អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ប្រធានាធិបតីឥណ្ឌូណេស៊ីប្រកាស​វាយកម្ទេច​ពហុកីឡាដ្ឋាន ដែលមាន​មនុស្ស​រត់ជាន់គ្នា ស្លាប់ ១៣៣នាក់

១៨ថ្ងៃ​ក្រោយព្រឹត្តិការណ៍រត់ជាន់គ្នា នៅ​ពហុកីឡាដ្ឋាន​ប្រកួតបាល់ទាត់ នៅទីក្រុង​ម៉ាឡង់ ភាគខាងកើត​កោះ ហ្សាវ៉ា ដែលបាន​សម្លាប់​មនុស្ស​សរុប ១៣៣នាក់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​ហ្សូកូ វីដូដូ បាន​សម្រេច​ឲ្យ​គេ​វាយកម្ទេច​ចោល ពហុកីឡាដ្ឋាន​មរណៈ។ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ដំណឹងនេះ នៅក្រោយជំនួប​ជាមួយ​ប្រធាន​សហព័ន្ធកីឡា​បាល់ទាត់​ពិភពលោក នៅទីក្រុង​ហ្សាកាតា កាលពីថ្ងៃអង្គារ​ទី ១៨ តុលា ២០២២។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចាប់ដៃ​ជាមួយ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក លោក Gianni Infantino នៅក្នុងជំនួប​នៅទីក្រុង​ហ្សាកាតា កាលពីថ្ងៃទី ១៨ តុលា ២០២២
ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចាប់ដៃ​ជាមួយ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក លោក Gianni Infantino នៅក្នុងជំនួប​នៅទីក្រុង​ហ្សាកាតា កាលពីថ្ងៃទី ១៨ តុលា ២០២២ AP - Achmad Ibrahim
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទកាសែត​ដែលធ្វើឡើង​នៅក្រោយ​ជំនួប​ជាមួយ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA កាលពីថ្ងៃ​អង្គារ ប្រធានាធិបតី ឥណ្ឌូណេស៊ីលោក​ហ្សូកូ វីដូដូបាន​ប្រកាស​ថា ពហុកីឡាដ្ឋាន​Kajuruhan នៅទីក្រុង​ម៉ាឡង់ ជាទី​ដែល​មានមនុស្សរត់ជាន់គ្នា​ស្លាប់ ចំនួន ១៣៣នាក់ កាលពីថ្ងៃទី ១​តុលា កន្លងទៅ នឹង​ត្រូវ​វាយកម្ទេចចោល ដោយ​ជំនួស​មកវិញ នូវ​ពហុកីឡាដ្ឋានថ្មី ដែល​សាងសង់ឡើង​ស្របតាម​ខ្នាត​របស់​សហព័ន្ធកីឡាបាល់ទាត់​ពិភពលោក FIFA ក្នុងការធានា​សន្តិសុខ​ឲ្យ​កីឡាករ និង​អ្នកគាំទ្រ។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​បញ្ជាក់​ដែរ​ថា លោក​យល់ស្រប​ជាមួយ សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក ដើម្បី​ផ្លាស់ប្តូរ​ឲ្យស៊ីជម្រៅ កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី ដើម្បី​ធានា យ៉ាងណា​ឲ្យ​គ្រប់ការប្រកួត​ឆ្លើយតប​ទៅ​នឹង​ស្តង់ដា​អន្តរជាតិ។

មានវត្តមាន​នៅក្បែរ ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​ចានី អ៊ីនហ្វាន់ទីណូ (Gianni Infantino) ប្រធាន​សហព័ន្ធកីឡា​បាល់ទាត់​ពិភពលោក​FIFA បាន​បន្ថែមថា FIFA​នឹង​ជួយ​វិនិយោគ លើ​កំណែទម្រង់ វិស័យ​បាល់ទាត់​ឥណ្ឌូណេស៊ី ដើម្បី​ធ្វើ​ឲ្យការរក្សាសន្តិសុខ​នៅក្នុង​វិស័យនេះ ល្អ​ប្រសើរ​ឡើង។

ដោយ​ធ្វើដំណើរ​ទៅ​ឥណ្ឌូណេស៊ី នៅ​ជាង ២សប្តាហ៍ក្រោយ នៃសោកនាដកម្ម​រត់ជាន់គ្នា នៅ​ពហុកីឡាដ្ឋាន នៅទីក្រុង​ម៉ាឡង់ ដែលបាន​សម្លាប់​មនុស្ស​១៣៣នាក់ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក មាន​វត្តមាន នៅ​ឥណ្ឌូណេស៊ី ដែលកំពុង​ត្រៀម​ រៀបចំ​ការប្រកួតបាល់ទាល់​ពិភពលោក សម្រាប់​កីឡាករ​អាយុ​ក្រោម ២០ឆ្នាំនៅ​ឆ្នាំ ក្រោយ។

តាមការលម្អិត​របស់លោក​ចានី អ៊ីនហ្វាន់ទីណូ FIFA នឹង​បញ្ជូនអ្នកជំនាញទៅ ឥណ្ឌូណេស៊ី ដើម្បី​ផ្តោត​ការងារសំខាន់​លើ​ដំណើរការរៀបចំ ទាក់ទង​នឹង​សុវត្ថិភាព នៅក្នុងពហុកីឡាដ្ឋាន អត្តចរិត របស់​អ្នកគាំទ្រកីឡា និង​ការបណ្តុះបណ្តាល​ស្តីពី​កីឡាបាល់ទាត់​នៅ​តាម​សាលារៀន។

សោកនាដកម្ម​នៅ​ពហុកីឡាដ្ឋាន​ម៉ាឡង​បានកើតឡើង នៅ​យប់ថ្ងៃសៅរ៍ ទី​១​តុលា នៅក្រោយ ក្រុម​អ្នកគាំទ្រ​កីឡាករ​អារ៉េម៉ា FC ប្រមាណ ៣ ០០០នាក់​ខឹង​សម្បារ និង​បាន​នាំគ្នា​រត់ចូល​លើ​ទីលាន​ប្រកួត។ នៅពេលនោះ កម្លាំង​ប៉ូលិស​បាន​ចូល​អន្តរាគមន៍​ ដោយ​បាញ់​គ្រាប់បែក​ផ្សែង​បង្ហូរ​ទឹកភ្នែក​យ៉ាងច្រើន ដើម្បី​បំបែក​ហ្វូង​មនុស្ស។ តាម​សាក្សី ការបាញ់​គ្រាប់បែក​ផ្សែង​បង្ហូរ​ទឹកភ្នែក​របស់​ប៉ូលិស សំដៅ​កន្លែងអង្គុយរបស់អ្នកទស្សនា បានធ្វើ​ឲ្យ​មនុស្ស​ភ័យស្លន់ស្លោ រត់រក​ច្រកចេញ​ពី​ពហុកីឡាដ្ឋាន​ តាម​ទ្វារ​ចង្អៀត ដែល​ក្នុង​នោះ មាន​ខ្លះ​ត្រូវ​បានអ្នកផ្សេង រត់ជាន់​រហូត​ថប់ដង្ហើម​ស្លាប់ ហើយ​ខ្លះ​ទៀត​ស្លាប់​ដោយ​ផ្សែង​បង្ហូរ​ទឹកភ្នែក​របស់​ប៉ូលិស។

នៅ​មួយ​ថ្ងៃ​ក្រោយ​ហេតុការណ៍​រត់ជាន់គ្នា នៅ​ក្នុង​ពហុកីឡាដ្ឋាន ​នៅទីក្រុង​ម៉ាឡង ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​បញ្ជា​ឲ្យ​គេ​ផ្អាក​រាល់​ការប្រកួត​បាល់ទាត់​នៅក្នុងប្រទេស នៅក្នុងពេល​រង់ចាំ​លទ្ធផល​នៃ​ការស៊ើបអង្កេត ព្រម​ទាំង​បញ្ជា​ឲ្យគេពិនិត្យ​ឡើងវិញ គ្រប់លក្ខខណ្ឌ​សន្តិសុខ​នៅគ្រប់​ពហុកីឡាដ្ឋាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ