អានតួអត្ថបទ
ឥណ្ឌូណេស៊ី-អាកាសធាតុ

ការប្រែប្រួល​អាកាសធាតុ៖​G20​បិទបញ្ចប់​កិច្ចប្រជុំ​ដោយគ្មាន​សេចក្តីថ្លែងការណ៍រួម

កិច្ចប្រជុំ​របស់​ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​នាំមុខគេ ហៅកាត់ថា G20​បាន​បិទបញ្ចប់ កាលពីថ្ងៃ​ពុធទី ៣១​សីហា ដោយ​គ្មាន​លទ្ធផលអ្វី​ជាដុំកំភួន។ កិច្ចប្រជុំ​ពេញ​មួយថ្ងៃ​របស់​រដ្ឋមន្រ្តី​បរិស្ថាន​របស់​ក្រុមប្រទេស G20 នៅកោះបាលី បាន​បិទបញ្ចប់​ទៅ ដោយ​គ្មាន​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។ ជា​ថ្មី​ម្តង​ទៀត កិច្ចប្រជុំ​របស់G20 ស្តី​ពី​អាកាសធាតុ ត្រូវ​បាំង​បិទ​លុបជិត​ដោយ​វិបត្តិ​សង្រ្គាម​អ៊ុយក្រែន។

រដ្ឋមន្រ្តីបរិស្ថាន និង​ព្រៃឈៃ​របស់​ឥណ្ឌូណេស៊ី លោកស្រីSiti Nurbaya Bakarនិយាយ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រទេស​G20នៅ​កោះបាលី កាលពីថ្ងៃ​ទី ៣១​សីហា ២០២២
រដ្ឋមន្រ្តីបរិស្ថាន និង​ព្រៃឈៃ​របស់​ឥណ្ឌូណេស៊ី លោកស្រីSiti Nurbaya Bakarនិយាយ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រទេស​G20នៅ​កោះបាលី កាលពីថ្ងៃ​ទី ៣១​សីហា ២០២២ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ដូចកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ខែ​កក្កដា ឥណ្ឌូណេស៊ី​ដែលធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​G20​ស្តីពីអាកាសធាតុ​ខកខាន​មិនបាន​ចេញសេចក្តីថ្លែងការណ៍រួម បន្ទាប់ពី​សមាជិក​ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​នាំមុខគេ ទាំង ២០​គ្មានជំហរ​រួមគ្នា ដើម្បីស្វែងរក​ដំណោះស្រាយ សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។

នៅ​ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ពុធ រដ្ឋមន្រ្តី​បរិស្ថាន និង​ព្រៃឈៃ​ឥណ្ឌូណេស៊ី ដែលជាប្រធានដឹកនាំ​កិច្ចប្រជុំ​បាននិយាយថា ដោយសារ បញ្ហា​ភូមិសាស្រ្តនយោបាយ និង​ប្រទេស​ខ្លះ​ដែល​មិន​អាច​បត់បែន សម្រាប់​សំណុំរឿង​មួយចំនួន គេ​អាច​ចេញ​ត្រឹម​សេចក្តីសង្ខេប នៃកិច្ចប្រជុំ។ តាមការអះអាង​របស់​រដ្ឋមន្រ្តីបរិស្ថាន​ឥណ្ឌូណេស៊ី ដូចជា​កិច្ចប្រជុំដទៃទៀត ​រុស្ស៊ី និង​អ៊ុយក្រែន កំពុង​ក្លាយជា​បញ្ហា​តានតឹង​ភូមិសាស្រ្ត​នយោបាយ។

ប្រភព​ដកស្រង់​ដោយ​ទីភ្នាក់ងារព័ត៌មាន​បារាំង​AFP បាន​និយាយ​ថា សមាជិក​ក្រុមប្រទេស​​G20​មិនអាច​និយាយ​ចុះសម្រុងគ្នា​ដើម្បី​ចេញ​សេចក្តីថ្លែងការណ៍រួម។ ម្យ៉ាង នៅក្នុង​កិច្ចប្រជុំ អ្នកតំណាង​របស់​ប្រទេស​ជាច្រើន​បានឡើង​និយាយ ដោយ​ចាប់ផ្តើមដំបូងគេ គឺ​ការថ្កោលទោស​រុស្ស៊ី ដែល​ចូលធ្វើ​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន អស់ ៦ខែមកហើយ។ សម្រាប់​ប្រភព​ខាងលើ វត្តមាន​របស់​រុស្ស៊ី ជា​ហេតុផល​ចំបង​ដែល​សម្លាប់​កិច្ចប្រជុំ តាំងពី​ដំបូងទី។

ទៅ​តាម​ការអញ្ជើញ​របស់​ឥណ្ឌូណេស៊ី ដែល​ជា​ម្ចាស់ផ្ទះ រុស្ស៊ី​បាន​បញ្ជូន​អនុរដ្ឋមន្រ្តី​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទៅចូលរួម​ក្នុងកិច្ចប្រជុំ​ក្រុមប្រទេស​G20 ស្តីពី​អាកាសធាតុ នោះបើទោះបីជា​មានការប្រឆាំង​ពី ក្រុម​ប្រទេស​លោកខាងលិច ដែលជា​សមាជិក។ នៅមុន​បើកកិច្ចប្រជុំ រដ្ឋមន្រ្តីបរិស្ថាន​ឥណ្ឌូណេស៊ី​បានព្រមាន​ រំលឹក​ក្រុមប្រទេសដែល​មាន​សេដ្ឋកិច្ច​នាំមុខគេ​ឲ្យ​ចាត់វិធានការ​បន្ទាន់ រួមគ្នាដើម្បី​ទប់ស្កាត់​ការឡើង​កំដៅផែនដី។

ដោយសារ​ការប្រែប្រួលអាកាសធាតុ ដែល​ជាលទ្ធផល​នៃការឡើងកំដៅ​ផែនដី ក្រុម​ប្រទេស​អ្នកមាន មិនថា នៅ​អឺរ៉ុប នៅអាមេរិក និង​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ​នៅក្នុងពិភពលោក ដូចជា​ចិន ឥណ្ឌា​បានជួបប្រទះ​បញ្ហា​អាកាសធាតុ​ធ្ងន់ធ្ងរ​មិនធ្លាប់​មាន ដូចជា​ភ្លើងឆេះព្រៃ រលកកំដៅ គ្រោះរាំងស្ងួតខ្លាំង និង​ទឹកជំនន់ ដូចករណីប៉ាគីស្ថាន ដែលមាន​ផ្ទៃដី មួយភាគបី ត្រូវ​ជន់លិចដោយទឹកជំនន់។ អ្នកវិទ្យាសាស្រ្ត​បាន​ព្រមាន​ហើយ​ថា តទៅនេះ បណ្តាប្រទេស​នៅក្នុងពិភពលោក​នឹង​ត្រូវ​ជួប​ វិបត្តិខ្វះស្បៀងអាហារ ដោយសារ​តែ​គ្រោះរាំងស្ងួត រលកកំដៅ និង​ទឹកជំនន់​កើតមាន​កាន់តែ​ញឹកញាប់ ដោយសារ​កត្តាប្រែប្រួលអាកាសធាតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ