អានតួអត្ថបទ
សិង្ហបុរី-បណ្ដាញសង្គម

សិង្ហបុរី​ចង់មាន​ច្បាប់​ថ្មី​ដើម្បី​ប្រយុទ្ធប្រឆាំង​​នឹង​ខ្លឹមសារ​អាក្រក់​ចង្រៃ នៅ​តាម​បណ្ដាញ​សង្គម

រដ្ឋាភិបាល​ប្រទេសសិង្ហបុរី បានដាក់ស្នើនូវសេចក្តីព្រាងច្បាប់ថ្មីមួយ ទៅកាន់រដ្ឋសភា ដែលច្បាប់នេះ មាន​កម្មវត្ថុ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការផ្សព្វផ្សាយ​ទាំងឡាយណា នៅលើបណ្តាញសង្គម ដែលមានខ្លឹមសារ​​អាក្រក់ ចង្រៃដល់សង្គមជាតិ។ ក្រុមហ៊ុន​បណ្តាញសង្គម នឹងមាន​កាតព្វកិច្ច​ដកចេញ លុបចោល រឺរាំងខ្ទប់ ការបង្ហោះចែកចាយ ឬការអានខ្លឹមសារមិនល្អទាំងអស់​នោះ។

មនុស្សដើរឆ្លងថ្នល់នៅសង្កាត់ចិន ក្រុងសិង្ហបុរី។ ថ្ងៃទី ១២ កុម្ភៈ ២០២១
មនុស្សដើរឆ្លងថ្នល់នៅសង្កាត់ចិន ក្រុងសិង្ហបុរី។ ថ្ងៃទី ១២ កុម្ភៈ ២០២១ AP - Annabelle Liang
ផ្សាយពាណិជ្ជកម្ម

សេចក្តីព្រាងច្បាប់ថ្មីនេះ នឹង​ផ្តល់សិទ្ធិឲ្យ​អាជ្ញាធរគ្រប់គ្រង​បណ្តាញ​អ៊ីនធ័រនិត អាចចេញ​បញ្ជា​ទៅកាន់​​ក្រុមហ៊ុន​​បណ្តាញ​សង្គម ​ឲ្យ​បិទខ្ទប់ នូវការ​បង្ហោះផ្សាយ​ទាំងឡាយ​ណា ដែលមាន​ខ្លឹមសារអាក្រក់ ចង្រៃ ឬធ្វើឲ្យតក់ស្លុត តួយ៉ាងដូចជា សារពន្យុះអំពើហិង្សា សារផ្សព្វផ្សាយ​អំពើភេរវកម្ម ឬក៏ខ្លឹមសារ​អាសអាភាស ពាក់ព័ន្ធនឹងកុមារជាដើម​។

ខ្លឹមសារ​ទាំងឡាយ​ណា ដែលអាចបង្កផលមិនល្អ​ ដល់សុខភាព​សាធារណៈ ឬអាចបង្កឲ្យ​មានការមាក់ងាយ រើសអើងប្រកាន់ពូជសាសន៍ ប្រកាន់សាសនា​​​​នៅសិង្ហបុរី ក៏នឹងអាចជាប់បំរាម​ នៅក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះដែរ​។ នេះបើផ្អែកតាម​ លិខិតប្រកាស​របស់​​ក្រសួង​ទូរគមនាគមន៍ និងព័ត៌មានសិង្ហបុរី។ ក្រសួងនេះបាន​បញ្ជាក់ថា ថ្វីបើ​កន្លងមក ក្រុមហ៊ុន​បណ្ដាញសង្គមភាគច្រើន បាន​ព្យាយាមប្រយុទ្ធប្រឆាំងនឹងខ្លឹមសារអាក្រក់ ចង្រៃតាមបណ្ដាញសង្គម​ទាំងនោះក៏ដោយ តែវានៅតែមិនទាន់គ្រប់គ្រាន់។ ការបារម្ភនៅតែមាន ព្រោះថា ការប្រើប្រាស់បណ្តាញសង្គម​ មាន​លក្ខណៈកាន់តែទូលំទូលាយ ចូលជ្រាបទៅគ្រប់ស្រទាប់សង្គម ដោយ​រាប់ទាំងក្មេងអនីតិជនផង។​

ច្បាប់ថ្មីនឹងគ្រោង​ដាក់កាតព្វកិច្ច ឲ្យ​ក្រុមហ៊ុនបណ្តាញ​សង្គម ដែលរកស៊ីនៅសឹង្ហបុរី ត្រូវតែ​តែមានវិធានការ យន្តការមានប្រសិទ្ធិភាពរឹងមាំ​ ដើម្បីរារាំង កុំឲ្យ​អ្នក​ប្រើប្រាស់​មួយចំនួន ជាពិសេសកុមារ ក្មេងអនីតិជន អាច​ប្រទះអាន ឬឃើញខ្លឹមសារ​ចង្រៃមិនល្អ ដែលគេបង្ហោះតាមបណ្តាញរបស់ខ្លួន​។ ពុំនោះទេ ក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គម អាចនឹងរងនូវការពិន័យ។ តែយ៉ាងណា វិធានការហាមឃាត់នេះ មិនពាក់ព័ន្ធនឹង​សារឆ្លងឆ្លើយជាលក្ខណៈឯកជនទេ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បានទៅដល់ដៃសភាសិង្ហបុរីហើយ ហើយ​ការជជែកពិភាក្សា នឹងត្រូវរៀបចំនៅក្នុងខែ​វិច្ឆិកា។​ ប្រសិនបើច្បាប់នេះត្រូវបាន​អនុម័ត នោះវានឹងមកបន្ថែម​លើ​វិធានការគ្រប់គ្រងបណ្តាញសង្គម ដែល​សឹង្ហបុរី មានយ៉ាងតឹងរឹងរួចទៅហើយ។ អង្គការសង្គមស៊ីវីល អាចនឹង​លើកឡើងដើម្បីរិះគន់រដ្ឋាភិបាល​សិង្ហបុរី ទាក់ទិននឹងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ នៅតាម​បណ្តាញសង្គម។

គួររំលឹកថា កាលពីឆ្នាំទៅមិញ សិង្ហបុរីបានអនុម័តច្បាប់ដ៏ចម្រូងចម្រាសមួយ សំដៅ​រារាំង​ការលូកដៃរបស់បរទេស ចូល​មកក្នុងកិច្ចការនយោបាយផ្ទៃក្នុង។ ហើយ​កាលពី៣ឆ្នាំមុន ប្រទេសនេះ បាន​ធ្វើច្បាប់ប្រយុទ្ធប្រឆាំង​ការផ្សព្វផ្សាយព័ត៌មាន​ប្រឌិតក្លែងក្លាយ ដោយ​បាន​ប្រគល់សិទ្ធិឲ្យ​រដ្ឋមន្ត្រី​មួយចំនួន អាចមានសិទ្ធិ​ចេញបញ្ជា ឲ្យ​បណ្ដាញសង្គម ចេញសារ​ដាស់តឿន​រំឭក ដាក់ពីលើ​សារទាំងឡាយ​ណា ដែលអាជ្ញាធរចាត់ទុកថា ជាព័ត៌មាន​ប្រឌិត​ក្លែងក្លាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ