អានតួអត្ថបទ
ឥណ្ឌូណេស៊ី -ជំងឺ​កុមារ

ឥណ្ឌូណេស៊ី ប្រកាសផ្អាក​លក់​ថ្នាំស៊ីរ៉ូ​ក្អ​ក​និង​ក្តៅខ្លួន​ ក្រោយ​មាន​ករណី​ក្មេង​ស្លាប់​ច្រើន

អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​ប្រកាស​នៅថ្ងៃពុធ​ទី ១៩​តុលា ២០២២ ផ្អាកជា​បណ្តោះ​អាសន្ន ការ​លក់ និង​ការ​ចេញ​វេជ្ជបញ្ជា​ ឱ្យ​ប្រើ​ថ្នាំ​ស៊ីរ៉ូក្អក​និងក្តៅ​ខ្លួន សម្រាប់​ព្យាបាល​ទារក​និង​កុមារ​ ក្នុង​រយៈ​ពេល​នៃ​ការ​ធ្វើ​អង្កេត។ សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី មាន​ករណី​កុមារ​ស្លាប់​ជាតិ​១០០នាក់ ដោយ​ជំងឺ​ខ្សោយ​តម្រង​នោម។

រូបថត​ក្រុមថ្នាំ​ក្អក​លក់​នៅ​ប្រទេស​ហ្កំប៊ី ថ្ងៃទី​៦​តុលា ២០២២
រូបថត​ក្រុមថ្នាំ​ក្អក​លក់​នៅ​ប្រទេស​ហ្កំប៊ី ថ្ងៃទី​៦​តុលា ២០២២ AFP - MILAN BERCKMANS
ផ្សាយពាណិជ្ជកម្ម

តាំងពី​ខែ​សីហា​២០២២​មក អាជ្ញាធរ​សុខាភិបាល​ឥណ្ឌូណេស៊ី បាន​សង្កេត​ឃើញ មាន​កំណើន​ករណី​ក្មេង​ស្លាប់​ដោយរោគ​ខ្សោយ​តម្រង យ៉ាង​ចម្លែក​ខុស​ប្រក្រតី។ ជា​សរុប​ មាន​ក្មេង​ចំនួន​២០៦​នាក់ ភាគ​ច្រើន​អាយុ​ក្រោម​៥​ឆ្នាំ នៅក្នុង​ខេត្ត​ចំនួន​២០ បានធ្លាក់​​ខ្លួន​ឈឺតម្រង​នោម​ធ្ងន់ធ្ងរ​​ក្នុង​នោះ​៩៩នាក់​បាន​ស្លាប់។ ដើម្បី​ជា​កិច្ចការពារ ក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី បានស្នើ​សុំ​ឱ្យ​គ្រូពេទ្យ​ផ្អាក​ការ​ចេញ​វេជ្ជបញ្ជា​ឱ្យ​ប្រើ​ថ្នាំ​ទឹក​ និង​ស្នើ​ឱ្យ​ឱសថស្ថាន​ឈប់​លក់​ពពួក​ថ្នាំក្អក-​ក្តៅ​ខ្លួន​ មួយ​រយៈ​សិន​ រហូត​ទាល់​តែការ​អង្កេត​ចប់​សព្វ​គ្រប់។​

នៅមុន​ឥណ្ឌូណេស៊ីប៉ុន្មាន​ថ្ងៃ ថ្នាំ​​ក្អក​និង​ក្តៅ​ខ្លួន ក្នុង​ទម្រង់​ជា​ទឹក​ស៊ីរ៉ូ ផលិត​នៅ​ប្រទេស​ឥណ្ឌា ក៏​កំពុង​ជាប់​ចោទ​ថា​បង្ក​ឱ្យ​កុមារ​ហ្គំប៊ី​ចំនួន ៦៩​នាក់ស្លាប់ ក្នុង​រយៈ​ពេល​បី​ខែ​ចុងក្រោយ​មក​នេះ ដោយ​ជំងឺ​ខ្សោយ​តម្រង​នោម​ដែរ។ នៅ​​ខែ​តុលា អង្គការ​សុខភាព​ពិភពលោក បាន​ទាញ​សញ្ញា​អាសន្នចេញ​​អនុសាសន៍​ឱ្យ​ ដក​ថ្នាំ​ក្អកផ្តា​សាយ​ផលិត​នៅ​ឥណ្ឌា​ចំនួន បួន​មុខ ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ Maiden Pharmaceuticals ពី​ទីផ្សារផង​ ព្រោះ​ពពួក​ថ្នាំ​នេះ អាច​មាន​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​កុមារ​នៅ​ហ្កំប៊ី។

នៅក្នុង​ការ​វិភាគ​បឋមរបស់​អង្គការ​សុខភាព​ពិភពលោក​ ថ្នាំ​ទាំង​បួន​មុខ​នោះដែល​មាន​ជាអាទិ៍​ថ្នាំ​ឈ្មោះ​ Promethazine, Kofexmalin bébé Makoff bébé និង ​sirop Magrip N Cold មាន​បង្កប់​សារធាតុ​គីមីពុល​ ពីរគឺ diéthylène glycol និង éthylène glycol ក្នុង​បរិមាណ​ច្រើន​ហួស​ហេតុ។ តាម​ច្បាប់​ គេ​មិន​ត្រូវ​ប្រើ​សារធាតុ​Ethylène ​ក្នុង​ថ្នាំ​ក្មេង​ជា​ដាច់​ខាត។

ថ្នាំ​ក្អក​និ​ងក្តៅ​​ខ្លួន ផលិត​ដោយ​ក្រុមហ៊ុន​​ឥណ្ឌានេះ​ អាច​មាន​លក់​ ដោយ​ខុស​ច្បាប់​នៅ​អាហ្វ្រិក និង​អាស៊ី។ ហើយ​សារធាតុ​ពុល​នេះ អាច​មាន​ប្រើ​ក្នុង​ផលិតផល​ផ្សេង​ទៀត។ ដូច្នេះ​ហានិភ័យ​អាច​មាន​នៅទូទាំងពិភពលោក​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សុខភាពពិភពលោក។ ការិយាល័យ​អង្គការ​សុខភាព​ពិភពលោក​នៅក្រុង​ហ្សាការតា មិន​ទាន់​ផ្តល់​ការ​បំភ្លឺ​អ្វី​ទាក់ទង​នឹង​ករណី​នៅ​ឥណ្ឌូណេស៊ី​ទេ ​ប៉ុន្តែ​អាជ្ញាធរ​ឥណ្ឌូណេស៊ី បានអះអាង​ថ្នាំ​ក្អក​ឥណ្ឌា​នាំចេញ​ទៅ​ប្រទេស​ហ្កំប៊ី គ្មាន​លក់​នៅ​ក្នុង​ប្រទេស​ខ្លួន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ