អានតួអត្ថបទ
របបសឹក-បោះឆ្នោត

របបសឹកភូមាបើកការចរចាជាមួយក្រុមឧទ្ទាម​ដើម្បីត្រៀមរៀបចំការបោះឆ្នោត

ជិត២ឆ្នាំ​​ក្រោយធ្វើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​របបសឹកភូមា ​សន្យា​រៀបចំ​ការបោះឆ្នោត​ ដោយសេរី និង​យុត្តិធម៌។ តាំង​ពីថ្ងៃ​ព្រហស្បតិ៍ របបសឹកភូមា​បាន​បើកការពិភាក្សា​ជាមួយ​ក្រុមឧទ្ទាមជនជាតិភាគតិច ដើម្បី​ត្រៀមរៀបចំ​ការបោះឆ្នោត​សភា ​នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ពួកឧទ្ទាម​។ ក្រៅពីប្រកាស​រៀបចំ​ការបោះឆ្នោត របបសឹក​បាន​ដោះលែង​ផងដែរ​អ្នកទោស ជាង ៧០០០នាក់ កាលពីថ្ងៃ​សុក្រ ដែលនៅក្នុង​នោះ ៣០០​នាក់​ជាអ្នកទោស​នយោបាយ។

មេដឹកនាំរបបសឹក លោក​មីន អ៊ុងឡាំង​នៅក្នុងពេលត្រួតពល​ក្នុងពិធីបុណ្យខួប​ឯករាជ្យជាតិលើកទី​៧៥ កាលពីថ្ងៃ​ពុធទី ៤ មករា ២០២៣។​
មេដឹកនាំរបបសឹក លោក​មីន អ៊ុងឡាំង​នៅក្នុងពេលត្រួតពល​ក្នុងពិធីបុណ្យខួប​ឯករាជ្យជាតិលើកទី​៧៥ កាលពីថ្ងៃ​ពុធទី ៤ មករា ២០២៣។​ AP - Aung Shine Oo
ផ្សាយពាណិជ្ជកម្ម

នៅជិត២ឆ្នាំ​នៃការចូលកាន់អំណាច​ តាមរយៈការធ្វើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ស៊ីវិល​របបសឹក​បាន​ប្រកាស​អនុវត្តតាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៨ ដែលចែងពីការរៀបចំបោះឆ្នោត នៅក្រោយ​វិធានការដាក់ប្រទេស​ក្នុងស្ថានភាពអាសន្នត្រូវ​ចប់ អស់សុពលភាព។ នៅក្នុង​ឱកាស​ប្រារព្ធបុណ្យឯករាជ្យជាតិ កាលពីថ្ងៃ​ពុធ មេដឹកនាំ​របបសឹក លោក​មីន អ៊ុងឡាំងបានប្រកាសរៀបចំ​ការបោះឆ្នោតសភា ប៉ុន្តែ មិនបាន​លម្អិត​កាលបរិច្ឆេទ។

យ៉ាងណាក៏ដោយគេជឿថា របបសឹក​អាច​រៀបចំ​ការបោះឆ្នោតនៅ​ឆ្នាំនេះ ព្រោះថា ការដាក់ប្រទេស​ក្នុងស្ថានភាពអាសន្ន ដែល​របបសឹកចាប់អនុវត្តតាំង​ពី​ជិត ២ឆ្នាំនៃរដ្ឋប្រហារ ត្រូវ​អស់សុពលភាព នៅចុងខែ​មករា។

នៅ​ថ្ងៃ​សុក្រ របបសឹក​បានបើកការចរចា​ជាមួយ​មេដឹកនាំ​ចលនាឧទ្ទាម​ចំនួន៣ ដើម្បី​និយាយ​ពីការរៀបចំបោះឆ្នោត​នៅក្នុង​តំបន់គ្រប់គ្រង​របស់ពួកគេ។ តាម​អ្នកនាំពាក្យ​របស់​ចលនា​ចម្រើននិយមរដ្ឋស្ហានដែលដកស្រង់សំដី​ដោយ​ទីភ្នាក់ងារព័ត៌មានបារាំង AFP ក្រុមឧទ្ទាម​មិនបាន​ប្រឆាំង​នឹង​ការស្នើរបស់កងទ័ពភូមាដែល​​រៀបចំ​ការបោះឆ្នោត​នៅក្នុងតំបន់កាន់កាប់របស់ក្រុមឧទ្ទាម។

ភូមា មាន​ក្រុមឧទ្ទាម​ប្រមាណ​២០ ដែលប្រយុទ្ធគ្នាឯងផង និង​ប្រយុទ្ធច្បាំង​ជាមួយកងទ័ពជាតិភូមា​ផងដើម្បី​ទាមទារកាន់កាប់​តំបន់ដែលមានការជួញដូរគ្រឿងញៀន និងតំបន់​ដែលសំបូរវត្ថុធាតុដើម ដូចជា​រ៉ែ ត្បូងមាស​ជាដើម។

ក្នុងក្របខ័ណ្ឌ​នៃ​ការចរចា​ដើម្បីរៀបចំ​ការបោះឆ្នោត របបសឹក​ភូមា​បាន​ចរចា​ជាមួយ​ក្រុមឧទ្ទាមយ៉ាងតិច ៨ ដែលនៅក្នុងនោះ មានផងដែរ​ គណបក្សរួបរួមរដ្ឋ​វ៉ា នៅជាប់ព្រំដែនចិន ដែលជា​​ក្រុមឧទ្ទាមទ័ពព្រៃ​ធំជាងគេនៅក្នុងពិភពលោក ជាមួយកម្លាំងទ័ពជាង ២៥០០០នាក់។

​ក្រុមឧទ្ទាមដែល​មេដឹកនាំ​ភូមា​បើកការចរចា​ជាមួយ ជាក្រុមដែល​ប្រកាស​ដាក់​ខ្លួននៅក្រៅជម្លោះនយោបាយភូមា។ ចំណែក​ក្រុមឧទ្ទាម​ផ្សេងទៀត ដូចជាក្រុម​ឧទ្ទាមការ៉ែនជាដើម ដែលបាន​ចេញមុខប្រឆាំងភ្លាម​នឹង​ការធ្វើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាលស៊ីវិល​របស់​លោកស្រី​អ៊ុងសាន ស៊ូជី មិន​ស្ថិតក្នុងបញ្ជី​ដៃគូចរចារបស់របបសឹក។ គួរបញ្ជាក់ថា បន្ថែមពីលើការបណ្តុះបណ្តាល និងផ្តល់សព្វាវុធដល់​​កងកម្លាំងការពារ​ប្រជាជន​ដែលជាកងទ័ព​របស់រដ្ឋាភិបាល​ស្រមោល ក្រុមឧទ្ទាម​ការ៉ែនកំពុង​ជួយ​ក្រុមប្រឆាំងដើម្បីប្រយុទ្ធវាយប្រហារ​កងទ័ពកងទ័ព​ភូមា។

អសន្តិសុខ ដោយសារ​ការប្រយុទ្ធគ្នា​មិនឈប់​រវាង​កងទ័ព​និង​ចលនាប្រឆាំង​រដ្ឋប្រហារ​ពិបាក​នឹង​អាច​ធ្វើឲ្យភូមា​អាច​រៀបចំការបោះឆ្នោត​សេរី និងយុត្តិធម៌ តាមការប្រកាស​របស់​មេដឹកនាំ​របបសឹក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ