អានតួអត្ថបទ

ឥណ្ឌូណេស៊ី ព្យាយាមធ្វើជាអន្តរការី ក្នុង​សង្គ្រាមអ៊ុយក្រែន

ប្រធានាធិបតី​ឥណ្ឌូណេស៊ី ព្យាយាម​ធ្វើ​ជា​អន្តរការី ក្នុង​សង្គ្រាម​អ៊ុយក្រែន។ ក្រោយ​ពីបានជួបជាមួយ​ប្រមុខ​រដ្ឋ​អ៊ុយក្រែន នៅក្រុង​កៀវ, ​ប្រធានាធិបតីឥណ្ឌូណេស៊ី ​លោក ចូកូ វីដូដូ ក៏បាន​បន្ត​​ជួប​លោកប្រធានាធិបតីរុស្ស៊ី ពូទីន នៅ​ម៉ូស្កូ ហើយ​ថែម​ទាំង​បាន​ប្រកាស​ថា លោក​បាន​ផ្តល់​សារផ្តាំផ្ញើ​ពី​លោក ហ្សេឡិនស្គី ជូន​​ទៅ​ឲ្យ​លោក​ពូទីន​រួច​ហើយ។ សេចក្តីប្រកាស​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា ជាមួយ​ប្រធានាធិបតី​ ពូទីន​។​

ក្រោយពីជួបប្រមុខរដ្ឋអ៊ុយក្រែន, លោក ចូកូ វីដូដូ ក៏បានបន្តជួបលោក ពូទីន នៅម៉ូស្កូ ហើយថែមទាំងបានប្រកាសថា លោកបានផ្តល់សារផ្តាំផ្ញើពីលោក ហ្សេឡិនស្គី ជូនទៅឲ្យលោក ពូទីន រួចហើយ។
ក្រោយពីជួបប្រមុខរដ្ឋអ៊ុយក្រែន, លោក ចូកូ វីដូដូ ក៏បានបន្តជួបលោក ពូទីន នៅម៉ូស្កូ ហើយថែមទាំងបានប្រកាសថា លោកបានផ្តល់សារផ្តាំផ្ញើពីលោក ហ្សេឡិនស្គី ជូនទៅឲ្យលោក ពូទីន រួចហើយ។ AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

«បើ​ទោះបី​ជា​ ស្ថានការណ៍​លំបាក​ម្តេចក្តី យើង​ត្រូវតែ​ឈាន​ទៅ​រក​ការ​កំណត់​វិធានាការ​ច្បាប់ ហើយ​និង​ឈានទៅ​រក​ការ​ជជែក​ចរចា​គ្នា។ ខ្ញុំ​បាន​បញ្ជាក់​ពី​ឆន្ទៈ​របស់​ខ្ញុំ​ក្នុង​ការ​ជួយធ្វើ​ជាអ្នក​នាំសារ​សម្រាប់​លោក​ប្រធានាធិបតី​ទាំងពីរ រុស្ស៊ី - អ៊ុយក្រែន។ ឥណ្ឌូណេស៊ី​យើង​ខ្ញុំ​ គ្មាន​ប្រយោជន៍​អ្វី​ក្នុងរឿង​នេះទេ តែ​យើង​ចង់​ឲ្យ​សង្គ្រាម​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​» នេះគឺជា​ខ្លឹមសាសរ​នៃ​ប្រសាសន៍​របស់​ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅ​វិមាន​ក្រិម​ឡាំង​ ដែលត្រូវ​បក​ប្រែ​ជាភាសា​រុស្ស៊ី និង​ភាសា​ផ្សេងៗទៀត ហើយ​ត្រូវ​កាសែត​បច្ចិមលោក​ចុះផ្សាយ​ព្រោងព្រាត​។

ពីចំណែក​ខ្លួន លោក​ប្រមុខរដ្ឋ​រុស្ស៊ី​ វ្ល៉ា​ឌីមៀរ ពូទីន  បាន​ថ្លែង​អំណរ​គុណ​ចំពោះ លោក ចូកូ វីដូដូ ចំពោះ​ការ​ជជែក​គ្នា​យ៉ាង​មាន​ផ្លែផ្កា និង​ប្តេជ្ញា​រឹតចំណង​ផលប្រយោជន៍​នៃ​កិច្ចការ​សហការ​ទ្វេភាគី រុស្ស៊ី​ -ឥណ្ឌូណេស៊ី។​

គួរ​ជ្រាបថា តាំងពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​មក ឥណ្ឌូណេស៊ី​ បានព្យាយាម​​រក្សា​អព្យាក្រិត មិន​ថ្កោលទោសរុស្ស៊ី ហើយ​ក៏​មិន​កាន់​ជើង​អ៊ុយក្រែន។ តែ​ចំពោះ​សាច់​ការ​ជាក់ស្តែង ការណ៍​ដែលប្រធានាធិបតី​​ឥណ្ឌូណេស៊ី ចេញមុខ​ធ្វើ​ជាអន្តរការី​ក្នុង​សង្គ្រាម​នេះ ពីព្រោះថា ឥណ្ឌូណេស៊ី ខ្លួន​ បាន​នាំ​ចូល ​ស្បៀងអាហារ ជី ​និង​គ្រាប់​ធុញ្ញជាតិ​ពី​ប្រទេសទាំងពីរ​។ នៅពេល​រុស្ស៊ី​និង​អ៊ុយក្រែន​ឈ្លោះគ្នា គឺ​បណ្តាល​ឲ្យ​ទំនិញ​ទូទៅ​លើលោកឡើងថ្លៃ ឥណ្ឌូណេស៊ី​ ក៏​រងផល​ប៉ះពាល់​ខ្លាំង​ដែរ​។ ម្យ៉ាងទៀត ឥណ្ឌូណេស៊ី​ នឹង​ត្រូវ​ក្លាយ​ជា​ប្រធាន​ផ្លាស់​វេន​ ជំនួប​កំពូល​នៃប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ G20 នៅ​ខែ​វិច្ឆិកា​ខាង​មុខ  ហើយ​ ឥណ្ឌូណេស៊ី ចង់​អញ្ជើញ​ រុស្ស៊ី និង​អ៊ុយក្រែន​ ​​ ដើម្បី​ឲ្យ​ទៅ ប្រជុំ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​។ ក៏ប៉ុន្តែ អ៊ីតាលី និង​សហរដ្ឋអាមេរិក មិន​ចង់​ឃើញ​វត្តមាន​លោក ពូទីន នោះទេ ហើយ​ចង់​ឲ្យ​អ៊ុយក្រែន ចូល​រួម​ក្នុង​ឋានៈ​ជា​ភ្ញៀវ។

ទោះ​ជាម្តេច​ក្តី អ្នក​នាំពាក្យ​វិមាន​ក្រេមឡាំង លោក ឌីមីទ្រី ផេស្កូវ ប្រកាស​ថា ការពិចារណា​ចូល​រួម​ប្រជុំ​ G20 ពីសំណាក់​រុស្ស៊ី នៅ​ខែ​វិច្ឆិកានោះ​ គឺ វា​អាស្រ័យ​នឹង​ការគន់គូរ​ចំពោះ​ស្ថានការណ៍​ជាក់ស្តែង​សិន។ តែយ៉ាងណាក្តី​ វា​នៅមាន​ពេល​ច្រើន​ទៀត សម្រាប់​​គិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ