អានតួអត្ថបទ
អ៊ីរ៉ង់-បាល់ទាត់-សិទ្ធិសេរីភាព

World Cup៖ ក្រុម​​កីឡាករ​ជំរើសជាតិ​អ៊ីរ៉ង់ មិន​ច្រៀង​ចម្រៀងជាតិ ដើម្បី​បង្ហាញ​ការគាំទ្រ​​ដល់​​បាតុករ​​អ៊ីរ៉ង់

កម្មវិធីប្រកួតបាល់ទាត់ ពានរង្វាន់ពិភពលោក បានចាប់ផ្តើមហើយ​នៅប្រទេសកាតា។ នៅក្នុង​ការប្រកួត​បើកឆាក ក្រុម​កីឡាករជម្រើសជាតិអ៊ីរ៉ង់ ដែលត្រូវជួបប្រកួតជាមួយ​ក្រុមជម្រើសជាតិអង់គ្លេសនោះ បានសម្រេចនាំគ្នា​មិនច្រៀងចម្រៀងជាតិអ៊ីរ៉ង់ទេ។ ក្រុមបាល់ទាត់​​ជម្រើសជាតិអ៊ីរ៉ង់ បាន​ធ្វើពហិការមិនច្រៀង​ចម្រៀងជាតិនេះ គឺចង់​សំដែងការគាំទ្រ ដល់​ចលនាបាតុកម្ម​ទូទាំងប្រទេស ដែលប្រជាជនអ៊ីរ៉ង់បានធ្វើប្រមាណ​ជាង​២ខែមកនេះ ដើម្បីប្រឆាំងនឹងរបបដឹកនាំអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់។

ក្រុមបាល់ទាត់​ជម្រើសជាតិអ៊ីរ៉ង់ (ពណ៌ក្រហម) ក្នុងពេល​គោរពភ្លេងជាតិ មុនពេលប្រកួតជាមួយ​ក្រុមជម្រើសជាតិ​អង់គ្លេស​ នៅកាតា ថ្ងៃទី​២១ វិច្ឆិកា ២០២២
ក្រុមបាល់ទាត់​ជម្រើសជាតិអ៊ីរ៉ង់ (ពណ៌ក្រហម) ក្នុងពេល​គោរពភ្លេងជាតិ មុនពេលប្រកួតជាមួយ​ក្រុមជម្រើសជាតិ​អង់គ្លេស​ នៅកាតា ថ្ងៃទី​២១ វិច្ឆិកា ២០២២ AP - Martin Meissner
ផ្សាយពាណិជ្ជកម្ម

ក្នុងទឹកមុខរាបស្មើ យ៉ាងរឹងមាំ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ទាំង១១នាក់ បាន​បដិសេធមិនបង្ហើបមាត់ច្រៀងចម្រៀងជាតិអ៊ីរ៉ង់ទេ​ នៅពេលភ្លេងជាតិបានបន្លឺឡើងមុនពេលប្រកួត នៅថ្ងៃទី​២១វិច្ឆិកានេះ។ កាម៉េរ៉ាថតផ្សាយ​បន្តផ្ទាល់ បានចាប់​យករូបភាព​មួយភ្លែត ឲ្យឃើញស្ត្រី​អ្នកគាំទ្រម្នាក់ ទទូលក្រណាត់ស ស្រក់ទឹកភ្នែករលីង​រលោង អមជាមួយភ្លេងជាតិដែល​កំពុងបន្លឺ​​ក្នុងពហុកីឡាដ្ឋាន។ ដោយឡែក ក្នុងពេលនោះ គេឃើញ​សមាជិក​ម្នាក់​នៃគណៈប្រតិភូដឹកនាំក្រុមជម្រើសជាតិអ៊ីរ៉ង់ បង្ហើបមាត់ច្រៀងតែម្នាក់ឯង។ ផ្ទាំង​បដាក្រណាត់ សរសេរជាភាសាអង់គ្លេស “ស្ត្រី ជីវិត សេរីភាព” ដែលជា​ពាក្យ​ស្លោករបស់​បាតុករអ៊ីរ៉ង់ ត្រូវបានគេប្រទះភ្នែកមួយភ្លែតនៅកន្លែងដែលក្រុម​អ្នកគាំទ្រអ៊ីរ៉ង់អង្គុយ មុននឹងត្រូវ​គេដក​ចេញវិញ។​

សូមរំលឹកថា កីឡាករ Alireza Jahanbakhsh ដែលជាប្រធានក្រុមជម្រើស​ជាតិ​អ៊ីរ៉ង់ ធ្លាប់​បានប្រកាស​ថា ការច្រៀងឬមិនច្រៀងចម្រៀងជាតិ វាគឺជាការសម្រេច​រួមគ្នារបស់ក្រុមទាំងមូលតែម្តង​។ កីឡាកររូបនេះ​អះអាង​ថា ក្រុមជម្រើស​ជាតិ​អ៊ីរ៉ង់​ ចង់ធ្វើអ្វីម្យ៉ាង ជាកាយវិការដើម្បី​បង្ហាញការគាំទ្រ ដល់បាតុករអ៊ីរ៉ង់ ក៏ដូចជាដល់​ជនរងគ្រោះទាំងអស់ ដែលត្រូវបាន​សមត្ថកិច្ចអ៊ីរ៉ង់ បង្ក្រាប​យ៉ាងចាស់ដៃជាទីបំផុត​។

ក្រុមកីឡាករបាល់ទាត់ ជម្រើសជាតិអ៊ីរ៉ង់ នៅពហុកីឡាដ្ឋាន Khalifa International Stadium ក្រុងដូហា ប្រទេសកាតា ថ្ងៃទី២១ វិច្ឆិកា ២០២២
ក្រុមកីឡាករបាល់ទាត់ ជម្រើសជាតិអ៊ីរ៉ង់ នៅពហុកីឡាដ្ឋាន Khalifa International Stadium ក្រុងដូហា ប្រទេសកាតា ថ្ងៃទី២១ វិច្ឆិកា ២០២២ AP - Pavel Golovkin

គួរបញ្ជាក់ថា អស់រយៈពេល​ជាង​២ខែមកហើយ ដែល​ប្រជាជនអ៊ីរ៉ង់ ជាពិសេសយុវជន សិស្សនិស្សិត បាននាំគ្នាធ្វើបាតុកម្ម​ទូទាំងប្រទេស ប្រឆាំង​នឹងរបបដឹកនាំបែបអ៊ីស្លាមផ្តាច់ការ បំបិទសិទ្ធិសេរីភាព​។ ចលនាបាតុកម្ម ដែលបានផ្ទុះឡើង ក្រោយ​ការស្លាប់របស់ស្ត្រីឈ្មោះ Mahsa Amini អាយុ​២២ឆ្នាំ ដែល​ត្រូវបានសមត្ថកិច្ចអ៊ីរ៉ង់ចាប់ខ្លួន ដោយចោទថាស្លៀកពាក់ ទទូលក្រណាត់គ្រប់ក្បាលមិនជិតត្រឹមត្រូវ។​

បើទោះបីជារងការបង្រ្កាបយ៉ាងខ្លាំងក្លា ពីសំណាក់សមត្ថកិច្ច តែចលនាបាតុកម្មមិនចុះថមថយទេ រហូតមកទល់ពេលនេះ ខណៈបញ្ហាជីវ​ភាព វិបត្តិសេដ្ឋកិច្ចកាន់តែរួមរិត ធ្វើឲ្យ​យុវជនអ៊ីរ៉ង់ កាន់តែអស់សង្ឃឹម។​ ចលនាបាតុកម្ម​ដ៏ក្លាហានរបស់យុវជនអ៊ីរ៉ង់នេះ បានទទួលការគាំទ្រផងដែរ ពី​សំណាក់កីឡាករល្បីៗអ៊ីរ៉ង់ជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ដែល​បាននាំគ្នា​ផ្ញើសារ​គាំទ្រ តាមរូបភាពផ្សេងៗ។

កាលពីថ្ងៃទី២៧កញ្ញា ក្នុងការប្រកួតមិត្តភាពនៅអូទ្រីស ជាមួយ​ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ​សេណេហ្កាល់ ក្រុមជម្រើសជាតិ​អ៊ីរ៉ង់ ក៏បាន​បដិសេធមិនច្រៀងចម្រៀងជាតិអ៊ីរ៉ង់ដែរ និងបាន​ឱនមុខចុះ ដើម្បីបង្ហាញការកាន់ទុក្ខ ចំពោះជនរងគ្រោះអ៊ីរ៉ង់ស្លាប់ដោយ​ការបង្ក្រាបរបស់សមត្ថកិច្ច។​ ក្រោយ​មកទៀត នៅថ្ងៃ​ទី​​៦វិច្ឆិកា ក្នុងការប្រកួតបាល់ទាត់លើខ្សាច់នៅឌូបៃ ក្រុមជំរើសជាតិអ៊ីរ៉ង់ក៏បាន​បដិសេធមិនច្រៀងចម្រៀងជាតិដែរ ធ្វើ​ឲ្យ​ទូរទស្សន៍ជាតិអ៊ីរ៉ង់ ត្រូវកាត់ផ្តាច់ការផ្សាយ​បន្តផ្ទាល់ភ្លាមៗ​។ ហើយ​កាលពីថ្ងៃអាទិត្យទី​២០វិច្ឆិកា តុលាការ​អ៊ីរ៉ង់ បានកោះហៅ​គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ Club Persepolis ដ៏ល្បីល្បាញ​ បន្ទាប់ពីគ្រូបង្វឹករូបនេះបាន​លើកឡើងថា នៅពេលដែល​ក្រុមជម្រើសជាតិអ៊ីរ៉ង ចូលទៅជួបលោក​ប្រធានាធិបតីអ៊ីប្រាហ៊ីម រ៉ៃស៊ី ក្រុមនេះគួរណាតែប្រាប់ទៅ​ប្រធានាធិបតីដោយផ្ទាល់ ស្តីអំពី​​ទុក្ខវេទនារបស់ប្រជាពលរដ្ឋអ៊ីរ៉ង់ ដែលត្រូវរបបនេះកៀបសង្កត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ