yuan Wang 5 គឺជានាវាឈ្លបយកការណ៍ ដែលចិនប្រើ​ទាំងផ្នែក​ស៊ីវីល​ និង​ផ្នែកកងទ័ព។ ចិនប្រើនាវានេះ ដើម្បីប្រមូលទិន្នន័យស៊ើបការណ៍ ពីលើអាកាស តាមរយៈការប្រើ​ផ្កាយរណប  និងអាចប្រើវា ដើម្បី​បាញ់​មីស៊ីល​បាលីស្ទីកអន្តរទ្វីប ថែមទៀតផង។

សូមរំលឹក​ដែរថា កំពង់ផែ Hambantota គឺជាកំពង់ផែទឹកជ្រៅ ដ៏ធំមហិមារបស់ស្រីលង្កា ដែល​ប្រទេសនេះ បានទៅខ្ចីប្រាក់​​ពីចិនចំនួន១៤០០លានដុល្លារ ដើម្បី​សាងសង់។ នៅឆ្នាំ​២០១៧ ស្រីលង្កាបានប្រកាសខ្លួន​គ្មានលទ្ធភាពសងបំណុល​ចិន ហើយទីបំផុតស្រីលង្កាត្រូវបង្ខំ​ចិត្ត​ប្រគល់កំពង់ផែនេះ ទៅឲ្យ​ក្រុមហ៊ុនចិនគ្រប់គ្រងរយៈពេល​៩៩ឆ្នាំ។ គួរកត់សំគាល់ដែរថា វត្តមាន​កំពង់ផែទឹកជ្រៅស្រីលង្កា គ្រប់គ្រងដោយ​ក្រុមហ៊ុនចិន ហើយដែលស្ថិតនៅមិនឆ្ងាយ​ប៉ុន្មាន ពីឆ្នេររបស់ឥណ្ឌានេះ​ បានធ្វើ​ឲ្យ​ឥណ្ឌារបាំចិត្តជាខ្លាំង។ ឥណ្ឌាខ្លាចក្រែងថា វានឹងក្លាយ​ជាទីតាំង​សំចតរបស់នាវាចិន ដែលចូលមក​ឈ្លបស៊ើបការណ៍​ ស្តីពីសកម្មភាពរបស់​កងទ័ពឥណ្ឌា។

ក្រោយដឹងថាស្រីលង្កាយល់ព្រមអនុញ្ញាត ឲ្យនាវាចិន Yuan Wang 5 ចូលចត រដ្ឋាភិបាលឥណ្ឌា បានជូនដំណឹងទៅ​រដ្ឋាភិបាល​ស្រីលង្កាភ្លាម​ ដោយបាន​លើកឡើងពីការបារម្ភរបស់ខ្លួន។ រដ្ឋមន្ត្រី​ក្រសួងការបរទេសឥណ្ឌា បាន​បញ្ជាក់ថា ឥណ្ឌាសូមរក្សាសិទ្ធិចាត់វិធានការ ឆ្លើយតបទៅវិញឲ្យ​បានស្រប ក្នុងករណី​ដែល​វត្តមានរបស់នាវាឈ្លបយកការណ៍របស់ចិន អាចបង្កឲ្យ​មាន​ការប៉ះទង្គិច ឬប៉ះពាល់ទៅលើ​សន្តិសុខ និង​ផលប្រយោជន៍សេដ្ឋកិច្ចរបស់​ឥណ្ឌា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ