អានតួអត្ថបទ
អាកាសធាតុ

ពលរដ្ឋឥណ្ឌូនេស៊ី ប្តឹង​ក្រុមហ៊ុន​ស្វីស ឲ្យ​សងជំងឺ​ចិត្ត ​​ព្រោះតែ​​​បំផ្លាញបរិស្ថាន​​អាកាសធាតុ

ពលរដ្ឋ​ឥណ្ឌូនេស៊ី បាន​ប្តឹង​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​ស្វីស​មួយ ដែល​បាន​ធ្វើ​សកម្មភាព​អាជីវកម្ម​ នៅ​ ​ឥណ្ឌូនេស៊ី​ និង​បាន​បង្កការខូច​ខាត​ដល់​បរិស្ថាន​អាកាសធាតុ និង​នាំឲ្យ​មាន​ទឹក​ជំនន់​។ នៅថ្ងៃទី​១កុម្ភៈ តុលាការ​​ស្វីស បាន​បើក​សវនាការ​កាត់​ក្តី​​សំណុំ​រឿងប​​រិស្ថាន​អាកាសធាតុ​បែបនេះ ជា​លើកទី១។  ​ក្នុងសវនាការ​ ដើមបណ្តឹង គឺ​តំណាង​ដោយ​អង្គការ​សង្គមស៊ីវិល​​ស្វីស​។

ពលរដ្ឋឥណ្ឌូនេស៊ី ៤នាក់ ​ ​អះអាង​ក្នុង​ពាក្យ​ប្តឹង​ថា​ កោះ​របស់ខ្លួន​បាន​បាត់បង់​ដី និង​បាក់​ច្រាំង​ប្រហែល​១១% ក្នុងរយៈ​១១ឆ្នាំចុងក្រោយ​។
ពលរដ្ឋឥណ្ឌូនេស៊ី ៤នាក់ ​ ​អះអាង​ក្នុង​ពាក្យ​ប្តឹង​ថា​ កោះ​របស់ខ្លួន​បាន​បាត់បង់​ដី និង​បាក់​ច្រាំង​ប្រហែល​១១% ក្នុងរយៈ​១១ឆ្នាំចុងក្រោយ​។ Handout picture courtesy: Kate W
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋឥណ្ឌូនេស៊ី ៤នាក់ ​ស្រីម្នាក់ ប្រុស​បី​នាក់ រស់​នៅ​លើកោះ​ Pulau Pari ប៉ែក​នីរតី​នៃ​រដ្ឋធានី​ហ្សាការតា​ ​បាន​អះអាង​ក្នុង​ពាក្យ​ប្តឹង​ថា​ កោះ​របស់ខ្លួន​បាន​បាត់បង់​ដី និង​បាក់​ច្រាំង​ប្រហែល​១១% ក្នុងរយៈ​១១ឆ្នាំចុងក្រោយ​។ ពួក​គេ​ប្តឹង​ក្រុម​ហ៊ុន​ស៊ីម៉ង់ត៍ស្វីស ឈ្មោះថា Holcim ដើម្បីទាមទារ​សំណង​ជំងឺ​ចិត្ត និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ស្វីស​នេះ ចូលរួម​ដាំ​ដើមឈើ​ ហើយ​និងទាមទារឲ្យ​ក្រុម​ចេញថ្លៃ​​ឧបត្ថម្ភ​វិធានការចាំបាច់​​ផ្សេងៗ​ដើម្បីដោះស្រាយ​បញ្ហាបញ្ជៀស​ទឹក​ជំនន់ ព្រមទាំង​​​ទាមទារ​ឲ្យក្រុមហ៊ុន​គិតគូរ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូនិកផង។​ ក្នុង​សំណង​រដ្ឋប្បវេណី​ ប្រជាជន​ឥណ្ឌូនេស៊ី ទាំង​៤នាក់ ប្តឹង​ទាមទារ​សំណងទឹកប្រាក់ ក្នុង​ម្នាក់ៗ ៣ ៦០០ ហ្វ្រង់ស្វីស។ នេះបើតាមមេធាវីតំណាង​ដើមបណ្តឹង អ្នក​ស្រី Cordelia Bähr ​ ដែល​ថ្លែង​ទៅកាន់​ក្រុម​អ្នក​កាសែត​។ ប្រភព​ស្មាក្តី​ដដែល បញ្ជាក់ថា ​ក្នុង​អង្គ​សវនាការ នៅ​តុលាការ​ខេត្ត Zoug អ្នក​តំណាង​ក្រុមហ៊ុន​ស៊ីម៉ង់​ស្វី​ស ជា​ចុង​ចម្លើយ​ ពុំ​បាន​បកស្រាយ​ឆ្លើយតប​អ្វីទេ​ចំពោះ​ការ​ទាមទារ​របស់​ប្រជាជន​ឥណ្ឌូនេស៊ី​។​

ចំណែក ទីភ្នាក់​ព័ត៌មាន​បារាំង​AFP បាន​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ក្រុម​ហ៊ុន​ស៊ីម៉ង់ត៍​ស្វីស ហើយ​ទីបំផុតទៅ អ្នកនាំពាក្យ​​តំណាង​ឲ្យ​ក្រុមហ៊ុន Holcim ​ឆ្លើយ​តបថា សកម្មភាព​ផ្នែក​បរិស្ថានអាកាសធាតុ​​ គឺ​ជា​ស្នូល​បេះដូង​ នៃ​យុទ្ធសាស្ត្រ​អាទិភាព​​របស់​ក្រុមហ៊ុន​។​ ទន្ទឹម​នេះ អ្នក​តំណាងឲ្យក្រុមហ៊ុនស្វីស បញ្ជាក់ពីគំនិត​ថា ពាក្យប្តឹងចំពោះ​​ក្រុមហ៊ុន​ឯកជន​តែមួយ​បែបនេះ គឺ​មិន​អាច​ចូលរួម​ដោះស្រាយ​វិបត្តិ​អាកាសធាតុ​សកលលោកទាំងមូល ​បាន​នោះឡើយ។ ឆ្លៀត​ថ្លែងពី​ផែន​ការ​សកម្មភាព​របស់ខ្លួន ក្រុមហ៊ុនស៊ីម៉ង់ត៍ស្វីស ​ Holcim ក៏បាន​​អះអាង​​​ប្តេជ្ញាចិត្ត​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូនិក ឲ្យ​បាន ​២៥% ដោយ​ធៀប​នឹងការ​ផលិត​ស៊ីម៉ង់​​ត៍​របស់ខ្លួន​ ឆ្នាំ​២០១៨។​

អ្នក​ជំនាញ​ផ្នែក​ច្បាប់ស្វីស​ ​ដែល​ជួយ​ផ្តល់ប្រឹក្សា​ដល់​ពលរដ្ឋ​ឥណ្ឌូនេស៊ី​ដើមបណ្តឹង បាន​ឲ្យដឹង​ដែរថា ករណី​ប្តឹង​ពាក់ព័ន្ធ​នឹង​សំណង​ផ្នែក​បរិស្ថាន​របៀប​នេះ គឺជាសំណុំ​រឿង​លើកទី១ហើយនៅ​ប្រទេស​ស្វីស​។​ ​សេចក្តី​សម្រេច​សាលក្រម​របស់​តុលាការ​ស្វីស នឹង​បង្កើតបាន​​ជា​យុត្តិសាស្ត្រ​សាលក្រម​គំរូ​មួយ នៅពេល​ខាងមុខ​។ ​បណ្តឹង​នេះ ទំនង​ជា​ត្រូវស៊ីពេល​យូរ ​ប្រើ​នីតិវិធី​វែង​ ពី​ ៣ ទៅ​ ៤ ឆ្នាំ ប្រសិន​បើ​សំណុំ​រឿង​ត្រូវ​​អូសបន្លាយ​ឡើង​ដល់​តុលាការ​កំពូល​​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ