អានតួអត្ថបទ

ភូមា៖មានស្លាប់ប្រមាណជា ៥០នាក់នៅក្នុងការវាយប្រហារផ្លូវអាកាសលើក្រុមឧទ្ទាមក្នុងរដ្ឋកាឈីន

នៅ​ក្នុង​ប្រទេស​ភូមា វរសេនីយ៍ឯក​ណ័រ ប៊ូ​បាន​ថ្លែង​ក្នុង​ថ្ងៃ​ចន្ទ ទី២៤ តុលា​ថា ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ទៅ​លើ​ពិធីប្រគុំតន្រ្តី​មួយ​រៀបចំ​ដោយ​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគ​តិច​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ៥០នាក់ និង​របួស​ប្រមាណ​ជា ៧០នាក់​ផ្សេង​ទៀត។ តាម​វរសេនីយ៍ឯក​ភូមា​រូប​នេះ​ដដែល ពិធី​ប្រគុំតន្រ្តី​នោះ​រៀបចំ​ដោយ​កងទ័ព​ឯករាជ្យ​កាឈីន​ដែល​កំពុង​មាន​ជម្លោះ​ត តាំង​នឹង​រដ្ឋាភិបាល​ភូមា​តាំង​ពី​ច្រើន​ទសវត្សរ៍។

នៅភូមា មានស្លាប់ប្រមាណជា ៥០នាក់នៅក្នុងការវាយប្រហារផ្លូវអាកាសលើក្រុមឧទ្ទាមក្នុងរដ្ឋកាឈីន
នៅភូមា មានស្លាប់ប្រមាណជា ៥០នាក់នៅក្នុងការវាយប្រហារផ្លូវអាកាសលើក្រុមឧទ្ទាមក្នុងរដ្ឋកាឈីន AP
ផ្សាយពាណិជ្ជកម្ម

តាម​វរសេនីយ៍ឯក​ភូមា​ណ័រ ប៊ូ ទ័ពអាកាស​ភូមា​បាន​ប្រើ​យន្តហោះ​ចំនួន​ពីរ​គ្រឿង​ដើម្បី​វាយប្រហារ​លើ​ទីតាំង​ប្រគុំតន្រ្តី​រៀបចំ​ដោយ​កងទ័ព​ឯករាជ្យ​កាឈីន​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី២៣ តុលា។ ចំណែក​ចំនួន​អ្នក​ស្លាប់​ប្រមាណ ៥០នាក់ និង​អ្នក​របួស​ប្រមាណ ៧០នាក់​ត្រូវ​បាន​វរសេនីយ៍ឯក​ណ័រ ប៊ូ​លំអិត​ថា មាន​ជន​ស៊ីវិល និង​ទាហាន​របស់​កងទ័ព​ឯករាជ្យ​កាឈីន។ ចំណែក​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​បាន​លើក​ឡើង​ពី​ការ​ស្លាប់​ទាហាន​របស់​កងទ័ព​ឯករាជ្យ​កាឈីន​ដល់​ទៅ ៦០នាក់។ យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​អាច​ផ្ទៀងផ្ទាត់​លើ​ព័ត៌មាន​ស្តីពី​ចំនួន​អ្នក​ស្លាប់​បាន​ទេ ពិសេស​ជនស៊ីវិល។

ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​ភូមា​បាន​សម្តែង​ការព្រួយបារម្ភ និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​មួយ​នេះ ពិសេស​ទាក់ទង​នឹង​ការ​ស្លាប់​ជនស៊ីវិល​ស្លូតត្រង់។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​ភូមា​បាន​លើក​ឡើង​ពី​ចំនួន​អ្នក​ស្លាប់​ជា​ជនស៊ីវិល​ដល់​ទៅ​ជាង ១០០នាក់។ តែ​អ្នក​នាំ​ពាក្យ​របបសឹក​ភូមា​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​លើក​ឡើង​ដោយ​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​ភូមា​ពេល​នេះ​ទេ។ ចំណែក​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​រ៉ង់ហ្គូន​បាន​ប្រាប់​ពី​ការ​តាម​ដាន​ព័ត៌មាន​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត។

គួរ​បញ្ជាក់​ថា តាំង​ពី​ច្រើន​ទសវត្សរ៍​ដែល​កងទ័ព​ឯករាជ្យ​កាឈីន​ក្នុង​រដ្ឋ​កាឈីន​តែង​ប្រឈម​មុខ​ផ្លូវអាវុធ​ទល់​នឹង​កម្លាំងទ័ព​ភូមា។ ការ​ប្រយុទ្ធ​គ្នា​បាន​កើន​ឡើង​រឹត​តែ​ខ្លាំង​តាំង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ក្នុង​ថ្ងៃទី១ កុម្ភៈ ឆ្នាំ ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ