អានតួអត្ថបទ
ជនជាតិដើម-ប្រព័ន្ធជីវៈចម្រុះ

COP15៖ ជនជាតិ​ដើម​​ភាគតិច ចង់​ឃើញ​តួនាទីខ្លួន​ក្នុងការ​អភិរក្ស​ប្រព័ន្ធជីវៈចម្រុះ ត្រូវគេ​ទទួល​ស្គាល់​និង​លើក​ទឹកចិត្ត

សន្និសីទអន្តរជាតិស្តីពីប្រព័ន្ធជីវចម្រុះ កំពុងតែដំណើរការទៅ​យ៉ាងសកម្ម នៅទីក្រុងម៉ុងត៍រ៉េអាល់ ប្រទេស​កាណាដា។ តំណាង​ប្រទេសជាង​១៩០ កំពុងតែចរចាគ្នា ដើម្បី​​ស្វែងរក​ការ​ស្រុះស្រួល​យោបល់ លើ​កម្មវត្ថុ​ជាង​២០ចំណុច​។​ ជាកម្មវត្ថុដែលសំដៅទប់ស្កាត់​ការ​សិករិចរិល ការហិនហោចនៃប្រព័ន្ធជីវៈ​ចម្រុះ​ដ៏ចាំបាច់សម្រាប់ជីវិត ពីនេះ​ដល់​ឆ្នាំ​២០៣០។ ទន្ទឹមគ្នានេះ ក្រុមសហគមន៍ជនជាតិដើមភាគតិច បានចូលរួមយ៉ាងខ្លាំង ក្នុង​ការ​ផ្តល់ជា​បទពិសោធន៍​ បង្ហាញផ្លូវ​ត្រូវដើរ ដើម្បី​ឈានទៅ​អភិរក្ស​ប្រព័ន្ធជីវៈចម្រុះ។ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច មកពីប្រទេសជាច្រើន ត្រូវបានគេអញ្ជើញឲ្យចូលរួម នៅ​ក្នុងវេទិកាជជែកពិភាក្សា ដោះដូរយោបល់ក្នុងក្របខណ្ឌសន្និសីទអន្តរជាតិ ​COP15​។

តំណាងសហគមន៍​ Onondaga Nation លោកTadodaho Sid Hill ឡើងថ្លែងសុន្ទរកថា ក្នុងឱកាសបើក​សន្និសីទអន្តរជាតិស្តីពី​ប្រព័ន្ធជីវៈចម្រុះ COP15 ទីក្រុងម៉ុងត៍រ៉េអាល់ ខេត្តកេបិក ប្រទេសកាណាដា ថ្ងៃទី ៦ ធ្នូ ២០២២
តំណាងសហគមន៍​ Onondaga Nation លោកTadodaho Sid Hill ឡើងថ្លែងសុន្ទរកថា ក្នុងឱកាសបើក​សន្និសីទអន្តរជាតិស្តីពី​ប្រព័ន្ធជីវៈចម្រុះ COP15 ទីក្រុងម៉ុងត៍រ៉េអាល់ ខេត្តកេបិក ប្រទេសកាណាដា ថ្ងៃទី ៦ ធ្នូ ២០២២ REUTERS - CHRISTINNE MUSCHI
ផ្សាយពាណិជ្ជកម្ម

លោកស្រី Joli Cariño តំណាងជនជាតិដើម ibaloï នៅហ្វីលីពីន និងជា​តំណាងវេទិកា​អន្តរជាតិ​នៃ​ក្រុមជនជាតិដើម សម្រាប់សន្និសីទ​COP15 បានលើកឡើងថា កន្លងមកការ​អភិរក្សសត្វព្រៃនិងរុក្ខជាតិ គឺគេ​យកគម្រូតាម​ប្រទេសលោកខាងលិច តាមរយៈការបង្កើតតំបន់អភិរក្សការពារដ៏តឹងតែង​ ហើយ​ដោយ​បណ្តេញ​មនុស្ស​​​ឲ្យចាកចេញពីតំបន់ទាំងនេះ។ ករណីបែបនេះ មានច្រើនណាស់ ជាពិសេសនៅអាហ្វ្រិក។ គេបង្កើតតំបន់អភិរក្សធម្មជាតិ ហើយបាន​​ដេញ​ប្រជាជនជាតិដើមភាគតិច ដែលធ្លាប់តែរស់នៅរាប់ដំណ ឲ្យ​ចាកចេញ​ ហើយ​ដុតផ្ទះសម្បែងរបស់ពួក​គេចោលជាដើម។ ទង្វើបែបនេះ វាគឺជាកំហុសភ័ន្តច្រឡំមួយដ៏ធ្ងន់ ហើយដែលត្រូវតែកែតម្រូវ។

លោក ហឿន សុភាព តំណាងសហគមន៍ព្រៃឡង់នៅកម្ពុជា ដែល​មានវត្តមាននៅក្នុងសន្និសីទ​អន្តរជាតិ​ COP15 ដែរ​នោះ លោក​បាន​លើកឡើងថា សហគមន៍ជនជាតិដើម រស់នៅពឹងផ្អែកលើផល​បានមកពីព្រៃឈើ តែដោយ​គោរព​និងរក្សាព្រៃឈើ ព្រោះវាជាទីកន្លែងសក្ការៈតាមអបិយជំនឿ។ សហគមន៍ជនជាតិដើម គួរណាតែត្រូវបាន​គេលើកទឹកចិត្ត គេអរគុណដែលបានជួយអភិរក្សព្រៃឈើ។ តែផ្ទុយទៅវិញ គេបានបង្កើតតំបន់អភិរក្សធម្មជាតិ ដាក់​កងសន្តិសុខយាមល្បាតជុំវិញ ហើយ​បណ្តេញប្រជាជនចេញ​។ ជាងនេះទៀត គេបានបើក​ដៃ​ ស៊ីសំណូកពុករលួយ កាប់​បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃ យ៉ាងអាណាធិបតេយ្យទៅវិញ​។

សូមរំលឹកថា អ្នកជំនាញ​ប្រព័ន្ធជីវៈចម្រុះនៃអង្គការសហប្រជាជាតិ បានទទួលស្គាល់​នៅក្នុងរបាយការណ៍​ប្រចាំឆ្នាំ​២០២២ ដោយ​បាន​លើកឡើងថា​ សហគមន៍ជនជាតិដើមភាគតិច គឺមានប្រពៃណី ទំនៀម​ទំលាប់រស់នៅបែបដូនតា ដោយ​គោរពធម្មជាតិ និង​ជួយជំរុញ​ឲ្យ​ពូជសត្វនិងរុក្ខជាតិទាំងអស់ អាចរស់ធំធាត់ក្នុង​បរិស្ថាន​ដែលមានតុល្យភាព។

យ៉ាងណាមិញ លោក Joseph Itongwa អ្នកសម្របសម្រួលបណ្តាញ​គ្រប់គ្រងព្រៃធម្មជាតិនៅតំបន់អាហ្វ្រិក​កណ្តាល​ បានថ្លែងថា​លោក​ចង់ឃើញ រដ្ឋាភិបាលប្រទេសទាំងអស់​ ​ទទួលស្គាល់ ហើយរៀបចំឲ្យ​មានគោលនយោបាយ​រដ្ឋ​ជាក់ស្តែង ដើម្បី​ជួយ​សហគមន៍ជនជាតិដើម នៅក្នុងការអភិរក្សប្រព័ន្ធជីវៈចម្រុះ​។

01:29

សម្រង់ប្រសាសន៍លោក Joseph Itongwa អ្នកសម្របសម្រួល​បណ្តាញគ្រប់គ្រងព្រៃ​ធម្មជាតិ​នៅតំបន់​អាហ្វ្រិកកណ្តាល

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ