អានតួអត្ថបទ

តុលាការបារាំង លើកលែងការចោទប្រកាន់ចំពោះលោក សម រង្ស៊ី

តុលាការនៅក្រុងប៉ារីស បានសម្រេចលើកលែងការចោទប្រកាន់ចំពោះលោក សម រង្ស៊ី ក្នុងសំណុំរឿងបទបរិហារកេរ្តិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ​​​បើ​តាមប្រសាសន៍​របស់​សហ​​មេធាវី​​ចុងចោទ​,  ចំពោះ​ លោក សម រង្ស៊ី​ ផ្ទាល់ សាល​ក្រមតុលាការ​បារាំង​ ​ថ្ងៃទី​១០តុលា ​ គឺជា​ក្តីសង្ឃឹមមួយ សម្រាប់​​អ្នក​ការពារ​សិទ្ធិសេរីភាព នៅ​កម្ពុជា និង​នៅ​ទីដទៃ​ផ្សេងទៀត។

លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ AP - Michel Euler
ផ្សាយពាណិជ្ជកម្ម

សំណុំរឿងបទបរិហារកេរ្តិ៍ ទាំងពីរនោះ​ គឺធ្វើឡើង តាមរយៈ​ភស្តុតាង​ ក្នុង​ហ្វេសបុក នៅឆ្នាំ២០១៩ ដែលបទចោទប្រកាន់​ទី១  ជាប់​ទាក់​ទងនឹងមរណភាព​របស់លោកឧត្តមសេនីយ៍ ហុក ឡង់ឌី នៅក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រមួយ​ នៅឆ្នាំ២០០៨។ ក្នុងគណនី​ហ្វេសបុកផ្ទាល់ខ្លួន នា​ឆ្នាំ២០១៩នោះ​ អ្នក​នយោបាយ​ប្រឆាំង​ដ៏លេចធ្លោ លោក សម រង្ស៊ី  បាន​លើកឡើង​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពីក្រោយនៃ​អំពើ​ឃាតកម្មនេះ។ បទចោទមួយទៀត គឺត្រូវប្តឹងដោយលោក ឌី វិជ្ជា ជាកូនប្រុសរបស់លោក ហុង ឡង់ឌី និងជាកូនប្រសារបស់លោក ហ៊ុន សែន។

ទី​ភ្នាក់ងារព័ត៌មានបារាំង AFP ដែល​បាន​ទទួល​សេចក្តីប្រកាសព័ត៌មានរបស់មេធាវីចុង​ចោទ ​សរសេរ​បញ្ជាក់​ថា បណ្តឹងបរិហារកេរ្តិ៍​ទាំងពីរនេះ ត្រូវតុលាការជាន់ទាបបារាំង ចេញ​សាលក្រម​លើកលែងចោទប្រកាន់​​ហើយ។ ក្នុង​សេចក្តីប្រកាសព័ត៌មាននោះ សហមេធាវីទាំង​ពីរ​របស់​លោក សម រង្ស៊ី គឺ Mathias Chichportich និង Jessica Finelle បាន​សង្កត់ធ្ងន់​​ថា​ «ជាមួយ​នឹង​អារម្មណ៍​រំភើប​រីករាយ កូន​ក្តី​របស់​យើង​បា​នទទួល​ការ​លើកលែង​ពីការ​ចោទប្រកាន់​ទាំង​ពី​រករណី»។ មេធាវីបារាំង​ទាំងពីរនាក់​ បន្តទៀតថា «ជាង​២០ឆ្នាំ​មកហើយ ដែល​លោក សម រង្ស៊ី បន្ត​រិះគន់​ឧក្រិដ្ឋកម្ម​ដែល​បង្កឡើង​ដោយ​រដ្ឋអំណាចដឹកនាំ​​កម្ពុជាសព្វថ្ងៃ​។ ​លោក សម រង្ស៊ី ប្រឹង​​តស៊ូ​ដើម្បី​លិទ្ធិប្រជាធិតេយ្យ​។​ ទីបំផុត លោក សម រង្ស៊ី ត្រូវ​បង្ខំ​ឲ្យ​និរទេស​ខ្លួន ហើយ​បក្សនយោបាយ​របស់​លោក ក៏​ត្រូវលោក ហ៊ុន សែន ​កម្ទេចចោល​​ឲ្យ​ស្ងាត់បាត់​​សំឡេង​ទៅទៀត។» នេះបើតាមខ្លឹមសារ​សំណេរ​​ជាភាសា​បារាំង​របស់​សហមេធាវី​ចុង​ចោទ។

​គួរ​រំឭក​ជូន​ថា ក្នុង​ពេល​សវនាការ​ផ្ទាល់​ ថ្ងៃទី​១កញ្ញា លោក សម រង្ស៊ី អ្នកនយោបាយភៀសខ្លួន​ វ័យ៧៣ឆ្នាំ បាន​ទៅ​បំភ្លឺ​តុលាការ​បារាំង ក្នុង​ក្រុង​ប៉ារីស ​ថា «នៅស្រុក​ខ្មែរ រូប​លោ​ក​បាន​ជាប់​បណ្តឹង​ជា​ច្រើន​សន្ធឹក​ ពី​ព្រោះតែ​មូលហេតុ​នយោបាយ​ ហើយ​និង​ត្រូវ​បង្ខំ​ចិត្ត​ភៀសខ្លួន។ នៅ​កម្ពុជា គ្មាន​សេរីភាព​បញ្ចេញ​មតិទេ​។ អ្នក​ដែល​ហ៊ាន​និយាយរិះគន់​ ​ត្រូវ​សម្លាប់​ ឬ​ចាប់​ដាក់​ពន្ធនាគារ។ ដូច្នេះហើយ បណ្តាញ​សង្គម​ហ្វេសបុក​ គឺ​ជា​មធ្យោបាយ​តែមួយ​គត់ ដែល​អនុញ្ញាត​ឲ្យរូប​លោក​ បាន​​បញ្ចេញ​មតិយោបល់​បាន​ដោយសេរី»។ នេះបើតាម​ការលើកឡើង​របស់​លោកសម រង្ស៊ី ក្នុង​សវនាការ កាលពីខែមុន។

ជុំវិញសេចក្តីសម្រេចនេះ វិទ្យុបារាំង RFI បានទាក់ទងលោក សម រង្ស៊ី ជាចុងចោទ និងលោក គី តិច មេធាវីតំណាងដើមចោទ ដើម្បីសូមប្រតិកម្មឆ្លើយតប ក៏ប៉ុន្តែ នៅមិនទាន់ទទួលបានចម្លើយទេ​ នៅល្ងាច ថ្ងៃច័ន្ទ ទី១០ តុលា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ