អានតួអត្ថបទ

នេប៉ាល់​៖ អតីត​មេទាហាន​ម៉ៅនិយម ត្រូវតែងតាំង​ជា​នាយករដ្ឋមន្ត្រី

នៅប្រទេស​ នេប៉ាល់ ថ្ងៃអាទិត្យ ទី២៥ធ្នូ​  អតីតមេទាហានម៉ៅនិយម រហស្សនាម​ «ប្រាចិន្តា» (Prachanda) ត្រូវ​ រដ្ឋសភា តែងតាំងឲ្យ​ធ្វើ​​ជា ​នាយករដ្ឋមន្ត្រី​​ថ្មី។ អាយុ​ ៦៨ ឆ្នាំ លោក ផុស្សផា កាម៉ាល ដាហាល (Pushpa Kamal Dahal ) បាន​ផ្លាស់ប្តូរ​ចលនា​បដិវត្តន៍ មកជា​បក្សនយោបាយ​ ហើយ​ ធ្លាប់​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ រយៈ​ពេល​ខ្លីៗ ចំនួន​ពីរ​ដង​រួចមកហើយ គឺ​នៅ​ចន្លោះ​ឆ្នាំ​២០០៦-២០០៧ និង​ ឆ្នាំ​២០១៦-២០១៧។ ការបោះឆ្នោតថ្ងៃទី២០វិច្ឆិកា គណបក្សរបស់នាយករដ្ឋមន្ត្រីផុតអាណត្តិ លោក Sher Bahadur Deuba បានបាត់បង់សំឡេងភាគច្រើន មិនអាចនឹងដឹកនាំរដ្ឋាភិបាលចម្រុះបាន។  

អតីតមេទាហានម៉ៅនិយម រហស្សនាម​ «ប្រាចិន្តា»  ត្រូវ​ រដ្ឋសភា តែងតាំងឲ្យ​ធ្វើ​​ជា ​នាយករដ្ឋមន្ត្រី​​ថ្មី។
អតីតមេទាហានម៉ៅនិយម រហស្សនាម​ «ប្រាចិន្តា» ត្រូវ​ រដ្ឋសភា តែងតាំងឲ្យ​ធ្វើ​​ជា ​នាយករដ្ឋមន្ត្រី​​ថ្មី។ REUTERS/Navesh Chitrakar
ផ្សាយពាណិជ្ជកម្ម

នៅក្រុង​កដ្ឋមណ្ឌូ (Katmandou) នាយករដ្ឋមន្ត្រីថ្មីនេប៉ាល់ ជា​អតីត​ជន​កុម្មុយនិស្តម៉ៅ​និយម​ និង​ធ្លាប់​ជ្រកខ្លួន​ ១០ឆ្នាំ នៅ​ក្នុង​ព្រៃ ដើម្បី​ធ្វើ​​​​សង្គ្រាមស៊ីវិល ចន្លោះ​ឆ្នាំ​១៩៩៦ ដល់​២០០៦។ សង្គ្រាមស៊ីវិលរវាង​ប្រជាជាតិ​ខ្លួន​ឯង​​នេះ បាន​សម្លាប់​អាយុជីវិត​ពលរដ្ឋ​នេប៉ាល់ ១៧ ០០០នាក់។ រាជានិយមនេប៉ាល់ ដែល​មាន​អាយុ​ជិត​២៤០ឆ្នាំ​ ត្រូវ​រំលាយ​ នៅឆ្នាំ​២០០៨។ រយៈពេល​ ជាង​១៤ឆ្នាំចុងក្រោយ​នេះ រដ្ឋាភិបាល​នេប៉ាល់ ប្រទះ​ការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ ១០ លើកហើយ។

ហេតុដូច្នេះហើយ ទើប​អ្នក​វិភាគ​ស្ថានការណ៍នៅក្នុង​តំបន់ បាន​ប្រមើលមើលឃើញថា នេប៉ាល់នៅក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រីថ្មី ក៏​ទំនង​ជា​ មិន​អាច​រក្សាស្ថិរភាព​នយោបាយ​បាន​យូរឡើយ។ ស្ថិរភាព​មិនយូរ ពី​ព្រោះតែ បក្ស​កុម្មុយនិស្តម៉ៅនិយម​​របស់​លោក «ប្រាចិន្តា»  នៅមាន​សំឡេង​មិន​ច្រើន​ខ្លាំង ដែលត្រូវ​​បន្ត​នៅជ្រកកោន ក្រោម​រដ្ឋាភិបាល​ចម្រុះ​​ ហើយចំណែក​​ ផ្ទៃ​ក្នុង​ប្រទេសទៀតសោត​ ពោរពេញ​ដោយ​ចលនា​នយោបាយ​ផ្សេងៗគ្នា​​ ប្រទាញប្រទង់​គ្នា​ខ្លាំង​ រាប់តាំងពី បក្សសម្ព័ន្ធ​រួបរួម​ម៉ាក្ស-លេនីន​ និង​បក្ស​តូចៗ​ជាច្រើន ដែល​សុទ្ធតែ​មាន​សំឡេង​នៅក្នុង​សភា​ ព្រមទាំង​បណ្តាអ្នក​​តំណាងរាស្ត្រ​ឯករាជ​ ក៏​មាន​ច្រើន​ដែរ​។​

ក្រៅពីនោះ ទិដ្ឋភាព​សេដ្ឋកិច្ច​ក៏​នៅផុយស្រួយ។​ ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ នេប៉ាល់ ពឹង​ផ្អែក​នឹង​ធនធាន​ក្នុង​ស្រុកជាមូលដ្ឋាន​សម្រាប់​នាំចេញ​ និង​ពឹង​ផ្អែក​មួយ​ផ្នែក​សំខាន់ទៀត ទៅលើវិស័យ​ទេសចរណ៍។ ប៉ុន្តែ​ វិស័យ​ទេសចរណ៍ ត្រូវ​ជួប​វិបត្តិ​ធ្ងន់​ព្រោះតែ​ជំងឺ​រាតត្បាល​កូវីដ​១៩។ នៅពេល​នេះ អតិផរណា​ទំនិញ ច្រើន​ជាង ៨%។ ទំនិញ​ឡើងថ្លៃ​លុយ​ធ្លាក់​ថោក​ គឺ​ធ្វើ​ឲ្យ នេប៉ាល់ រងគ្រោះ​ខ្លាំង ជាប់ៗគ្នា​ ក្នុង​រយៈ​ ៦ ឆ្នាំចុងក្រោយ​​។​ នេប៉ាល់ ជា​រដ្ឋតូច ឋិត​នៅ​ចន្លោះ មហាយក្ស​ចិន និង មហាយក្ស​ឥណ្ឌា និងដែល​ត្រូវ​មហាអំណាចគាប​ទាំង​សង្ខាង​ ចំពោះ​ការ​នាំ​ចេញ​ទំនិញ​វត្ថុធាតុ​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ