អានតួអត្ថបទ
កម្ពុជា-ខ្មែរក្រហម

លោក Nate Thayer អ្នកកាសែតអាមេរិក ដែលបាន​សម្ភាសន៍​ប៉ុលពត ស្លាប់ក្នុងអាយុ៦២ឆ្នាំ

​អ្នកកាសែត​ជនជាតិអាមេរិកដ៏ល្បី ឈ្មោះNate Thayer បានស្លាប់​កាលពីថ្ងៃទី៤មករា ដោយជំងឺប្រចាំកាយ​ក្នុងអាយុ៦២ឆ្នាំ។ លោកគឺជាអ្នកកាសែត​បរទេស​ដំបូងគេបង្អស់ ដែលបាន​ជួបសម្ភាសន៍​កាលពីឆ្នាំ​១៩៩៧ ជាមួយ​មេដឹកនាំខ្មែរក្រហម សាឡុត ស ឬ ប៉ុល ពត បន្ទាប់ពី​​របបខ្មែរក្រហមបានដួលរលំ។ នៅក្នុងបទសម្ភាសន៍នោះ ដែល​ប៉ុល ពត បានឆ្លើយថា ខ្លួនមិនសោកស្តាយ​អ្វីទាំងអស់ ចំពោះ​វិនាសកម្ម​ប្រល័យពូជសាសន៍ ​ដែលរបបខ្មែរក្រហមបានធ្វើមកលើ​ប្រជាជនកម្ពុជា​។

លោក Nate Thayer នៅក្នុងសន្និសីទកាសែតរបស់ Foreign Correspondents' Club in Bangkok នៅទីក្រុងបាងកក ថ្ងៃទី ១៦ កក្កដា ១៩៩៧។ បទសម្ភាសន៍របស់​លោក ជាមួយនឹងប៉ុល ពត ត្រូវបាន​ចុះផ្សាយ​​ដោយទស្សនាវត្តី Far Eastern Economic Review
លោក Nate Thayer នៅក្នុងសន្និសីទកាសែតរបស់ Foreign Correspondents' Club in Bangkok នៅទីក្រុងបាងកក ថ្ងៃទី ១៦ កក្កដា ១៩៩៧។ បទសម្ភាសន៍របស់​លោក ជាមួយនឹងប៉ុល ពត ត្រូវបាន​ចុះផ្សាយ​​ដោយទស្សនាវត្តី Far Eastern Economic Review AFP - LANCE WOODRUFF
ផ្សាយពាណិជ្ជកម្ម

មានរូបរាងខ្ពស់ស្រឡះ ក្បាល​កោរសក់រលោងស្រិល លោក Nate Thayer គឺជាអ្នកកាសែតជំនាញ​រាយ​ការណ៍​ផ្នែកសង្គ្រាម និង​ទ័ពព្រៃ នៅតំបន់អាស៊ី ដ៏ល្បី​ល្បាញបំផុត ក្នុងអំឡុងទសវត្សឆ្នាំ​១៩៩០។ លោក Nate Thayer គឺជាអ្នកកាសែតបរទេសដំបូងបំផុត ដែលបានសម្ភាសន៍ដោយ​ផ្ទាល់ជាមួយ​ ប៉ុល ពត នៅឆ្នាំ១៩៩៧ បន្ទាប់ពី​ប៉ុល ពត ត្រូវបាន​ក្រុម​ខ្មែរក្រហមកាត់ទោស និង​ដាក់បង្ឃាំង​ឲ្យ​នៅក្នុងផ្ទះ​។ បទសម្ភាសន៍ ដែលត្រូវបាន​ផ្សព្វផ្សាយ ពាសពេញ​ពិភពលោក មួយឆ្នាំមុន​​ពេល​ដែល សាឡុត ស ឬ ប៉ុល ពត​​ បានស្លាប់​នៅឆ្នាំ​១៩៩៨។

លោក​ Nate Thayer មានដើមកំណើតនៅ​ក្រុងបូស្តុនសហរដ្ឋអាមេរិក​។ ឪពុកលោក​គឺអតីតអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ​ប្រចាំនៅសិង្ហបុរី។ តាំងតែពីតូច លោក Nate Thayer មាននិស្ស័យចូលចិត្ត​កាំភ្លើង ចូលចិត្តការប្រយុទ្ធ និងកងទ័ព​។ លោក​​មានអត្តចរិក​ចង់ដឹងចង់ឮ ចចែសមានះ តស៊ូអត់ធ្មត់​សម្រេចកម្មវត្ថុ​ខ្លួន ដោយ​មិនរាថយ​នឹងឧបសគ្គ។ គឺដោយសារតែ​អត្តចរិកអំនត់ ដ៏ស្វិតស្វាញនេះហើយ ដែលបាន​ញ៉ាំងឲ្យ​លោក​ អាចសម្រេច ជួប​សម្ភាសន៍​ជាមួយ​ប៉ុល ពត បន្ទាប់ពីលោក​បានព្យាយាម​ស្វែងរកដាន ស៊ើបសួរដំណឹងគ្រប់ច្រកល្ហក អស់រយៈពេល​ជិត​​២០ឆ្នាំ។

ឆ្នាំ​១៩៨៤ លោក​បានចាប់ផ្តើម​សរសេរអត្ថបទកាសែត ពីទីក្រុង​បាងកក ក្នុងនាមជាអ្នកកាសែតឯករាជ្យ​ ឲ្យ​បណ្តាញ​ព័ត៌មានបារាំង AFP ហើយ​​នៅឆ្នាំ១៩៩១ លោកសរសេរអត្ថបទឲ្យទីភ្នាក់ងារព័ត៌មាន Associated Press និង​ឲ្យទស្សនាវត្តី​ហុងកុង Far Eastern Economic Review។ ​ឆ្នាំ​១៩៨៨ ​​លោក​បានឈានជើងចូលទឹកដីកម្ពុជាជាលើកទី​១ ក្នុងអំឡុងពេល​ដែល​សង្គ្រាម​ស៊ីវីលកំពុងតែក្តៅគគុក នៅតាម​តំបន់ជាយព្រំដែនកម្ពុជា-ថៃ។ ជាការងារផ្សងគ្រោះថ្នាក់ ប្រថុយជីវិតបំផុត ដោយលោកបានឆ្លងកាត់ជម្ងឺគ្រុនចាញ់ធ្ងន់ធ្ងរ ត្រូវគេដឹក​ទៅសង្គ្រោះបន្ទាន់​នៅសហរដ្ឋអាមេរិក​ជាច្រើនលើកច្រើនសារ។ ឆ្នាំ១៩៩០ ក្នុងពេលធ្វើដំណើរតាមរថយន្តក្នុងព្រៃភាគពាយ័ព្យ​កម្ពុជា រថយន្តបាន​បើកកិន​ ផ្ទុះមីនស្លាប់​មនុស្សជាច្រើននាក់។ តែសំណាង​ល្អ លោក​បានរងរបួសធ្ងន់ រងអំបែងគ្រាប់ជាង​៣០ដុំ និងបាក់ឆ្អឹងទ្រូងចំនួន​៤។

តែទោះជាឧបសគ្គ​ ផ្សងគ្រោះថ្នាក់យ៉ាងណា លោក​នៅតែបន្ត​ត្រលប់​ចូលមកកម្ពុជា​ ដើម្បី​ប្រមូល​ព៏ត៌មាន ​​ដោយសង្ឃឹមថា ថ្ងៃណាមួយ​លោកនឹងបានចូលទៅ​កៀក​បំផុត នឹង​មេដឹកនាំខ្មែរក្រហមដែលលាក់ខ្លួន​ក្នុងព្រៃ​។ លោក​ Nate Thayer បានឆ្លងព្រំដែន​មកកម្ពុជា​មិនតិចជាង​៣៧ដងទេ ដើម្បីស្រង់យកព័ត៌មានដោយ​ផ្ទាល់ ពីកងកម្លាំងទ័ពព្រៃខ្មែរក្រហម ដែលប្រយុទ្ធតទល់ជាមួយកងទ័ពវៀតណាម។ ទីបំផុត ការតស៊ូព្យាយាម បានសម្រេច ដោយ​លោក Nate Thayer បានជួបសម្ភាសន៍​សាឡុត ស ឬប៉ុល ពត នៅឆ្នាំ​១៩៩៧ នៅតំបន់អន្លង់វែង​។ ជាបទសម្ភាសន៍ដំបូងបំផុត ដែលគេឃើញរូប​មេដឹកនាំរបបប្រល័យពូជសាសន៍ខ្មែរក្រហម មានវ័យ​ចាស់ជរា បាត់បង់អស់អំណាចឥទ្ធិពល ត្រូវបក្សពួកខ្លួន​បែរខ្នងដាក់ និង​បាន​បង្ឃាំងឲ្យ​រស់ រង​នៅចាំសេចក្តីស្លាប់។

នៅក្នុងបទសម្ភាសន៍​មួយ ឲ្យ​បណ្តាញព័ត៌មាន Associated Press លោក Nate Thayer បានលើកឡើងថា ឆ្លងកាត់កាត់ការតាមដានអស់រយៈពេលជាច្រើនឆ្នាំ គឺវា​បានបណ្តាលឲ្យកើតជាទឹកចិត្តទាក់ទាញ ចង់ដឹងលាយឡំដោយ​កំហឹង និងចម្ងល់រាប់មិនអស់ ថាហេតុអ្វីបាន​ជា​ប៉ុល ពត បាន​បង្កវិនាសកម្មប្រល័យជាតិសាសន៍ឯង។​ សូមបញ្ជាក់ថា ក្រៅ​ពី​សំណុំរឿងខ្មែរក្រហម លោកNate Thayer ក៏ធ្លាប់បាន​សរសេរអត្ថបទកាសែតជាច្រើន​​ ទាក់ទិននឹងកូរ៉េខាងជើង ព្រមទាំង​ក្រុមឧទ្ទាមទ័ពព្រៃនៅភូមាផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ