អានតួអត្ថបទ
ឥណ្ឌូប៉ាស៊ីហ្វិក

កាណាដាបង្ហាញយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកដើម្បីប្រជែងជាមួយចិន

កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាល​កាណាដា​បាន​ប្រកាស​ដាក់ចេញ​ជាផ្លូវការ​​នូវ​យុទ្ធសាស្រ្តសម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ដោយ​នៅក្នុងនោះ កាណាដា​ត្រៀម​កញ្ចប់ថវិកា​ចំនួន ១ពាន់៧រយលាន​ដុល្លារអាមេរិក ដើម្បី​ពង្រឹង​សមត្ថភាព​យោធា និង​បង្កើន​ឥទ្ធិពល​ទាំង​ខាង​ផ្នែក​សេដ្ឋកិច្ច និង​ការទូត នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ គោលដៅ​ចម្បង​បំផុត​នៃ​យុទ្ធសាស្រ្ត​នេះ គឺ​ដើម្បី​ប្រជែង​ឥទ្ធិពល​ជាមួយ​នឹង​ចិន។

លោក ហ្សូស្តាំង ទ្រុយដូ នាយករដ្ឋមន្រ្តី​កាណាដា និង​លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន កាល​ពី​ក្នុង​អំឡុង​ជំនួបកំពូល G20 នៅ​ឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៦ វិច្ឆិកា ២០២២
លោក ហ្សូស្តាំង ទ្រុយដូ នាយករដ្ឋមន្រ្តី​កាណាដា និង​លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន កាល​ពី​ក្នុង​អំឡុង​ជំនួបកំពូល G20 នៅ​ឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៦ វិច្ឆិកា ២០២២ via REUTERS - ADAM SCOTTI/PMO
ផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​ ដែល​កាណាដា​ប្រកាស​ឲ្យដឹង កាល​ពីថ្ងៃ​អាទិត្យ​នេះ ត្រូវ​បាន​លម្អិត នៅ​ក្នុង​ឯកសារ​កម្រាស់ ២៦ទំព័រ ដោយ​នៅ​ក្នុងនោះ ថ្វីដ្បិត​តែ​មាន​លើកឡើង​ជា​លក្ខណៈទូទៅ អំពី​ទំនាក់ទំនង​ជាមួយ​ប្រទេស​ប្រមាណ​ជា ៤០ ពាក់ព័ន្ធនឹង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ក៏ប៉ុន្តែ ប្រទេស​ជាអាទិភាព​ចម្បង​បំផុត​នៃ​យុទ្ធសាស្រ្ត​នេះ គឺ​ប្រទេស​ចិន ដែល​ត្រូវ​បាន​លើកឡើង​រហូតដល់​ទៅ​ជាង ៥០ដង​ឯណោះ។

ក្រៅពីឯកសារ​ ២៦ទំព័រ​នេះ សមាជិក​រដ្ឋាភិបាល​របស់​លោក​ ហ្សូស្តាំង ទ្រុយដូ ក៏​បាន​បញ្ជាក់​បន្ថែម​ផងដែរ អំពី​ការយក​ប្រទេស​ចិន​ជា​អាទិភាព​នៃ​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កាណាដា​បាន​ប្រាប់​សារព័ត៌មាន​ថា ចិន​គឺ​ជា​មហាអំណាច​មួយ ដែល​កំពុងតែ​កកូរកកាយ​ពិភពលោក​កាន់តែ​ខ្លាំង ដូច្នេះ កាណាដា​នឹង​ប្រឈម​តទល់​ជាមួយ​នឹង​ចិន នៅ​នៅក្នុង​គ្រប់​សំណុំរឿងណា​ដែល​ប្រទេស​ទាំងពីរ​មានជំហរផ្ទុយគ្នា។

ក្នុងគោលដៅ​ប្រជែង​ឥទ្ធិពល​ជាមួយ​​ចិន​នេះ កាណាដា​គ្រោង​បង្កើន​វត្តមាន​យោធា តាមរយៈ​ការបង្កើន​ចំនួន​នាវាចម្បាំង ដែល​ត្រូវ​បញ្ជូន​ទៅកាន់​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជា ការ​បញ្ជូន​កងទ័ព​ឲ្យ​ទៅ​ចូលរួម​ក្នុង​សមយុទ្ធយោធា​នៅ​ក្នុង​តំបន់ រួមជាមួយ​នឹង​ប្រទេស​សម្ព័ន្ធមិត្តផ្សេងទៀត។

នៅ​ក្នុង​ស្រុកវិញ កាណាដា​ក៏​គ្រោង​ផងដែរ​រឹតបន្តឹង​ការ​ត្រួតពិនិត្យ​លើ​វិនិយោគ​របស់​ចិន ជាពិសេស វិនិយោគ​របស​់ក្រុមហ៊ុនរដ្ឋចិន ទៅលើ​វិស័យ​យុទ្ធសាស្ត្រ ដែល​អាច​បង្ក​ផលប៉ះពាល់​ទៅដល់​សន្តិសុខជាតិ​របស់​កាណាដា ដោយ​នៅ​ក្នុង​នោះ​ក៏​មាន​ដែរ ការ​វិនិយោគ​ទៅលើ​ធនធានរ៉ែ​យុទ្ធសាស្រ្ត​របស់​កាណាដា។

ក៏ប៉ុន្តែ នៅ​ក្នុង​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​នេះ បើទោះជា​កាណាដា​ដាក់អាទិភាព​លើ​ការ​ប្រជែង​ជាមួយ​នឹង​ចិន ប្រឈម​តទល់​ជាមួយនឹង​ចិន​នៅ​ក្នុង​វិស័យ​ដែល​ខ្វែងគំនិតគ្នា ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នា កាណាដា​ក៏​បង្ហាញ​ផងដែរ អំពី​ចេតនា​ចង់​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​ចិន នៅ​ក្នុង​វិស័យណា​ដែល​ជា​ផលប្រយោជន៍​រួម​សម្រាប់​ពិភពលោក រួមមាន​ជាអាទិ៍ ការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ សំណុំរឿង​ទាក់ទង​នឹង​បញ្ហា​សុខភាព​ពិភពលោក ក៏ដូចជា ​ការប្រយុទ្ធប្រឆាំង​នឹង​ការរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ